ជីកបានក្រឡ​សម័យអង្គរបាន៣ បោកខ្ទេចអស់១ ក្រែងមានកំណប់​​បែរ​ប្រទះឃើញបែបនេះវិញ

លោ​ក ប៉ុក វណ្ណា ប្រធានសេវាកម្មប្រតិបត្តិការ​នៃអាកាសយាន​ដ្ឋានអន្តរជាតិសៀមរាប ជាពល​រដ្ឋនៅ​សង្កាត់ទឹកវិល ក្រុងសៀមរាប​ បាន​ស្ម័គ្រចិត្ត​ប្រគល់​ក្រឡ​បុរាណ​សម័យអង្គរ ចំនួន ២ជូន​អាជ្ញា​ធរជាតិ​អប្សរាថែរក្សា និងអភិរក្ស ដើម្បីទុក​ជាសម្បត្តិមរតក​វប្បធម៌ជាតិ បន្ទាប់ពីរក្សាទុកនៅផ្ទះអស់រយៈកាល១៥ឆ្នាំ។

លោក វណ្ណា បានឱ្យដឹងថា «ក្រឡទាំង​ពីរនេះ​ឪពុកក្មេកខ្ញុំទេ​ជាអ្នករក​ឃើញកាលពី ១៥ឆ្នាំ​មុននៅភូមិអូរថ្កូវ ឃុំកំពង់​ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប​ក្នុង​រណ្តៅ​ដែល​គាត់ជីកដីលក់។ បន្ទាប់​មកគាត់​ក៏ប្រគល់វាមក​ឱ្យខ្ញុំជាអ្នករក្សា​ទុកវិញ​ពេល​ដែលខ្ញុំរៀបការ​ហើយ​មក​ធ្វើផ្ទះរស់នៅ​ក្រុង​សៀមរាប។ ម្តាយក្មេក​ខ្ញុំក៏បាន​ប្រាប់ដែរ ពេលឃើញ​ដំបូងគឺមាន​ក្រឡចំនួន ៣តម្រៀបគ្នា សុទ្ធតែ​មានគម្រប​ទាំងអស់ តែបាន​បែក​អស់មួយ រួមនឹងគម្របផង​ដោយសារ​កម្មករបំបោក​សាកមើល​ក្រែងមាន​កំណប់នៅក្នុងនោះ លុះចុង​ក្រោយ​មាន​តែដីទាំងអស់ ហើយ​ក្រឡដែល​នៅសល់​ឪពុកក្មេក​ខ្ញុំក៏រក្សា​ទុករហូត»។

លោក វណ្ណា បានបញ្ជាក់​ទៀតថា លោក​មិនដែល​មានបំណង​លក់ដូរវត្ថុបុរាណ​ទាំង២នេះទេ ម្យ៉ាង​ក្រោយ​ពីយកក្រឡ​នេះទុកក្នុងផ្ទះក៏មិន​មានរឿងអ្វីអាក្រក់​កើតឡើងដែរ បើទោះ​តាម​ជំនឿ​បុរាណ​គេតែង​និយាយ​ថា​អាចនឹង​មានរឿងមិនល្អ​កើតឡើងនៅ​ក្នុង​គ្រួសារនោះ នៅពេល​មាន​វត្ថុបុរាណ​រក្សាទុកក្នុងផ្ទះ​ក៏ដោយ។

ចំពោះមូលហេតុ​ដែលស្ម័គ្រចិត្ត​ប្រគល់ក្រឡទាំង​២នេះជូនអាជ្ញា​ធរជាតិ​អប្សរារក្សាទុក ក៏ព្រោះ​លោក​យល់​ថា វានឹង​មានសុវត្ថិភាព​ជាងទុកនៅផ្ទះ ដែលអាច​នឹង​បែកបាក់​នៅពេល​ណា​មួយ​ដោយ​សារកូន​ចៅរត់ប៉ះជាដើម។ ក្នុងនោះ​លោក​ក៏បានឃើញ​ព័ត៌មាន​ផ្សព្វផ្សាយ​អំពីពលរដ្ឋយក​វត្ថុបុរាណ​ផ្សេងៗដែល​ជីក​បានទៅប្រគល់​ឱ្យអាជ្ញាធរជាតិ​អប្សរារក្សាទុកផង ក៏ចង់​ចូលរួម​ចំណែក​ថែរក្សាមរកត​ដូនតាឱ្យមានតម្លៃ​ជាសាកល ជាជាង​រក្សាទុក​នៅផ្ទះដែល​ល្អតែ​ម្នាក់ឯង ហើយ​គ្មាន​ជំនាញថែរក្សា​វាទៀត បើបែកបាក់ មាន​តែបោះចោល​ឥតការ។

