Loading...

អាជ្ញាធរចុះបិទការដ្ឋានសាងសង់អគារក្នុងសង្កាត់ទួលស្វាយព្រៃទី១សង្ស័យថាសង់គ្មានច្បាប់និងខុសស្តង់ដា

ដោយ​សារ​ខ្លាច​សំណង់​អគារ​បាក់​ស្រុត ដូច​ករណី​បាក់​ស្រុត​អគារ​នៅ​ខេត្ត​ព្រះសីហនុ អាជ្ញាធរ​ខណ្ឌ​ចំការមន នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ បាន​ចុះ​បិទ​ការដ្ឋាន​សាងសង់ អគារ​មួយ​កន្លែង នៅ​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ព្រោះ​សង្ស័យ​ថា អគារ​មួយ​នេះ​សាងសង់​គ្មាន​ច្បាប់​ទម្លាប់ និង​ធ្វើ​ខុស​លក្ខណៈ​បច្ចេកទេស។

មន្ត្រី​សាលា​ខណ្ឌ​ចំការមន បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បិទ​អគារ​ខុស​ប្រក្រតី​មួយ​នេះ បាន​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ពី​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ។ បទ​បញ្ជា​នេះ​ក៏​ស្រប​នឹង​ការ ប្រកាស​បញ្ជា​ឲ្យ​អភិបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​ត្រួត​ពិនិត្យ​មើល​រាល់​អគារ ដែល​សាង​សង់​ឡើង​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

អភិបាល​រាជធានី​ភ្នំពេញ បាន​ព្រមាន​ថា អភិបាល​ខណ្ឌ​រូប​ណា ដែល​បណ្ដោយ​ឲ្យ​មាន​អគារ​ខុស​លក្ខណៈ​បច្ចេកទេស សាង​សង់​ឡើង​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន នឹង​ត្រូវ​ទទួល​រង​វិន័យ​រដ្ឋបាល ហើយ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

មន្ត្រី​សាលា​ខណ្ឌ​ចំការមន បាន​ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​ចង់​ឲ្យ​វិស្វករ នៃ​ការ​សាងសង់​អគារ នៅ​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​១ នៅ​ខណ្ឌ​ចំការមន​នេះ ត្រូវ​បង្ហាញ​ឲ្យ​លម្អិត​ថា អគារ​ធ្វើ​ពី​ដែក​នេះ មាន​ទម្រ​បាន​ត្រឹម​ត្រូវ ដែល​អាច​ផ្ទុក​អ្នក​ចូល​ទស្សនា ឬ​ភ្ញៀវ​ចូល​អគារ​នេះ​បាន​ដែរ​ទេ? មន្ត្រី​បាន​ឲ្យ​ធ្វើ​កោសល្យ​វិច័យ​ថា តើ​សំណង់​នេះ អាច​ដាក់​បាន​ចំនួន​កម្រិត​ណា ចេញ​ដោយ​វិស្វករ​ណា ឬ​ចេញ​ដោយ​វិស្វករ​ឯករាជ្យ​មួយ​ណា ដែល​ឲ្យ​អាជ្ញាធរ​ទទួល​ស្គាល់​បាន។

លោក​បញ្ជាក់​ថា «សំណង់​នេះ​វា​ដូច​គ្នា​នឹង​សំណង់​នៅ​កំពង់សោម​ដែរ ដែល​ធ្វើ​អំពី​ដែក។ ក្នុង​នាម​ខ្ញុំ​ជា​អាជ្ញាធរ ខ្ញុំ​សុំ​ឲ្យ​មាន​ធ្វើ​គម្រោង​ឡើង ឲ្យ​បាន​ច្បាស់​លាស់ មាន​ច្បាប់​បង្ហាញ​មក។ ឥឡូវ​នេះ​ខ្ញុំ​ឃាត់​សិន​ហើយ»។ នៅ​ក្នុង​លិខិត​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៩ អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា៖

«កន្លង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ជា​ប្រចាំ ដល់​រដ្ឋបាល​ខណ្ឌ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ទប់​ស្កាត់ រាល់​សំណង់​ដែល​គ្មាន​លិខិត​អនុញ្ញាត​សាង​សង់ និង​សំណង់​ខុស​លិខិត​អនុញ្ញាត ក្នុង​ភូមិ​សាស្រ្ដ​រាជធានី​ភ្នំពេញ។ ប៉ុន្ដែ​ទោះ​បី​ជា​មាន​ការ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​រួច​ហើយ​ក៏​ដោយ ក៏​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​តែ​សង្កេត​ឃើញ​ថា សំណង់​ដែល​គ្មាន​លិខិត​អនុញ្ញាត​សាង​សង់ និង​សំណង់​ខុស​លិខិត​អនុញ្ញាត​សាង​សង់ នៅ​តែ​កើត​ឡើង​ជា​បន្ដ​បន្ទាប់​ក្នុង​ភូមិ​សាស្រ្ដ​​រាជធានី​ភ្នំពេញ»៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
Loading...
error: ហាម​លួចចម្លង​អត្ថបទ​នេះ!