ឧកញ៉ាគួច ម៉េងលី ឧបត្ថម្ភថវិកា ២០លានរៀលដល់ក្រុមយុវជនសំរាម ដើម្បីបន្តបេសកកម្ម
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ឧបត្ថម្ភថវិកា២០លានរៀលឬស្មើនឹង៥ពាន់ដុល្លារ ដល់ក្រុមយុវជនសំរាមបឹងត្របែកដែលមានលោក សាន់ ដារ៉ាវីដ ជាប្រធានក្រុម ដើម្បីរួមចំណែកថែរក្សា លើកកម្ពស់សោភ័ណភាពទីក្រុង និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន នៅរាជធានីភ្នំពេញ។
លោកឧកញ៉ា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏បានផ្តល់ការព្យាបាល ដោយឥតគិតថ្លៃផងដែរ ដល់ក្រុមការងារ យុវជនសំរាម ដែលត្រូវការមកព្យាបាលជំងឺបឋម នៅមជ្ឈមណ្ឌលសុខភាពសិស្សរបស់ក្រុមហ៊ុន។
តាមការគ្រោងទុក លោកឧកញ៉ា វេជ្ជបណ្ឌិត ក៏កំពុងឱ្យក្រុមការងារសិក្សាផងដែរ ទៅលើសុខភាពកុមារ ដែលរស់នៅអមសងខាងប្រឡាយទឹកស្អុយបឹងត្របែក ដើម្បីផ្តល់លទ្ធភាពឱ្យពួកគេអាចមកពិនិត្យសុខភាពដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលសុខភាពសិស្ស របស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន។
ចំណែកក្នុងថ្ងៃទី ១១ កក្កដា ២០១៩ដដែលនេះ ក្រុមយុវជនបរិស្ថានខាងលើ ក៏ទទួលបានថវិកាពីអ្នកជំនួញវ័យក្មេងម្នាក់ទៀតដែរ ចំនួន ១ម៉ឺនដុល្លារសម្រាប់ធ្វើលិខិតឆ្លងដែន និងការចំនាយផ្សេងៗរបស់សមាជិកដែលនឹងចេញទៅទស្សនកិច្ចនៅប្រទេសថៃខាងមុខឆាប់រយៈពេល ៧ថ្ងៃ។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុករបស់ក្រុមយុវជន៕