Loading...

ខំស្រលាញ់គ្នា៤០ឆ្នាំ រកស៊ីពីបាតដៃទទេរហូតពាក់ផ្កាយ៣ ចុងក្រោយតាមស្រីក្មេងចោលប្រពន្ធកូន

ស្ត្រី​ម្នាក់​ដង្ហើយ​ហៅ​ឲ្យ​សម្តេច​គតិ​ព្រឹត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​ជួយ​ ក្រោយ​ត្រូវ​ប្តី​ផ្កាយ​៣ ​មាន​​ស្រី​ថ្មី​លួច​យក​ទ្រព្យ​សម្បត្តិ​ទៅ ​ព្រម​ទាំង​ប្តឹង​សុំ​លែងលះ​ទៀត​ផង។ នេះ​បើ​តាម​ការ​ចោទ​ប្រកាន់​របស់​ស្ត្រី​​ចំណាស់​ជា​ប្រពន្ធ​ដើម​ឈ្មោះ ​ហុក បូរី។

នៅ​ថ្ងៃ​ទី​ ២៩​ ខែ​មករា​ឆ្នាំ ​២០១៩​ ម្សិល​មិញ​នេះ ​​អ្នក​ស្រី ហុក​បូរី ជា​ប្រពន្ធ​ដើម ​អាយុ ​៥៤​ឆ្នាំ ​មាន​ទី​លំនៅ​ផ្ទះ​លេខ​ ៦ ​ផ្លូវ ​លេខ​១ ​ភូមិ​ទ្រូង​មាន់​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំ​ពេញ មាន​ប្ដី​ឈ្មោះ​នន្ទ​ សុខា មាន​ឋានន្តរស័ក្តិ​ផ្កាយ​បី ​បាន​ដង្ហើយ​ហៅ​ឲ្យ​ សម្តេច​គតិ​ព្រឹត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​ ជួយ​ធ្វើ​អន្តរាគមន៍​រក​យុត្តិធម៌ ​ក្រោយ​ពី​ប្តីរូបនេះ​លួច​មាន​សហាយ​ស្មន់​ លួច​យក​ទ្រព្យ​សម្បត្តិ​​ភាគ​ច្រើន​ទៅ​ឲ្យ​សហា​យ ព្រម​ទាំង​បាន​ប្តឹង​ឈ្មោះ​ហុក បូរី​ ជា​ប្រពន្ធ​ដើម ​លែង​លះ​ចែក​ទ្រព្យ​សម្បត្តិ​ទៀត​ផង។

ការ​ដង្ហើយ​ហៅ​ឲ្យ​ជួយ​នេះ ដោយ​លើក​ហេតុ​ផល​ថា ​ប្តី​មាន​មុខងារ​តួនាទី​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​មាន​អំណាច​ ស្គាល់​អ្នក​ច្បាប់​ច្រើន ​បើ​ធ្វើ​ការ​ប្តឹង​នោះ​ប្រាកដ​ជា​ចាញ់​ក្តី​មិន​ខាន។ ​មួយ​វិញ​ទៀត​ភាគី​ជា​ប្តី​មុន​ពេល​ចេញ​ទៅ​បាន​យក​ប្លង់​ដី​សរុប​ចំនួន ​៣៤ហិចតា​ទៅ​ជា​មួយ​ផង​ដែរ ​ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ទៀត​បាន​ពី​ការ​លក់​ដី​លក់​ផ្ទះ​ ព្រម​ទាំង​លុយ​យក​ពី​ធនាគារ​ដែល​ដាក់​ឈ្មោះ​ប្រពន្ធ​ទៅ​ទៀត​ផង។

