ឧកញ៉ាគួច ម៉េងលី ឧបត្ថម្ភថវិកា ២០លានរៀលដល់ក្រុមយុវជនសំរាម ​ដើម្បីបន្តបេសកកម្ម

លោក​ឧកញ៉ា វេជ្ជ​បណ្ឌិត គួច ម៉េងលី ឧបត្ថម្ភ​ថវិកា​២០​លាន​រៀល​ឬ​ស្មើ​នឹង​៥​ពាន់​ដុល្លារ ដល់​ក្រុម​យុវជន​សំរាម​បឹង​ត្របែកដែល​មាន​លោក​ សាន់ ដារ៉ាវីដ ​ជា​ប្រធាន​ក្រុម​ ដើម្បី​រួម​ចំណែក​ថែរក្សា លើក​កម្ពស់​សោភ័ណភាពទីក្រុង និង​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន នៅ​រាជធានី​ភ្នំពេញ។

លោក​ឧកញ៉ា ស្ថាបនិក ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល និង​អគ្គនាយក​ប្រតិបត្តិ ក្រុម​ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏​បាន​ផ្តល់​ការ​ព្យាបាល ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ ដល់​ក្រុម​ការងារ យុវជន​សំរាម ដែល​ត្រូវ​ការ​មក​ព្យាបាល​ជំងឺ​បឋម នៅ​មជ្ឈមណ្ឌល​សុខភាព​សិស្ស​របស់​ក្រុម​ហ៊ុន។

តាម​ការ​គ្រោង​ទុក លោក​ឧកញ៉ា វេជ្ជ​បណ្ឌិត ក៏​កំពុង​ឱ្យ​ក្រុម​ការងារ​សិក្សា​ផង​ដែរ ទៅ​លើ​សុខភាព​កុមារ ដែល​រស់​នៅ​អម​សង​ខាង​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ពួក​គេ​អាច​មក​ពិនិត្យ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ នៅ​មជ្ឈមណ្ឌល​សុខភាព​សិស្ស របស់​ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន។

​ចំណែក​ក្នុង​ថ្ងៃ​ទី ១១ កក្កដា​ ២០១៩​ដដែល​នេះ ​ក្រុម​យុវជន​បរិស្ថាន​ខាង​លើ ក៏​ទទួលបាន​ថវិកា​ពី​​អ្នក​ជំនួញ​​វ័យ​ក្មេង​​ម្នាក់​ទៀត​ដែរ ​ចំនួន ១​ម៉ឺន​ដុល្លារ​សម្រាប់​ធ្វើ​លិខិត​ឆ្លង​ដែន ​និង​ការ​ចំនាយ​​ផ្សេង​ៗ​​របស់​សមាជិក​​ដែល​​នឹង​ចេញ​ទៅ​ទស្សនកិច្ច​​​​នៅ​ប្រទេស​ថៃ​ខាង​មុខ​ឆាប់​រយៈ​ពេល ៧​ថ្ងៃ។ នេះ​​បើ​តាម​ការ​​ផ្សាយ​របស់​​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុម​យុវជន៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!