Loading...

មូលហេតុពិតនៃការស្លាប់របស់ខេមរៈ ស្រីពៅ គឺដោយសារថ្នាំលេបសន្លាក់ខុសរបស់ពេទ្យក្នុងស្រុក

ដូច​ការសន្យា​​ទុក ​លោក​ខេមរៈ ​សិរីមន្ត​ បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​រៀប​រាប់​ពី​មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​ប្អូន​ស្រី ​គឺ​កញ្ញា ខេមរៈ ស្រីពៅ និង​ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ប្រតិកម្ម​ឡេ។

លោក​បាន​បញ្ជាក់​មូល​ហេតុ​នៃ​ការ​ស្លាប់​ពិត​ប្រាកដ​ថា ​ប្អូន​ស្រី​លោក​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ត្រឹម​រយៈ​ពេល​ពីរ​ថ្ងៃ​បន្ទាប់​ពី​លេប​ថ្នាំ​ខុស​ដោយ​សារ​ដុកទ័រ​ម្នាក់​បាន​វិនិច្ឆ័យ​រោគ​ខុស និង​ឲ្យ​ថ្នាំ​សន្លាក់​លេប ​ហើយ​​លេប​បាន ​២​ថ្ងៃ​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​គ្រឿង​ក្នុង តែតាមពិត​នាង​មាន​​អាការៈ​រលាក​សសៃ​ឈាម​។ ​

ដំបូងឡើយ​ កញ្ញា​ស្រី​ពៅ មាន​សុខភាព​ល្អ​ធម្មតា នាង​បាន​ហាត់​រាំ​សម្រាប់​ឡើង​សម្ដែង​តាម​ខន​សឺត ​ឬ Show នានា នាង​ហាត់​រាំ​មិន​ប្រយ័ត្ន​ក៏​គ្រិច​ក​ជើង​ហើម និងមាន​​កន្តួល​ក្រហម​។ ​ធ្វើ​សសៃ​ផង ​លាប​ថ្នាំ​រឹត​ផង ​សម្រាក​ពីរ​បី​ថ្ងៃ នាង​ក៏​បាន​ធូរ​ស្បើយ​ឡើង​វិញ។

​នាង​បាន​ចេញ​ទៅ​ហាត់​រាំ​ម្ដង​ទៀត ហើយ​ក៏​មាន​អាការៈ​ហើម​ឈឺ​ជើង​ឡើង​វិញ។ ពេល​នោះ​​បងប្អូន សម្រេច​រក​ពេទ្យ​សរសៃ​នៅ​ម្ដុំ​ផ្សារ​តាប៉ាង ​រាជធានី​ភ្នំពេញ ​ឲ្យ​ជួយ​មើល ​ពេទ្យ​សង្ស័យ​សន្លាក់​ក៏​ឲ្យ​ទៅ​ពិនិត្យ​ឈាម​នៅ​គ្លីនិក​ធំ​ឡាបូ ​ទី​នោះ​រក​មិន​ឃើញ​​អ្វី​នោះ​ទេ​។ ​ត្រលប់​មក​វិញ ​ដុកទ័រ​ជំនាញ​សសៃ​នៅ​ម្ដុំ​ផ្សារ​តាប៉ាង (​មិន​បញ្ជាក់​ឈ្មោះ​) ​បាន​ដាក់​ការ​សង្ស័យ​ដោយ​និយាយ​ថា ​ប្រហែល​ជំងឺ​សន្លាក់​ដំណាក់​កាល​ដំបូង ​រួច​ក៏​ផ្សំ​ថ្នាំ​សន្លាក់​ជា​គ្រាប់​ឲ្យ​លេប​តាម​ការ​ស្មាន​ និង​អះអាង​ថា ​មួយ​អាទិត្យ​នឹង​ជា​សះស្បើយ​ហើយ។

​អ្វី​ៗ​ខុស​ពី​ការ​រំពឹង​ទុក ​លេប​ថ្ងៃ​ទី​មួយ ​ស្រីពៅ មាន​អាការៈ​ថប់​ដង្ហើម​តិច​ៗ​តែ​មិន​ប្រាប់​អ្នក​ណា​ទេ ព្រោះ​គិត​ថា​ឆាប់​ជា​តាម​ពេទ្យ។ ​លេប​លើក​ទី​២ ​នាង​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ខ្លាំង​រហូត​ថប់​ដង្ហើម គាំង​បេះ​ដូង​ផ្អើល​ទាំង​យប់​ម៉ោង​ប្រមាណ ២​រំលង​អាធ្រាត្រ និង​ត្រូវ​គ្រួសារ​បញ្ជូន​ទៅ​​ពេទ្យ​កាល់​ម៉ែត្រ​ទាំង​ប្រញាប់។