ចំណែក​ឯ​ប្រពន្ធ​ដើម​ត្រូវ​រស់​នៅ​ជា​មួយ​កូន​២​នាក់ ​កូន​ម្នាក់​ពិការ​ពី​កំណើត កូន​ម្នាក់​ទៀត​ជា​ស្ត្រី​មេម៉ាយ​មាន​ជំងឺ​ប្រចាំ​កាយ ​ឯ​ខ្លួន​ឯង​ជា​ម្ដាយ​រស់​នៅ​មាន​ជំងឺ​ពេញ​ខ្លួន​ទៀត​ផង។ ក្រោយ​ពី​បាន​ជួប​រឿង​អយុត្តិធម៌​បែប​នេះ​អ្នក​ស្រី​​បាន​សរសេរ​រៀប​រាប់​ក្នុង​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ឈ្នោះ ​Hok Bory ថា៖

«ពុទ្ធោ​អើយ​មើល​ចុះ! ប្ដី​ប្រពន្ធ​នឹង​គ្នា​ជិត​៤០​ឆ្នាំ ​នៅ​ជា​មួយ​គ្នា​តាំង​ពី​បាត​ដៃ​ទទេ ​តាំង​ពី​អត់​មាន​ផ្កាយ​ពាក់​នៅ​លើ​ស្មា។ ដល់​ពេល​នេះ​វ័យ​ចាស់​ហើយ​បែរ​ជា​លោក​ប្ដី​ផ្កាយ​បី​ហ៊ាន​លើក​ដៃ​ប្ដឹង​លែង​លះ​ប្រពន្ធ​ទៅ​រួច​។ បើ​ថា​អស់​និស្ស័យ​ហើយ​ក៏​អស់​ចុះ​ ហេតុ​អី​ក៏​ចោទ​ខ្ញុំ​ថា​ខ្ញុំ​បង្ក​ជម្លោះ? ទេវតា​អើយ​ទេវតា​ជាង​ ២០​ឆ្នាំ​មក​នេះ​លោក​ប្ដី​ធ្វើ​អ្វី​ដាក់​ប្រពន្ធ​កូន​ខ្លះ? លោក​ប្ដី​លួច​មាន​សហាយ​ស្មន់ បូឡែន​កូន​ស្រី​យើង​តាម​ទាន់​លោក​ប្ដី​ស្អប់​កូន​ស្រី​យើង​រហូត​មក​លួច​ចង​គំនុំ​នៅ​ក្នុង​ចិត្ត។

មក​ផ្ទះ​ម្ដងៗ​ជេរ​កូន ជេរ​ប្រពន្ធ គំរាម​សម្លាប់​ផ្សេងៗ​។ល។ ខ្ញុំ​ទ្រាំ​បាន​រឿង​លោក​ប្ដី​លួច​មាន​សហាយ​ស្មន់ តែ​ប៉ុន្មាន​ឆ្នាំ​មក​នេះ ​លោក​ប្ដី​ធ្វើ​អ្វីខ្លះ? តើ​លោក​ប្ដី​ដឹង​ទេ? លោក​ប្ដី​យក​ទ្រព្យ​ដែល​រក​បាន​មក​​យក​ទៅ​ឲ្យ​សហាយ​ស្មន់ ​លក់​ដី​ធ្លី លក់​ផ្ទះ លួច​លុយ​យក​ទៅ​ឲ្យ​សហាយ​ស្មន់​ហើយ​លួង​លោម​ខ្ញុំ ខ្ញុំ​ស្មាន​ថា​លោក​ប្ដី​ចង់​រកស៊ី​មែន ខំ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ខ្ចី​លុយ​ធនាគារ ទៅ​ខ្ចី​លុយ​អ្នក​ក្រៅ យក​ឲ្យ​លោក​ប្ដី​ឲ្យ​ប្ដី​រក​ស៊ី ​បែរ​ជា​លោក​ប្ដី​ថា ​រកស៊ី​ខាត​អស់​ដើម​អស់​ចុង។ ទី​បំផុត​សហាយ​ស្មន់​របស់​លោក​ប្ដី​ស្គាល់​បង​ពី​ដំបូង​ជា​ស្រី​ម៉ាស្សា បាន​ព្រឹក​ខ្វះ​ល្ងាច​តែ​វេលា​នេះ​គេ​មាន​អ្វីៗ​សព្វ​យ៉ាង​ទាំង​អស់។ លោក​ប្ដី​បំផ្លាញ​ខ្ញុំ សម្លាប់​ខ្ញុំ​ទាំង​រស់។

