Loading...

តុលាការថៃកាត់ទោសប្រហារជីវិតបុរសម្នាក់ ក្រោយរំលោភនិងសម្លាប់នារីទេសចរអាល្លឺម៉ង់

អ្នកប្រមូល​សំរាម​ជនជាតិ​ថៃ​ម្នាក់ ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ប្រហារជីវិត ពី​បទ​រំលោភ​សម្លាប់​ភ្ញៀវទេសចរ​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ នៅ​ឆ្នេរ​នៃ​កោះ​មួយកន្លែង​។ ជនល្មើស​ឈ្មោះ Ronnakorn Romruen ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ខែ​មេសា កន្លងទៅ បន្ទាប់​ពី​សាកសព​នារី​ទេសចរ​អាល្លឺម៉ង់​មាន​អាយុ ២៧​ឆ្នាំ ត្រូវបាន​គេ​រកឃើញ​ក្រោម​ស្លឹកឈើ​ស្ងួតៗ​ជាមួយ​ដុំថ្ម​កប់​ពីលើ នៅ​ឈូង​សមុទ្រ​នៃ​កោះ Koh Sichang​។​

​តុលាការ​ប្រទេស​ថៃ បាន​ប្រកាស​សាលក្រម និង​បាន​ផ្ដន្ទាទោស​ប្រហារជីវិត​អ្នកប្រមូល​សំរាម កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ថ្មីៗ​នេះ​។ តុលាការ​បានឲ្យដឹងថា ជនល្មើស​ឈ្មោះ Ronnakorn ស្ថិត​ក្រោយ​ឥទ្ធិពល​នៃ​គ្រឿងញៀន នៅ​ពេល​រំលោភ​ទៅលើ​ជនរងគ្រោះ ហើយ​នៅពេល​ជនរងគ្រោះ​ព្យាយាម​រត់គេច ជនល្មើស​បាន​យក​ដុំថ្ម សំពង​ទៅ​លើ​ក្បាល និង​មុខ​ជនរងគ្រោះ បណ្ដាលឲ្យ​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង​តែម្ដង​។​

​ជនល្មើស​ខាង​លើ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ធ្វើ​រឿង​ទាំងអស់នេះ រួមមាន​ករណី​រំលោភ​សម្លាប់​លើ​ជនបរទេស​ជនជាតិ​អាល្លឺម៉ង់ លាក់​សាកសព និង​ប្រើប្រាស់​គ្រឿងញៀន​ប្រភេទ​មេ​តុំ​ហ្វេ​តា​មីន​ប្រាកដ​មែន​។ កាលពី​ឆ្នាំមុន ប្រទេស​ថៃ​បាន​អនុវត្ត​ការកាត់ទោស​ប្រហារជីវិត​ជា​លើកដំបូង ចាប់តាំងពី​បើក​ឲ្យមាន​ច្បាប់​ប្រហារជីវិត​ឡើងវិញ​នៅ​ឆ្នាំ​២០០៩ ។ កាលនោះ បាន​កាត់ទោស​លើ​ជនល្មើស​ម្នាក់​អាយុ ២៦​ឆ្នាំ​ដោយ​ចាក់​ថ្នាំ​ឲ្យស្លាប់​។​

​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ ការអនុវត្ត​ច្បាប់​ប្រហារជីវិត​នេះ​ឡើងវិញ ខណៈ​មួយ​ទសវត្សរ៍​មក​ហើយ​មិន​ធ្លាប់​អនុវត្ត​ច្បាប់​នោះ​ទេ​។ ប្រទេស​ថៃ​មាន​អត្រា​ឃុំឃាំង​ខ្ពស់ មាន​អ្នក​ប្រឈម​នឹង​ទោស​ប្រហារជីវិត​ច្រើនជាង ៥០០ នាក់​។ ដំណើរ​ទេសចរណ៍​ដ៏​ពេញនិយម​ប្រទេស​ថៃ ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​ចំនួន ៤០​លាន​នាក់​នៅ​ឆ្នាំនេះ ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​មាន​សុវត្ថិភាព​សម្រាប់​អ្នកដំណើរ​។ ប៉ុន្តែ​ឧបទ្ទវហេតុ​ដែល​មាន​កម្រិត​ខ្ពស់​ទាំង​នេះ នាំ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​កាលពី​ឆ្នាំ​២០១៤ សាកសព​បុរស​ជនជាតិ​អង់គ្លេស ២​នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អណ្ដែត​តាម​ទឹក​នៅ​កោះ Koh Tao ក្នុង​សភាព​គ្រោះថ្នាក់​ដោយ​អំពើ​ឃាតកម្ម​។ នៅ​ឆ្នាំ​បន្ទាប់ ក៏​មាន​ពលករ​ជនជាតិ​មី​យ៉ាន់​ម៉ា ២​នាក់ សព្វថ្ងៃ​កំពុង​ស្ថិត​ក្នុង​មន្ទីរឃុំឃាំង ក៏​បាន​ជាប់​ទោស​ប្រហារជីវិត​ដែរ ករណី​ឃាតកម្ម បន្ទាប់​ពី​ការស៊ើបអង្កេត​និង​សវនាការ​ដ៏​ចម្រូងចម្រាស់​ដែល​រិះគន់​ដោយ​ក្រុម​អ្នកសង្កេតការណ៍។ ខាងក្រោម​មាន​វីដេអូ​សកម្មភាព​ចុង​ក្រោយ​របស់​ជន​រងគ្រោះ និង​ជន​ល្មើស​នៅ​​ក្បែរ​កន្លែង​កើត​ហេតុ​​៕(​ប្រែ​សម្រួល​៖​រដ្ឋា Morning Fresh​)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
Loading...
error: ហាម​លួចចម្លង​អត្ថបទ​នេះ!