គួរឲ្យអាណិត! ស្ត្រីម្នាក់រលាកពេញ​ខ្លួនចំណាំសឹងលែងបាន ក្រោយផ្ទុះទូឆ្ពុង

នៅ​ពេល​ថ្មីៗ​នេះ​ នារី​ម្នាក់​មាន​ស្នាម​របួស​រលាក​យ៉ាង​ធ្ងន់ធ្ងរ​រហូត​ក្លាយ​ជា​ពង​បែក​ពេញ​ខ្លួន​ និង​មុខ ​ក្រោយ​កើត​ហេតុ​ការណ៍​ផ្ទុះ​ទូ​ឆ្ពុង ហើយ​ស្ត្រី​នោះ​ត្រូវ​បាន​សាច់​ញាតិ​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាមៗ​តែ​ម្ដង។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ម្សៅ​ល្មៀត​ និង​ពន្លៃ​សុទ្ធ​បាន​សរសេរ​រៀប​រាប់​ថា «​សួស្ដី​បងៗ​សុំ​ជួយ​ចែក​រំលែក​បន្ត​ផង នេះ​មិន​មែន​ជា​រឿង​ប្រឌិត​ទេ​តែ​ជា​មិត្ត​ភក្ដិ​របស់​ប្អូន​ខ្ញុំ​ផ្ទាល់ ​គាត់​បាន​ទិញ​ទូ​ឆ្ពុង​ដោយ​ប្រើ​អគ្គិសនី តម្លៃ​ ៩៨ដុល្លារ ​យក​ទៅ​ប្រើ ​ថា​ទុក​ប្រើ​ក្នុង​ផ្ទះ ​មិន​ចង់​ចេញ​ក្រៅ​នាំ​តែ​ចំណាយ​ច្រើន គ្មាន​ពេល​វេលា​គ្រប់​គ្រាន់ តែ​អ្វី​ដែល​ត្រូវ​ហួស​ចិត្ត​នោះ​គឺ​ផ្ទុះ​ទូ​ឆ្ពុង​ ឯ​មនុស្ស​វិញ​ដូច​ត្រូវ​គេ​យក​ទឹក​ក្ដៅ​មក​ជះ​លើ​ខ្លួន​ពេញ ពង​បែក​ពេញ​ខ្លួន​ហ្នឹង ឥលូវ​ត្រូវ​ចូល​ដេក​ពេទ្យ​ទើប​តែ​វះ​ពង​បែក​ចេញ​ សូម​ជូន​ពរ​បង​ស្រី​ឲ្យ​ឆាប់​ជា​សះស្បើយ»។

ទូ​ឆ្ពុង​នេះ​គឺ​ជា​ម៉ាស៊ីន​សម្រាប់​សម្លាប់​មេរោគ​ផ្សេងៗ​ដូច​ជា​ជំងឺ​ផ្ដាសាយ ​ឬ​ជំងឺ​ដទៃ​ទៀត​ដោយ​ប្រើ​ចំហាយ​ផ្សែង​​ជា​ពិសេស​មនុស្ស​ស្រី​ភាគ​ច្រើន​តែង​ប្រើ​វា​មិន​ថា ​ជា​ការ​ទិញ​ទុក​ប្រើ​នៅ​ផ្ទះ ​ឬ​ទៅ​ឆ្ពុង​នៅ​ហាង​នោះ​ឡើយ​។ បន្ទាប់​ពី​មាន​រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បែប​នេះ​មក ​មាន​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា​ ម៉ាស៊ីន​ឆ្ពុង​តែង​ដាក់​ឆ្នាំ​ងនៅ​ខាង​ក្រៅ​ តើ​ហេតុ​អ្វី​បាន​ជា​មាន​រឿង​រ៉ាវ​ផ្ទុះ​រលាក​បែប​នេះ​ទៅ​វិញ? តែ​សម្រាប់​ទូ​ឆ្ពុង​មាន​ច្រើន​ប្រភេទ​ណាស់​ទាំង​ដាក់​ឆ្នាំង​នៅ​ខាង​ក្រៅ ​និង​ខាង​ក្នុង​ហើយ​ការ​ផ្ទុះ​នេះ​គេ​បាន​អះអាង​ថា ​ដាក់​ឆ្នាំង​នៅ​ខាង​ក្នុង។

ម៉ាស៊ីន​ឆ្ពុង​ខ្លះ​អាច​មាន​បញ្ហា​ឆ្លង​ចរន្ត​អគ្គិសនី​ឆក់​ទៀត​ផង​ក៏​មាន ​ដូច​នេះ​សូម​ឲ្យ​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​មុន​នឹង​ប្រើ​ម៉ាស៊ីន​ឆ្ពុង​ព្រោះ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​មាន​រឿង​រ៉ាវ​ផ្ទុះ​ដូច្នេះ។ ពេល​នេះ​ស្ត្រី​រងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​ ដើម្បីធ្វើ​ការ​វះ​ពង​បែក​បើ​កាល​ណា​ទុក​វា​កាន់​តែ​យូរ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​រលួយ​ស្បែក​កាន់​តែ​ខ្លាំង​ឡើង៕ (អត្ថបទ៖ និស្ស័យ Morning Fresh)