ទើបមកពីរៀនកូនប្រកាច់ស្លាប់នៅចំពោះមុខឪពុកម្ដាយ គ្មានអ្នកជួយទាន់និងមិនដឹងមូលហេតុ

កាល​ពេល​ថ្មីៗ​នេះ​មាន​ករណី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​លើ​ក្មេង​ប្រុស​អាយុ​ទើប​តែ​ជាង ​៥​ឆ្នាំ​ក្រោយ​មក​ពី​សាលា​រៀន​វិញ​បាន​ប្រមាណ​កន្លះ​ម៉ោង​ ក៏​ស្រាប់​តែ​ចាប់​ផ្តើម​ស្រែ​យំ​ប្រកាច់​ហូរ​ឈាម​តាម​ច្រមុះ​ តាម​មាត់​សន្លប់​រហូត​ស្លាប់​ភ្លាមៗ​។ ឯ​ម្ដាយ​មិន​ដឹង​មូលហេតុ​ការ​ប្រកាច់​ស្លាប់​ក៏​យំ​ស្រែក​ស្ដាយ​ស្រណោះ​កូន​ស្ទើរ​តែ​គាំ​បេះ​ដូង​ព្រោះ​តែ​មិន​អាច​ទទួល​យក​បាន។

បន្ទាប់ពី​មាន​រឿងរ៉ាវ​គួរ​ឲ្យ​សង្វេគ​មិន​ដឹង​មូល​ហេតុ​ដូច្នេះ​មក គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ ​Lyna heng បាន​សរសេរ​រៀប​រាប់​ថា «អាណិត​ក្មួយ​ប្រុស​ណាស់ ម្តាយ​ទទួល​យក​មិន​បាន​ទេ​មិន​ដឹង​ពុល​អី ​ឬ​កើត​អី ​ស្លាប់​ភ្លាមៗ​ត្រឹម​កន្លះ​ម៉ោង​ប៉ុណ្ណោះ អាយុ​ទើប​ជាង​៥​ឆ្នាំ មក​ពី​រៀន​វិញ​ប្រលែង​លេង​ជា​មួយ​ម្តាយ​ឪពុក​ធម្មតា ​លុះ​ប្រះ​ខ្លួន​ដេក​បាន​កន្លះ​ម៉ោង​ក៏​ស្រែក​យំ​ប្រកាច់ ហូរ​ឈាម​តាម​ច្រមុះ តាម​មាត់ សន្លប់​ភ្លាមៗ​ហើយ​ក៏​លែង​ដឹង​ខ្លួន​រហូត​តែ​ម្តង ​(អាណិត​ម្តាយ​ណាស់​ជិត​បូជា​កូន​ទៅ​ហើយ​យំ​ស្ទើរ​សន្លប់ ​ហើយ​នៅ​តែ​មិន​ដឹង​ថា​កូន​ស្លាប់​ដោយ​សារ​អី) សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ចំណី​កូនៗ​នៅ​សាលា​រៀន​ផង»។

ការ​ស្លាប់នេះ​ពិត​ជា​រហ័ស​ពេក​ហើយ ​ព្រោះ​តាម​ការ​បញ្ជាក់​របស់​គ្រួសារ​ថា​ សូម្បី​ដឹក​យក​ទៅ​ពេទ្យ​ក៏​មិន​ទាន់​ផង​ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ស្លាប់​រហូត​មក​ដល់​ថ្ងៃ​បូជា​ក៏​នៅ​តែ​មិន​ទាន់​ដឹង​មូល​ហេតុ​ថា ​កូន​បាន​ស្លាប់​ដោយ​សារ​មូល​ហេតុ​អ្វី​នៅ​ឡើយ​​ទេ។ ប៉ុន្តែ​តាម​ក្រុម​គ្រួសារ​ព្រម​ទាំង​សាច់​ញាតិ​​បាន​ដាក់​ការ​សង្ស័យ​ថា​ ប្រហែល​អាច​មក​ពី​ពុល​ចំណី​ដែល​ក្មេង​បាន​ញាំ​នៅ​ឯ​សាលា​រៀន​ដូច​នេះ​សូម​ឪពុក​ម្ដាយ​មេត្តា​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​នំ​ចំណី​របស់​ក្មេង។ នំ​ក្មេង​លក់​តាម​សាលា​សព្វ​ថ្ងៃ អាច​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ដោយ​សារ​តែ​នំ​មួយ​ចំនួន​មិន​មាន​គុណ​ភាព​ល្អ​ ភាគ​ច្រើន​ជា​ផលិតផល​ក្លែង​ក្លាយ​មិន​មាន​ស្តង់​ដា​ត្រួត​ពិនិត្យ​គុណភាព​ត្រឹម​ត្រូវ ហើយ​ពេល​ខ្លះ​ខ្វះ​អនាម័យ​ទៀត​ផង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ក្រុម​គ្រួសារ​របស់​ក្មេង​រងគ្រោះ​មាន​ទី​លំនៅ​នៅ​​ស្រុក​ភ្នំ​សំពៅ​ ខេត្ត​បាត់ដំបង ​តែ​រឿង​ហេតុ​កើត​ឡើង​នៅ​​ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង ​ព្រំ​ប្រទល់​ព្រំ​ដែន​ខ្មែរ​ថៃ ​ពួក​គេ​ទៅស៊ី​នៅ​​ទី​នោះ​៕ (អត្ថបទ៖ និស្ស័យ Morning Fresh)