ប្រច័ណ្ឌប្រពន្ធមានគេចូលសួរនាំកណ្ដាលយប់ តាមរករឿងគេ បែរត្រូវគេសម្លាប់

ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត​កណ្ដាល សហការ​ជា​មួយ​នគរបាល​ស្រុក​អង្គស្នួល ធ្វើ​ការ​ចាប់​ខ្លួន​ក្នុង​ករណី​ឃាតកម្ម បន្ទាប់​ពី​ស្រាវជ្រាវ​ដឹង​ថា ជន​សង្ស័យ​ខាង​លើ​បាន​ធ្វើ​សកម្មភាព​យក​ខ្សែ​រឹត​ក បុរស​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់​នៅ​លើ​កញ្ចុះ​ក្នុង​បរិវេណ​ដី​ឡូត៍​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​មង្គលបូរី ឃុំ​សំរោងលើ ស្រុក​អង្គស្នួល ខេត្តកណ្តាល នៅ​វេលា​ម៉ោង​ប្រមាណ​ជាង ​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៩។

មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា សាកសព​ជន​រង​គ្រោះ​ឈ្មោះ រ៉ុម សារាជ ភេទ​ប្រុស អាយុ​ ២៣​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខ​របរ​កម្មករ​ជាង​ផ្សារ​ដែក មាន​ទីលំនៅ​ភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃគ្រី ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង មាន​ប្រពន្ធ​ឈ្មោះ ពិត ចាន់កែវ អាយុ​២០​ឆ្នាំ សញ្ជាតិ​ខ្មែរ។ ចំណែក​ជន​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន មាន​ឈ្មោះ ធី សុខគីម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​មង្គលបូរី ឃុំ​សំរោងលើ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល។ ដោយ​ឡែក​វត្ថុ​តាង​ដក​ហូត​បាន​មាន៖ ខ្សែ​ពណ៌​លឿង០១​និង​កាំបិតប៉័ងតោ១។

ប្រភព​ដដែល​បន្ត​ថា តាម​ការ​បំភ្លឺ​របស់​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ ឈ្មោះ ពិត ចាន់កែវ ភេទ​ស្រី អាយុ​២០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​១៤ ​ខែ​កក្កដា ឆ្នាំ​២០១៩​ ជន​រង​គ្រោះ​ជា​ប្តី​ នា​ពេល​ព្រលប់​បាន​នាំ​គ្នា​ផឹក​ស្រា​ជា​មួយ​បង​ប្អូន​ រហូត​ដល់​ម៉ោង​ប្រហែល​ ២២ ​ទើប​បាន​បែក​គ្នា​ទៅ​ដេក​រៀងៗ​ខ្លួន ទៅ​ដល់​កន្លែង​ដេក​បុរស​ជា​ប្តីក៏​ចេញ​ទៅ​ក្រៅ​ជា​មួយ​មិត្ត​ភក្តិ​បក្ខ​ពួក​ប្រហែល ​៦​ឬ​៧​នាក់​ទៀត​ ខណៈ​នោះ​ជន​សង្ស័​យ​ឈ្មោះ ធី គីម ពុំ​ដឹង​ជា​មក​ពី​ណា​ឃើញ​ស្រ្តី​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​នៅ​ផ្ទះម្នាក់​ឯង​ក៏​មក​សួរ​ថា«យប់​ស្មើរ​នេះ​ហើយ​មិន​ទាន់​ចូល​ដេក​ទៀត?»។

បន្ទាប់​ពី​សួរ​រួច​ ជន​សង្ស័យ​ក៏​ដើរ​ចេញ​បាត់​ទៅ តែ​ខណៈ​ដែល​សួរ​នាំ​នោះ​ជន​រង​គ្រោះ​បាន​ត្រឡប់មក​ពី​ក្រៅ​វិញ​ឃើញ​ជន​សង្ស័យ​និយាយ​ជា​មួយ​ប្រពន្ធ​ដែរ ក៏​កើត​ក្តី​ប្រច័ណ្ឌ​ហើយឈ្លោះ​ជា​មួយ​ប្រពន្ធ​អស់​មួយ​សន្ទុះ​ធំ ប្រពន្ធ​ជន​រង​គ្រោះ​ក៏​ចូល​ដេក​ទៅ រី​ឯ​ជន​រង​គ្រោះ​មិន​ចូល​ដេក​ទេ ស្រាប់​តែ​ដើរ​ចេញ​ទៅ​ក្រៅ​បាត់​រហូត​ទល់​ភ្លឺ​មិនឃើញ​ប្តី​មក​វិញ ក៏​ដើរ​រក​ស្រាប់​តែ​ឃើញ​ស្លាប់​នៅ​លើ​កញ្ចុះ​ក្នុង​ដី​ឡូត៍​ក៏​ផ្អើល​ឆោឡោ​ដល់​ប្រជាពលរដ្ឋ​ជិត​ខាង និង​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សំរោង​លើ​មក​ធ្វើ​ការ​ពិនិត្យ។

បន្ទាប់​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទទួល​បាន​ព័ត៌មាន​ខាង​លើ ​ភ្លាម​នោះ​ក៏​រាយការណ៍​បន្ត​ទៅ​សមត្ថកិច្ច​ជំនាញ​ស្រុកនិង​សមត្ថកិច្ច​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ និង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាននគរបាល​ខេត្ត​កណ្ដាល ពិនិត្យ​ឃើញ​ថា​សាកសព​មាន​ស្នាម​ទ្រុត​ជាំ​ខ្មៅ​ជុំវិញ​ក​ ក្រៅ​ពី​នោះ​គ្មាន​ស្លាក​ស្នាម​អ្វី​ទេ ។ តាម​ការ​សន្និដ្ឋាន​របស់​លោក​គ្រូ​ពេទ្យ​ និង​របស់​ជំនាញ​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​អំពើ​ឃា​តកម្ម(រឹតក) សង្ស័យ​ផ្ដើម​ចេញ​ពី​ការ​ប្រច័ណ្ឌ។ ចំណែក​សាក​សព​ត្រូវ​សមត្ថកិច្ច​ជំនាញ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ជន​រងគ្រោះ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ពិនិត្យ​រួច​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ដែរ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​ការ​ស្រាវជ្រាវរហូត​កំណត់​មុខ​សញ្ញា​ចាប់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ ធី សុខគីម យក​មក​អធិការដ្ឋាននគរបាល​ស្រុក​ដើម្បី​កសាងសំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!