អាណិកជនខ្មែរ គ្រោងធ្វើបណ្ដាំមរតកទុកបរិច្ចាគឲ្យមន្ទីរពេទ្យគន្ធបុប្ផា ពេលលាចាកលោក

លោកស្រី សោម មេតារ៉ុង អាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក បរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០,០០០ដុល្លារ ដល់មន្ទីរពេទ្យគុន្ធបុប្ផា ហើយលោកស្រីនឹងចាត់ចែងឲ្យមេធាវី ធ្វើបណ្តាំមរតកមួយទុកស្រាប់ពេលលោកស្រីស្លាប់ ដោយប្រគល់ទ្រព្យសម្បត្តិគ្រប់យ៉ាងដែលលោកស្រីមាននៅសហរដ្ឋអាមេរិកយកទៅលក់ ដើម្បីយកលុយមកបរិច្ចាគឲ្យមន្ទីរពេទ្យគុន្ធបុប្ផា

ភ្នំពេញ៖ លោកស្រី សោម មេតារ៉ុង ជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក បានបរិច្ចាគប្រាក់ចំនួន ១០,០០០ដុល្លារ ដល់មន្ទីរពេទ្យគុន្ធបុប្ផា កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមន្ទីរពេទ្យគុន្ធបុប្ផាវត្តភ្នំ ហើយនេះគឺជាការបរិច្ចាគថវិកាឆ្នាំទី៥របស់លោកស្រី។

ការបរិច្ចាគរបស់លោកស្រី សោម មេតារ៉ុង នាពេលនេះ គឺលោកស្រី ចង់ជួយដល់កុមារកម្ពុជាគ្រប់រូប ឲ្យមានសុខភាពល្អ និងដើម្បីទុកសម្រាប់ផ្គត់ផ្គង់ដល់ខាងមន្ទីរពេទ្យ ដែលក្នុងមួយខែៗបានទទួលកុមារកម្ពុជារា​ប់ម៉ឺននាក់ ចូលពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ និងដើម្បីចូលរួមចំណែកជួយសង្គ្រោះជីវិតកុមារកម្ពុជា ដែលកំពុងត្រូវការការព្យាបាលជាចាំបាច់។

សូមបញ្ជាក់ដែរថា ការបរិច្ចាគថវិកាចំនួន ១,០០០០ដុល្លារ នាពេលនេះគឺជាឆ្នាំទី៥ហើយ ដែលលោកស្រីបានជួយមកកាន់មន្ទីរពេទ្យគុន្ធបុប្ផា ។ ក្នុងនោះឆ្នាំទី១ និងឆ្នាំទី២ លោកស្រីបានជួយមកកាន់មន្ទីរពេទ្យ គុន្ធបុប្ផា ក្នុង១ឆ្នាំ ចំនួន១០០០ដុល្លារ , និង៣ឆ្នាំចុងក្រោយ លោកស្រី បានបរិច្ចាគថវិកាក្នុង១ឆ្នាំៗចំនួន ១០,០០០ ដុល្លារ។

តាមរយៈការបរិច្ចាគរបស់លោកស្រី សោម មេតារ៉ុង នៅពេលនេះ គឺសបញ្ជាក់ឲ្យឃើញថា ទោះបីជាលោកស្រីដែលជាកូនខ្មែរ ទៅរស់នៅក្រៅប្រទេសក្តី តែលោកស្រីបានបង្ហាញនូវក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះ កុមារកម្ពុជារាប់លាននាក់ ដែលកំពុងតែរង់ចាំការជួយសង្គ្រោះពីយើងគ្រប់គ្នា ដែលមិនអាចឲ្យយើងទាំងអស់គ្នាមើលរំលង ។ អ្វីដែលពិសេសនិងគួរឲ្យគោរពកោតសរសើរ ថែមទៀតនោះ គឺមិនមែនត្រឹមតែការបរិច្ចាគថវិការាប់ម៉ឺនដុល្លារ ក្នុង១ឆ្នាំៗប៉ុណ្ណោះទេ ផ្ទុយទៅវិញលោកស្រី បានឲ្យមេធាវីរបស់លោកស្រី ធ្វើបណ្តាំមរតក មួយមុនពេលដែលលោកស្រីទទួលមរណភាព ដើម្បីទុកសម្រាប់បញ្ជាក់ថា ពេលដែលលោកស្រីទទួលមរណភាព ថវិកា រថយន្ត ផ្ទះសម្បែង រួមនិងទ្រព្យសម្បត្តិដែលមានតម្លៃគ្រប់បែបយ៉ាងរបស់លោកស្រី គឺនឹងត្រូវឲ្យមេធាវីយកទៅចាត់ចែងលក់ ដើម្បីយកថវិកាទាំងនោះ មកបរិច្ចាគជូនមន្ទីរពេទ្យគុន្ធបុប្ផា តែម្យ៉ាងគត់ ហើយលោកស្រី ក៏បានសូមណូមពរដល់អាណិកជនខ្មែរដែលរស់នៅក្រៅប្រទេសទាំងអស់ សូមមេត្តាជួយដល់កុមារកម្ពុជា ដែលកំពុងរង់ចាំក្តីសង្គ្រោះពីមន្ទីរពេទ្យគុន្ធបុប្ផាផង៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!