ខ្ញុំ​មាន​កូន ៣​នាក់ កូន​ទី១ ​ឈ្មោះ​នន្ទ កុសល​ ជា​កូន​អភ័ព្វ​កើត​មក​ពិការ។ កូន​ទី២​ឈ្មោះ​នន្ទ បូឡែន ជា​ស្រី​មេម៉ាយ រស់​ទទួល​រង​បញ្ហា​សព្វ​យ៉ាង​សុខភាព​ម្ដង​ឈឺ​ម្ដង​ជា។ កូន​ទី ៣​ ឈ្មោះ​នន្ទ សំណាង ​មាន​គ្រួសារ​រស់​ជា​មួយ​នឹង​គ្រួសារ​មិន​ចេះ​ខ្វល់​ពី​ខ្ញុំ​ទេ ឮ​ថា​ប្ដី​ខ្ញុំ​ប្ដឹង​លែង​លះ​ខ្ញុំ កូន​ម្នាក់​នេះ ​គេ​សើច​សប្បាយ​ទៅ​វិញ។ ពេល​នេះ​ខ្ញុំ​រស់​ឈឺ​ចាប់​ជា​មួយ​កូន​ស្រី​ទាំង​ ២​នាក់​របស់​ខ្ញុំ។

លោក​ប្ដី​ខ្ញុំ​បំផ្លាញ​ខ្ញុំ​ឆ្អែត​ហើយ នៅ​ប្ដឹង​ទាម​ទារ​ចែក​ទ្រព្យ​ពី​ខ្ញុំ​ទៀត ចុះ​កូន​ស្រី​ទាំង​ ២​របស់​ខ្ញុំ​ម្នាក់​ពិការ​ម្នាក់​ឈឺ​មិន​ឈប់ ​ចំណែក​ខ្ញុំ​វិញ​ជម្ងឺ​ពេញ​ខ្លួន​ឲ្យ​ខ្ញុំ​រស់​យ៉ាង​ម៉េច? ហើយ​លោក​ប្ដី​ចេញ​ទៅ ​បាន​ប្រមូល​ប្លង់​ដី ១៨ហិចតា ភូមិ​ព្រៃ​ហ្លួង​ និង​ព្រៃ​ឈើ​ទាល ឃុំ​សំរោង​លើ ស្រុក​អង្គ​ស្នូល ដី១៦ហិចតា​ស្ថិត​នៅ​ឃុំ​ប្រាសាទ ​ស្រុក​ស្អាង ក្រោម​ឈ្មោះ​កូន​ស្រី​ នន្ទ បូឡែន​យក​ទៅ​អស់​ហើយ​នៅ​សល់​តែ​ដី​កៀន​ស្វាយ​ក្នុង ​បែរ​ជា​ទាម​ទារ​ចែក​ទៀត។ ឋានៈ​ផ្កាយ​៣ គាត់​មាន​អំណាច​ណាស់​ប្រព័ន្ធ​តុលាការ​ គាត់​​ស្គាល់​ទាំង​អស់​ តើ​ឲ្យ​ម្ដាយ​កូន​ខ្ញុំ​ពឹង​នរណា​ទៅ? សូម​ម៉ែ​ប៊ុន រ៉ានី​អើយ ជួយ​ខ្ញុំ​ និង​កូន​ស្រី​ខ្ញុំ​ផង»៕ (អត្ថបទ៖ និស្ស័យ Morning Fresh)

Loading...