ក្មេងត្រដរខ្យល់ស្ទើរផុត​ដង្ហើមមិនយកឧបករណ៍សង្គ្រោះមក ពេលស្លាប់ហើយទើបយកមកជួយ

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្មេង​ប្រុស​ម្នាក់បាន​​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ដោយ​តែ​ការ​ធ្វេសប្រហែស​របស់​គ្រូ​ពេទ្យ​ព្រោះ​តែ​ក្មេង​មាន​អាការៈ​ត្រដរ​ខ្យល់​ជិត​ស្លាប់​មិន​យក​​ឧបករណ៍មក​​ជួយ​សង្គ្រោះ​ រហូត​ទុក​ឲ្យ​ក្មេង​ស្លាប់​តែ​ម្តង។

រឿង​រ៉ាវ​រឹត​តែ​មិនអស់​ចិត្ត​ទៀត​នោះ ពេល​កុមារ​មាន​អាការៈ​លំបាក​ក្នុង​ខ្លួន​ខ្លាំង​ ភ្នែក​ស្លឺ​ហើយ​តែ​គ្រូ​ពេទ្យ​ប្រាប់​ថា ​ឲ្យ​ក្មេង​គេង​ទៅ​មិន​អី​ទេ ម្ដាយ​ខឹង​ពេក​ក្រោយ​ឃើញ​រឿង​ហួស​ចិត្ត​បែប​នេះ ​គាត់​បាន​ស្រែក​ខ្លាំងៗ​ថា ​កូន​គាត់​បេះដូង​ឈប់​លោត​ហើយ ​ទើប​មាន​គ្រូ​ពេទ្យ​ប្រមាណ​ជាង​ ១០​នាក់​ផ្អើល​មក​មើល​ព្រម​ទាំង​យក​ឧបករណ៍​មក​ជា​មួយ​ដើម្បី​សង្គ្រោះ ​តែ​គួរ​ឲ្យ​សោក​ស្ដាយ​កូន​របស់​គាត់​បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ។

ក្រោយ​ពី​មាន​រឿង​ហេតុ​ដោយ​ចោទ​ក្រុម​គ្រូ​ពេទ្យ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្មេង​ប្រុស​បែប​នេះ​មាន​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ Sophornrith Oum បាន​សរសេរ​រៀប​រាប់​ថា ​«សម្ភារ:សង្គ្រោះ​នៅ​ក្បែរ​ខ្លួន​ដែល​ឃើញ​នេះ​ ក្មេង​ស្លាប់​បាត់​បង់​ជីវិត​ហើយ ​បាន​យក​មក​ប្រើ​ប្រាស់ ​ស្រណោះ​ពេល​មុន​ស្លាប់​វា​ទារ​ទឹក​ដោះ​គោ​ផឹក​អស់​កន្លះ​ដប​ និង​ផឹក​ទឹក​ថែម​ទៀត​ហើយ​វា​ប្រាប់​ម៉ាក់​វា​ថា​គុយៗ (ភាសា​របស់​វា​ធ្លាប់​និយាយ​មាន​ន័យ​ថា អង្គុយ) ប្រហែល​ជា​វា​ពិបាក​ដក​ដង្ហើម ​ហើយ​វា​លូក​លេង​ហោប៉ៅ​អាវ​ម៉ាក់​វា។

លេង​ធម្មតា​មួយ​សន្ទុះ​ក្រោយ​មក​វា​យក​ដៃ​ទះ​ពោះ​វា​ប្រាប់​ម៉ាក់​វា​ថា ​ឈឺ​ពោះៗ​ប្រហែល​ជា​វា​តឹង​ទ្រូង​ឬ​ឈឺ​បេះដូង​ដោយ​សារ​មាន​ទឹក​នៅ​ស្រោប​បេះដូង​វា​ទេ​មិន​ដឹង ហើយ​វា​ក៏​ធ្វើ​ភ្នែក​ស្លឺ ម៉ាក់​វា​ក៏​ពឹង​អ្នក​ជិត​ខាង​ឲ្យ​ជួយ​ហៅ​ពេទ្យ ពេល​ពេទ្យ​មក​ដល់ ​ពេទ្យ​ថា​ឲ្យ​វា​ដេក​ផ្អៀង ​ហើយ​ប្រាប់​ថា​ឲ្យ​វា​ដេក​ទៅ​វា​ដេក​ហើយ។ ម៉ាក់​វា​ក៏​បន្លឺ​ពាក្យ​ធំៗ​ថា ​កូន​ខ្ញុំ​បេះដូង​វា​លែង​ដើរ​ហើយ ​ទើប​ពេទ្យ​ផ្អើល​យក​សម្ភារ:​មក​សង្គ្រោះ​មិន​ដឹង​មក​ពី​ច្រក​ណា​ប្រហែល​ ១០​នាក់​ តែ​កូន​បាន​ស្លាប់​ទៅ​ហើយ»។

កត្តា​នៃ​ការ​ស្លាប់​របស់​ក្មេង​បែប​នេះ​អាច​ជា​ការ​រួម​ផ្សំ​គ្នា​រវាង​គ្រោះ​ថ្នាក់​នៃ​ជំងឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ រួម​ជា​មួយ​នឹង​កំហុស​របស់​ពេទ្យ​ផង​ដែរ ​បើ​គ្រូ​ពេទ្យ​មើល​ការ​ខុស​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ល្អ​ យល់​ពី​ស្ថាន​ភាព​ជំងឺ​ច្បាស់​ប្រហែល​ជា​មិន​អាច​ទុក​ឲ្យ​ក្មេង​ស្លាប់​ដោយ​មិន​បាន​ជួយ​សង្គ្រោះ​បែប​នេះ​នោះ​ទេ។ តែ​យ៉ាង​ណា​ ខាង​ភាគី​គ្រួសារ​នៃ​ក្មេង​ក៏​មិន​បាន​បញ្ជាក់​ថា​ការ​ស្លាប់​របស់​ក្មេង​ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ណា​ដែរ៕ (អត្ថបទ៖ និស្ស័យ)