ផឹកស៊ីស្រវឹងជោកចង់ចូល KTV តែអត់លុយ ព្រួតគ្នាវាយសម្លាប់គ្នាឯងម្នាក់ អូសសពទៅកប់ភក់

នៅវេលាម៉ោង១៧:៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មានការ​ប្រទះឃើញសាកសព (ករណីឃាតកម្ម វាយសម្លាប់) នៅចំណុច​ក្នុងវាលស្រែ ស្ថិតក្នុងភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្ត​កណ្ដាល ។ សពជន​រងគ្រោះឈ្មោះ ខន សាវ៉ាត់ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅបន្ទប់​ជួលជាមួយម្តាយឈ្មោះ នួន ណាក់ អាយុ ៤៦ឆ្នាំ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។ ករណីនេះ​បង្កឡើងដោយ​ជនសង្ស័យ​ចំនួន ០៤នាក់៖

១-ឈ្មោះ ព្រុំ វ៉ាន់ដា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងចាប់ខ្លួន មានស្រុកកំណើតនៅភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង (ចាប់ខ្លួននៅវេលាម៉ោង១០៖៣០នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ​ចំណុចផ្ទះសំណង់​កំពុងសាងសង់ ស្ថិតក្នុងភូមិអន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
​២-ឈ្មោះ ព្រុំ សម្បត្តិ (ហៅយួន) ភេទប្រុស​ អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។
២-ឈ្មោះ ប៉ោង សំណាង (ហៅពៅ) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។
(ទី២ និងទី៣ រស់នៅភូមិភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ចាប់ខ្លួន​នៅវេលាម៉ោង​១៣:៣០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នៅ​ចំណុចភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង សហការ​ជាមួយកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តព្រៃវែង និងស្រុកកំចាយមារ)។

៤/-ឈ្មោះ ម៉ម ហ័ត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិនិមិត្ត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ស្នាក់នៅចល័តតាមការដ្ឋានសំណង់កន្លែងធ្វើការ។ ចាប់ខ្លួនបាន នៅវេលាម៉ោង១៣:០០នាទី ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៩ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី មុខផ្សារ “ផ្លាហ្សា” ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប.១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (សហការជាមួយកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងខណ្ឌពោធិ៍សែនជ័យ)។

+វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុ
-មួក០១ ពណ៌ក្រឡាការ៉ូ ស+ខ្មៅ
-ខ្សែក្រវ៉ាត់០១ ពណ៌ ស+ក្រហម
-ស្បែកជើងផ្ទាត់ ពណ៌ស ០១គូរ
-ក្បាលខ្សែក្រវ៉ាត់ដែក ០១

ជនសង្ស័យទាំង០៤នាក់ បានសារភាពថាៈ ពួកគេទាំងអស់គ្នា និងជនរងគ្រោះសរុបចំនួន ០៥នាក់ បានផឹក​ស្រាស្រវឹង ផឹកស៊ីចាប់តាំង​ពីក្បាលល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ រហូតដល់វេលា​ពាក់កណ្តាលអធ្រាត្យ ថ្ងៃដដែល ក៏បាននាំគ្នាដើរទៅច្រៀង​ខារ៉ាអូខេ នៅក្នុងភូមិកើតហេតុ (ចំណុចប្រទះឃើញសព) ចូលតាមផ្លូវលំ ចុះតាមផ្លូវជាតិលេខ៣។

ពេលដើរចូលទៅ​ដល់ចំណុចម្តុំកន្លែង​កើតហេតុ មិនទាន់​ដល់ខារ៉ាអូខេផង ជនសង្ស័យ និង​ជនរងគ្រោះ (០៥នាក់) បានមាន​ទំនាស់ពាក្យសម្តីខឹងនឹងគ្នា ដោយសារ​ជនរងគ្រោះ​កុហកថាមាន​ប្រាក់ជួយចេញ ប៉ុន្តែ​គឺពុំមាន​ទេ​ក៏កើត​ជាកំហឹង ក្រុមជន​សង្ស័យទាំង​០៤នាក់ ក៏បាន​ព្រួតគ្នាវាយ​ដោយដៃ និង​ក្បាល​ខ្សែក្រវ៉ាត់ ព្រមទាំងយក​ខ្សែក្រវ៉ាត់​រឹតក បន្ថែមទៀត បណ្តាលឲ្យ​ជនរងគ្រោះ​លែង​កំរើក ដាច់ខ្យល់ស្លាប់តែម្តង។

បន្ទាប់មក​ជនសង្ស័យ​ទាំង០៤នាក់ បាននាំគ្នាអូសផង សែងផង សពជនរង​គ្រោះពីចំណុច​សម្លាប់វាល​ស្រែមួយ ឆ្លងភ្លឺទៅវាល​ស្រែមួយទៀត រួចជាន់​សព​សង្កត់ទៅក្នុង​ភក់ទឹកស្រែ ហើយ​បោច​គល់កញ្រ្ជាំង​ស្រូវគ្របកប់ពី​លើសព​ជនរងគ្រោះបន្ថែម រួចរាល់​ហើយក៏បាននាំគ្នាដើរត្រឡប់​មកបន្ទប់ជួល​រៀងៗខ្លួនវិញ ដេកអស់ទៅ។ បច្ចុប្បន្ន ជនសង្ស័យ ជំនាញ​ត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿង​បញ្ជូនទៅសាលា​ដំបូង​ខេត្តរួច។