ទាក់ទិននឹង​ក្រឡទាំង២នេះ អ្នកជំនាញ​កុលាល​ភាជន៍របស់​អាជ្ញាធរជាតិ​អប្សរា លោក​បណ្ឌិត អ៊ា ដារិទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និងតម្កល់​ឯកសារអង្គរ​អះអាងថា វាពិត​ជាក្រឡ​ដែល​បានផលិត​ឡើងនៅ​ក្នុងសម័យអង្គរ​កំឡុងស.វទី ៩ដល់ទី ១៣នៃគ.ស។ បើទោះ​បីវា​បាត់បង់​លក្ខណៈ​សម្គាល់ខ្លះ​ដោយ​សារវាកប់​ក្នុងដីយូរ ហើយ​ត្រូវបាន​ជាតិ​អំបិលផ្ទាត់​ស្រទាប់​រលោង​ខាងលើ​ក្រឡ​ជិតអស់ ប៉ុន្តែយើង​អាច​មើល​ដឹងខ្លះៗ​តាម​រយៈស្លាក​ស្នាម​ដែល​នៅសេស​សល់ គឺស្ថិតក្នុង​សម័យ​អង្គរដូចគ្នា តែខុស​កាល​បរិច្ឆេទគ្នាបន្តិច។

ក្រឡមួយ គឺមាន​ស្រទាប់​រលោងពណ៌​បៃតង​ផលិតនៅ​ចន្លោះស.វទី ៩ ដល់ទី១០ មាន​ទីតាំងផលិត​នៅភ្នំគូលែន អាចនៅឡ​ឫស្សីឬឡ​អន្លង់ធំ។ ឯមួយទៀត​មានស្រទាប់​រលោង​ពណ៌ត្នោត លម្អទៅ​ដោយត្រចៀក៤ជុំវិញ​ផលិត​ឡើង​នៅស.វទី១១ដល់ទី១៣នៃគ.ស។

លោកបណ្ឌិត អ៊ា ដារិទ្ធ ក៏បានថ្លែង​អំណរគុណ និងកោត​សរសើរ​ចំពោះ​បងប្រុស ប៉ុក វណ្ណា ដែល​បានរួមចំណែក​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌ជាតិ​កុំឱ្យបាត់បង់​ទៅថ្ងៃ​ក្រោយ នេះជាមោទន​ភាព​ណាស់​សម្រាប់​ការលះបង់​របស់បង​ប្រុស ដែល​មានឧត្តម​គតិស្រឡាញ់​មរតក​វប្បធម៌ជាតិ​ខ្ពស់ដូច្នេះ ពិតជាគួរ​ឱ្យកោត​សរសើរ និងគោរព​ឱ្យតម្លៃ។

គួរបញ្ជាក់ថា ពិធីប្រគល់​ក្រឡ​បុរាណនេះ ធ្វើនៅថ្ងៃទី២៥ សីហា ឆ្នាំ២០១៧។ បន្ទាប់​មក អ្នកជំនាញ​នឹងយក​ក្រឡ​ទាំងនេះ​ទៅរក្សាទុក​នៅ​អាជ្ញាធរ​ជាតិ​អប្សរាដើម្បីឱ្យអ្នក​ជំនាញ​សម្អាត​យក​ជាតិអំបិល​ចេញ ពង្រឹងស្រទាប់​រលោង និងចុះបណ្ណ​សម្គាល់​ដើម្បីទុក​តាំង​បង្ហាញក្នុងសារមន្ទីរ រួមទាំង​សម្រាប់អ្នកសិក្សា​ស្រាវជ្រាវ​ផងដែរ។ ជា​ចុងក្រោយ​សូម​អំពាវនាវ​បង​ប្អូន​ដែល​ជីក ឬគាស់​បាន​វត្ថុបុរាណ​ សូម​ប្រគល់​​ឲ្យអាជ្ញាធរ​​ ដើម្បី​ឲ្យ​កូន​​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់ បាន​ឃើញ​ និង​​ជា​ស្ពាន​សម្រាប់សិក្សា​ពី​ប្រវត្តិសាស្ត្រ​​​​នៃ​ការ​រស់​នៅ​របស់​ប្រជាជន​សម័យ​មុន៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!