​សិរីមន្ត​ បាន​យក​កញ្ចប់​ថ្នាំ​របស់​ពេទ្យ​សសៃ​ឲ្យ​គ្រូ​ពេទ្យ​កាល់​ម៉ែត្រ​មើល ហើយពេទ្យ​​ប្រាប់​ថា នេះ​ជា​ថ្នាំ​សន្លាក់​ជា​ប្រភេទ​ថ្នាំ​ធ្វើ​ទុក្ខ​ខ្លាំង​លើ​គ្រឿង​ក្នុង​នានា ប្រសិន​បើ​អ្នក​ជំងឺ​មិន​មាន​ជំងឺ​សន្លាក់​ទេ​នោះ។ ដោយ​សារ​តែ​ថ្នាំ​មួយ​កញ្ចប់​ធ្វើ​ឲ្យ​សួត បេះ​ដូង ចាប់​ផ្ដើម​ខ្សោយ ពេទ្យ​កាល់​ម៉ែត្រ​មិន​ហ៊ាន​ព្យាបាល​ក៏​ណែនាំ​សិរី​មន្ត​ ឲ្យ​ទៅ​ពេទ្យ​ក្រៅ​ប្រទេស។

អាការៈ​កាន់​តែ​ធ្ងន់​ទៅ​ៗ ​សិរី​មន្ត ​បាន​បញ្ជូន​ប្អូន​ទៅ​ពេទ្យ​ប្រទេស​ថៃ ​នៅ​ទី​នោះ​ (​ឈ្មោះ​មន្ទីរពេទ្យ​សេន​លុយ) ​ព្យាបាល​តែ​សួត និង​បេះ​ដូង ហើយ​មើល​ឃើញ​ថា​មិន​ធូរ​ស្រាល​​​បែរ​កាន់​តែ​ដុនដាប កញ្ញា​ស្រី​ពៅ ​បាន​សុំ​បង ​ដូរ​មន្ទីរពេទ្យ។

​សិរី​មន្ត​បាន​ធ្វើ​តាម​សំណើរ​ប្អូន​ដោយ​ដូរ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ផារ៉ាមកៅ ​នៅ​សង្កាត់​ផារ៉ាមកៅ ក្រុង​បាងកក។ ​នៅ​ទីនោះ ​ស្រី​ពៅ ​បាន​សម្រាក​ព្យាបាល​រហូត​រយៈ​ពេល ​៣ឆ្នាំ និង​បាន​ធូ​រស្បើយ​អាការៈ​ផ្សេង​ៗ​ ៧០​% ​តែ​ក្រលៀន​នាង​មាន​បញ្ហា​ធ្ងន់​ដែល​ត្រូវ​ដូរ​បន្ទាន់។ ​សិរី​មន្ត បាន​បញ្ជូន​ប្អូន​ទៅ​កាន់​ប្រទេស​ឥណ្ឌា ​នៅ​ទីនោះ​ស្រី​ពៅ មាន​អារម្មណ៍​កក់​ក្ដៅ និង​មាន​ជំងឺ​អ្វី​ធ្វើ​ទុក្ខ​ខ្លាំង​ទេ។ ​

សម្រាក​បាន​រយៈ​ពេល ២​សប្ដាហ៍ ​ត្រៀម​វះកាត់​ដូរ​ក្រលៀន ​ស្រាប់​តែ​នាង​មាន​អាការៈ​ផ្ដាសាយ ​ធ្វើ​ឲ្យ​នាង​ក្អក​មាន​ឈាម ហើយ​ជំងឺ​នានា​មាន​ទាំង​សួត​ផង ចាប់​ផ្ដើម​រើ​ឡើង​ខ្លាំង​ជាង​មុន ព្រោះ​អាកាស​ធាតុ​ទី​នោះ​ត្រជាក់។ ​ទី​បំផុត​គ្រូពេទ្យ​មិន​អាច​សង្គ្រោះ​បាន នាង​ក៏​បាន​ផុត​ដង្ហើម​តែ​ម្ដង៕ (អត្ថបទ៖ ជាតិបុត្រ )

Loading...