ថ្លៃទឹកដោះ11990$ មិនចេះស្លកកូរមែនជារឿងសំខាន់ តែសំខាន់រឿងមួយនេះវិញ

នៅ​ពេល​ថ្មីៗ​នេះ មាន​បុរស​ម្នាក់​បង្ហាញ​ពី​ថ្លៃ​បណ្ណាការ​ខ្ទង់​ម៉ឺន​ដុល្លារ ​ព្រម​ទាំង​បាន​បញ្ជាក់​ទៀត​ថា​គូដណ្ដឹងរបស់​ខ្លួន​មិន​ចេះ​ស្ល​កកូរ​ទេ​ តែយ៉ាងណា​លោក​ថា​​នេះ​មិន​មែន​ជា​រឿង​ដែលខ្លួន​ចាំ​បាច់​ត្រូវ​តែ​គិត​លម្អិត​នោះ​ទេ តែ​រឿង​ដែលខ្លួន​​ខំ​រក​ប្រាក់​ដើម្បី​ដណ្ដឹង​ប្រពន្ធ​នោះ​ គឺ​ដោយ​សារ​នាង​មាន​ចំណុច​ពិសេស​ជា​ច្រើន​ទៀត។

មុន​ថ្ងៃ​មង្គល​ការ​ខាង​បុរស​ជា​គូ​ដណ្ដឹង​បាន​ប្រគល់​ទឹក​ប្រាក់​ជា​ថ្លៃ​បណ្ណាការ​ចំនួន ១១ ៩៩០​ដុល្លារ​ ដើម្បី​ឲ្យចាស់​ទុំ​ខាង​ស្រី​ចាត់ចែង​មុន ​ដើម្បីធានាថា​​ដំណើរ​ការ​ល្អ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​អ្នក​ទាំង​ ២​។ លោក​​ក៏​បាន​បង្ហោះ​​​រូប​ភាព​​​ប្រគល់​ទឹក​ប្រាក់​ឲ្យ​ឪពុក​ម្ដាយ​ក្មេក​ចូល​ទៅ​ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ឈ្មោះ​ Sereyraksmey Khun​ ព្រម​ទាំង​សរសេរ​រៀប​រាប់​ថា​ «ថ្លៃ​បណ្ណាការ​របស់​ប្រពន្ធ​ខ្ញុំ ១១៩៩០$ គាត់​មិន​ចេះ​ស្ល​កកូរ​ទេ តែ​គាត់​មាន​ចំនុច​ច្រើន​ដែល​ខ្ញុំ​ពេញ​ចិត្ត​ធ្វើ​ឲ្យ​ខ្ញុំ​ខំ​ប្រឹង​រក​។ ដើម្បី​បាន​គាត់​ជា​ភរិយា​ពិបាក​រកប្រាក់​​ណាស់ តែ​មិន​គិត​ថា​ថ្លៃ​ទេ​ព្រោះ​គុណ​សម្បត្តិ​កិរិយា​គាត់ អាច​លើស​ពី​តំលៃ​នេះ​ឆ្ងាយ​ណាស់ ​ជូន​ម៉ាក់​មុន​ដើម្បី​ឲ្យ​ម៉ាក់​យក​ទៅ​រៀប​ចំ​ពិធី​រៀប​ការ​ឲ្យ​កូន​ទាំង​២»។

ជា​ការ​ពិត​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ចេះ​ស្ល​បាន​គ្រប់​មុខ​នោះ​ទេ ​តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ស្រលាញ់​នោះ​​ នាង​មាន​អ្វី​ជា​ច្រើន​ទៀត​លើស​ពី​ការ​រំពឹង​ទុក​របស់​គាត់​ជា​ប្តី។ ទាក់​ទង​ទៅ​នឹង​ថ្លៃ​បណ្ណាការ​ក៏​ជា​រឿងចាប់​​អារម្មណ៍​​មួយ​ដែរ​សម្រាប់​អ្នក​មាន​ ឬ​អ្នក​ក្រ ​អ្នក​ខ្លះ​ក៏​មាន​លទ្ធភាព​ទៅ ​ឯ​អ្នក​ខ្លះ​ទៀត​ក៏​ពុំ​មាន​លទ្ធភាព​ដែរ ​ដោយ​សារ​តែ​ទារ​ថ្លៃ​លើស​ពី​អ្វី​ដែល​កូន​ស្រី​របស់​ខ្លួន​មាន​ តែ​ជា​រឿង​ពិត​មួយ​ថា ​ប្រសិន​បើ​ខាង​ស្រី​មាន​អ្វី​ដែល​ជា​ទី​ពេញ​ចិត្ត​របស់​ខាង​ប្រុស ខាង​ប្រុស​​នឹង​មិន​ខ្លាច​​ឲ្យ​ថ្លៃ​បណ្ណាការ​ខ្ពស់​នោះ​ទេ​ដូច​ជា​ពូ​កែ​រក​ស៊ី​ មាន​អត្តចរិត​ល្អ​ ស្មោះ​ត្រង់​ជាដើម។

ឯ​រឿង​មួយ​ទៀត​បើ​គិត​ថា ​កូន​ស្រលាញ់​គ្នា​ប្រាកដ​ហើយ​ក៏​ពុំ​គួរ​យក​ថ្លៃ​បណ្ណាការ​ថ្លៃ​ពេក​ដែរ​ ព្រោះ​ការ​យក​បណ្ណាការ​ថ្លៃ ​ជួន​កាល​ក៏​មិន​អាច​ស្វែង​រក​បុគ្គល​ដែល​ល្អ​ចេះ​ស្រលាញ់​កូន​របស់​អ្នក​ប្រាកដ​ដែរ​ តែ​ការ​ចេះ​ស្រលាញ់​ចិត្ត​នឹង​ចិត្ត​ ចេះ​យល់​ចិត្ត​គ្នា​ឲ្យ​តម្លៃ​គ្នា​ អធ្យាស្រ័យ​ឲ្យ​គ្នា​ ស្រលាញ់​សាច់​ញាតិ​ទាំង​សង​ខាង​ស្មើៗ​គ្នា​ទៅ​វិញ​ទេ​ជា​រឿង​ចាំ​បាច់​ដែល​យើង​ត្រូវ​ការ។ តែ​ក៏​មិន​សំដៅ​ថា ​អ្នក​មាន​លុយ​ឲ្យ​ថ្លៃ​បណ្ណាការ​ខ្ពស់​មិន​មែន​ជា​មនុស្ស​ល្អ​នោះ​ដែរ ​គ្រាន់​តែ​ធ្វើ​ការ​ថ្លឹង​ថ្លែង​រក​មនុស្ស​ល្អពិត​ប្រាកដ​ហើយ​ស្រប​ទៅ​តាម​ជីវភាព​ប៉ុណ្ណោះ៕ (អត្ថបទ៖ និស្ស័យ)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!