វីដេអូគ្រូបង្ក្រាបស្ដេចពស់វែក កាលពីមុនពស់ចឹកស្លាប់ មើលហើយស្រៀវជំនួស

​គ្រូ​ជំនាញ​ចាប់​ពស់វែក​​ និង​យក​ស្ដេចពស់​វែក​មក​​ប្រឡែង​លេង ​លោក Abu Zarin Hussin ​ជនជាតិ​ម៉ាឡេស៊ី បាន​ទទួល​មរណភាពយូរហើយ ប៉ុន្តែ​វីដេអូ​​របស់​លោក​ចាប់ និង​លេង​ជា​មួយ​សត្វ​អាសិរពិស​ទាំង​នេះ ត្រូវ​បាន​គេ​ចែក​ចាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​អ៊ីនធឺណិត ដោយ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើនភ័យ​បុក​ពោះ​ជំនួស។

លោក Abu Zarin Hussin បាន​ទទួល​មរណភាព​​កាល​ពី​ថ្ងៃ​ទី​ ១៦​មីនា ឆ្នាំ២០១៨ នៅ​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​ត្រូវ​ពស់​វែក​​រនាម​ ឬ​ទ្រង់​រនាម​ចឹក អំឡុង​ពេល​ចុះ​ប្រតិបត្តិការ​ចាប់​សត្វ​ពស់​នៅ​ទីក្រុង Bentong រដ្ឋ Pahang ប្រទេស​ម៉ាឡេស៊ី។ បើ​យោង​ទៅ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ ម៉ាឡេស៊ី​ផ្សាយ​ថា កាល​ពីឆ្នាំ ​២០១៥ លោក Abu ធ្លាប់​ត្រូវ​ពស់​ចឹក​ម្ដង​រួច​ហើយ ​ពេល​នោះ​លោក​បាន​ដេក​សន្លប់​អស់​រយៈពេល ​២​ថ្ងៃ តែ​លោក​មិន​បោះ​បង់​សកម្ម​ភាព​នេះ​ឡើយ​។ លោក​មាន​ភាព​ល្បីល្បាញ​នៅ​ម៉ាឡេស៊ី ចំពោះ​ការ​ចូល​ចាប់​ស្ដេច​ពស់​វែកដោយ​មិន​ប្រើ​ឧបករណ៍​ជំនួយ និង​ហ៊ាន​ថើប​ពស់​ទាំង​នោះ​ទៀត។

បុរស​​រងគ្រោះ​​អាយុ ​៣៣​ឆ្នាំ ជា​មន្ត្រី​ពន្លត់​អគ្គីភ័យ​ និង​ជា​គ្រូ​ចាប់​ពស់​ដ៏​ជំនាញ​ប្រចាំ​ម៉ាឡេស៊ី។ បើ​តាម​ប្រភព​ពីមិត្ត​រួម​ការងារ​ម្នាក់​​បាន​រៀប​រាប់​ថា​ បុគ្គលិក​អគ្គីភ័យ​ម៉ាឡេស៊ី​ម្នាក់​នេះ​មាន​រហស្សនាម​ «​គ្រូ​បង្ក្រាប​​​ពស់​» បាន​ស្លាប់​រយៈ​ពេល ៤ ថ្ងៃ​ក្រោយ​ពីត្រូវ​បាន​ពស់​វែក​ចឹក​ ខណៈ​ពេល​អាជ្ញាធរ​បាន​ស្នើ​​លោកឲ្យ​​ទៅ​ជួយ​ចាប់​ពស់​វែក​​​មួយ​ក្បាល​ផ្សេង​ទៀត​ដែល​មិន​មែន​ពស់​​លោក​ចិញ្ចឹម​​ដូច​ក្នុង​រូប ដោយ​វា​បាន​​ចូលរំខានក្នុង​​ផ្ទះពលរដ្ឋ។

លោក​​ធ្លាប់​បង្ហាញ​សមត្ថភាព​នៅក្នុង​កម្មវិធី​ Asia’s Got Talent កាល​ពី​ឆ្នាំ ២០១៧ ដោយ​​យក​ច្រមុះ​ថើប​ក​ពស់​​ ​ធ្វើ​ឲ្យ​ទស្សនិកជន​បាន​ទស្សនា​ហើយ​ស្ទើរ​មិន​ហ៊ាន​ដក​ដង្ហើម។ លោក ដ្រាមេន ជា​នាយក​នៃ​នាយក​ដ្ឋាន​អគ្គីភ័យ និង​ជួយ​​សង្គ្រោះ​ប្រចាំ​ក្រុង​កូឡាឡាំពួរ បាន​បញ្ជាក់​ថា លោក Abu Zarin បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ ពេល​កំពុង​ឈប់​សម្រាក​ជាមួយ​ភរិយា​។

លោក​​បន្ថែមថា​៖ «​ពស់​វែក​ដែល​លោក​ Abu Zarin ចាប់​ជា​ពស់​វែក​កាច​សហាវ​រឹងរូសណាស់​​។ ពិស​របស់​វា​អាច​សម្លាប់​ទាំង​ដំរី​មាឌ​​ធំ​ៗ​ថែម​​ទៀត​។ យើង​បាន​បាត់​បង់​មន្ដ្រី​មាន​សមត្ថភាព​ម្នាក់​។ វា​ជា​សោក​នាដកម្ម​ដ៏​អាក្រក់​មួយ​»។ បុគ្គលិក​ជួយ​សង្គ្រោះ​​តែង​តែត្រូវ​បញ្ជូន​ទៅ​ចាប់​ពស់​ពិស​ក្នុង​តំបន់​ប្រជាជន​រស់​នៅ​ទូទាំង​​ក្នុង​ប្រទេស​។ លោក​រៀន​ជំនាញ​នេះ​ពី​ឪពុក​ ដែល​មាន​រហស្សនាម​ថា «​គ្រូបង្ក្រាប​ពស់​» ​ដែល​បាន​ចាប់​ផ្ដើម​បង្វឹក​សត្វ​ក្នុង​ឆ្នាំ​២០០៧។

លោក Abu Zarin ​បាន​ចិញ្ចឹម​​ពស់​វែក​ពីរ​បី​ក្បាល​ទុក​នៅ​ផ្ទះ ​និង​តែង​តែ​បង្រៀន​វា​អាន​សៀវភៅ អាន​រឿង​ឲ្យ​​ស្ដាប់ ​បង្រៀន​អក្សរ បង្រៀន​លេខ មើល​ទូរទស្សន៍ ​ថើប ​ឬ​លេង​ទឹក​ជាមួយ​គ្នា​​ជា​ដើម​។ ហើយ​រូបភាព​មើល​ទៅ​​​ដ៏​គ្រោះ​ថ្នាក់​របស់​គាត់​ទាំង​នោះ​ ត្រូវ​បាន​គេ​ចែក​ចាយ​ពាស​ពេញ​អ៊ីនធឺណិត​មិន​ថា​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ កាល​ពី​ឆ្នាំ​មុន ​លោក​ធ្លាប់​ត្រូវ​គេ​ល្បី​ថា ​បាន​រៀប​ការ​ជាមួយ​ពស់​វែក​ចិញ្ចឹម​របស់​ខ្លួន ​តែ​លោក​បាន​បដិសេធ ប៉ុន្តែ​ទំនាក់​ទំនង​ជាមួយ​សត្វ​នោះ គឺពិសេស​ដូច​គូស្នេហ៍​កំពុង​ស្រលាញ់​គ្នាអីចឹង៕ (ប្រែសម្រួល៖​បុត្រា Morning Fresh)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!