បុរសស្លៀករ៉ូបតែងជាប្អូនស្រីរយៈពេលជាង ២០ឆ្នាំ ដើម្បីព្យាបាល​របួសផ្លូវចិត្តឲ្យម្ដាយ

វីដេអូ​មិន​គួរ​ឲ្យ​នឹក​ស្មាន​មួយ​ស្ដី​ពី​បុរស​ជនជាតិ​ចិន​ អាយុ​ប្រមាណ​ ៥០​ឆ្នាំ​ម្នាក់​ បាន​ស្លៀក​ពាក់​ឈុត​ស្ត្រី​ជាង ២០​ឆ្នាំ គឺ​ដើម្បី​ជួយ​ម្ដាយ​ដែល​មាន​បញ្ហា​ផ្លូវចិត្ត​ដោយ​សារ​បាត់​បង់​ជីវិត​កូន​ស្រី ត្រូវ​បាន​គេ​ចែក​ចាយ​ព្រោង​ព្រាតនៅ​លើ​បណ្ដាញ​សង្គម​ចិន។

វីដេអូ​នេះ​បាន​បង្ហាញ​ពី​បុរស​​ម្នាក់​រស់​នៅទីក្រុង Guilin តំបន់​ក្វាងស៊ី ​ប្រទេស​ចិន ​មើល​ថែ​ម្ដាយ​​ជរា ខណៈ​ពេល​ស្លៀក​ពាក់​ឈុត​ប្រពៃណីចិនCheongsam។ លោក​បាន​ប្រាប់​ថា ​ខ្លួន​ចាប់​ផ្ដើម​ស្លៀក​ពាក់​ជា​មនុស្ស​ស្រី ​តាំង​ពី​ម្ដាយ​ខ្លួន​កើត​បញ្ហា​ផ្លូវ​ចិត្ត ក្រោយ​​កូន​ស្រី​​ស្លាប់​បាត់​បង់​ជីវិត។

​បន្ទាប់​ពី​ជួប​ទុក្ខ​ធំ​បាត់​បង់​​ប្អូន​ស្រី ​បុរស​មិន​បញ្ជាក់​អត្តសញ្ញាណ​រូប​នេះ​ បាន​បញ្ចុះ​បញ្ចូល​ម្ដាយ​ថា ​កូន​ស្រី​​នឹង​ត្រឡប់​មក​​វិញ។ ចម្លើយ​កុហកមួយ​នេះ​​បាន​ធ្វើ​ឲ្យ​ម្ដាយ​របស់​គាត់​សប្បាយ​រីករាយ ដូច្នេះ​គាត់​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ក៏​នឹក​ឃើញ​ស្លៀកពាក់​រ៉ូប​ជាប្អូន​ស្រី​តែ​ម្ដង។ “ខ្ញុំ​បាន​ចាប់​ផ្ដើម​រស់​នៅ​ស្លៀក​​ពាក់​ជា​មនុស្សស្ត្រី ​ហើយ​ខ្ញុំ​មិន​មាន​សំលៀក​បំពាក់​បុរស​ទេ​តាំង​ពី​ពេល​នោះ​មក​”។ លោក​បន្ថែម។

ក្នុង​វីដេអូ គេ​ឮ​សំឡេង​ម្ដាយ​ហៅ​កូន​ប្រុសថា “នាង​​ជា​កូន​ស្រី​របស់​ខ្ញុំ។ នៅ​ពេល​កូន​ស្រី​​ផ្សេង​ទៀត​ស្លាប់ នាង​បាន​ក្លាយ​ជា​កូន​ស្រី​ខ្ញុំ”។ បុរស​ដដែល​បន្ត​ថា គាត់​មិន​ខ្វល់​នឹង​មនុស្ស​ជុំវិញ​គិត​បែប​ណា​ទេ ព្រោះ​គាត់​ធ្វើគឺ​ដើម្បី​ឲ្យ​ម្ដាយ​សប្បាយ​ចិត្ត ហើយ​គាត់​ក៏​មិន​ខ្លាច​អ្នក​ជុំវិញ​សើច​ចំអក​ដែរ។

វីដេអូ​មួយ​នេះ​បាន​ទាក់​ទាញ​អ្នក​ចូល​មើល​ជាង ៤​លាន​ដង​ ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ដោយ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ជា​ច្រើន​កោត​សរសើរ​ពី​ទឹក​ចិត្ត​កូន​ប្រុស​ចំពោះ​ម្ដាយ៕

 

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!