ស្រីស្អាតបាត់ iPhone២គ្រឿងយំហើមភ្នែក តែបែរជួបបុរសចិត្តល្អម្នាក់ធ្វើរឿងមិននឹកស្មាន១

នារី​ម្នាក់​បង្ហាញ​អារម្មណ៍​រំភើប​ហួស​ថ្លែង​ក្រោយ​ពី​បាន​បាត់​ទូរសព្ទ​២​គ្រឿង​ស៊េរី​ទំនើប​ តែ​សំណាង​ល្អ​ប៉ះ​ចំ​អ្នក​មាន​ចិត្ត​ធម៌​ជា​យុវជន​ម្នាក់។ កាល​ដំបូង​ឡើយ​នារី​រូប​នេះ​បាន​ដាក់​ទូរសព្ទ​របស់​ខ្លួន​ទៅ​ក្នុងឃ្លុប​ម៉ូតូ​ និង​ទូរសព្ទ​បិទ​ចោល ​ហើយ​ក្រោយ​មក​ទើប​នាង​ដឹង​ថា​ បាន​ភ្លេច​ទូរសព្ទ​នៅ​ម៉ូតូ។​ ពេល​មក​ដល់​ក៏​ស្រាប់​តែ​បាត់​តែ​ម្ដង នាង​យំ​រហូត​ទាល់​តែ​ភ្នែក​ហើម​ព្រោះ​ស្ដាយ​របស់​ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​រាប់​ពាន់​ដុល្លារ បែរ​មក​បាត់​មួយ​ប៉ប្រិច​ភ្នែក​បែប​នេះ។

បន្ទាប់​ពី​បាត់ ​បុរស​ម្នាក់​ដើរ​ឃើញ​ក៏​បាន​យក​ទូរសព្ទ​នោះ​រក្សា​ទុក​ឲ្យ​នាង​វិញ ព្រោះ​គិត​ថា​បើ​អ្នក​ផ្សេង​ប្រទះ​ឃើញ​ប្រាកដ​ជា​យក​របស់​នាង​ជាក់​ជា​មិនខាន។​ នាង​មាន​អារម្មណ៍​រំភើប​រហូត​ស្រក់​ទឹក​ភ្នែក​ម្តង​ទៀត​ពី​ព្រោះ​កម្រ​នឹង​មាន​មនុស្ស​ល្អ​ដូច​ជា​បុរស​នេះ​ណាស់។ ក្រោយ​រក​ឃើញ​ទូរសព្ទ​វិញ​ហើយ​នាង​បាន​សរសេរ​រៀប​រាប់​លើ​បណ្ដាញ​សង្គម​ថា «គាត់​ជា​មនុស្ស​ល្អ ​ខ្ញុំ​បាន​ដាក់​ទូរសព្ទ​ក្នុង​ម៉ូតូ​ហើយ​ដើរ​ផ្សារ ​តែ​គាត់​បាន​ប្រទះឃើញ​ហើយ​គាត់​យក​ឲ្យ​ខ្ញុំ​វិញ ​មិន​ងាយ​រក​បាន​មនុស្ស​បែប​នេះ​ទេ​ទូរសព្ទ ​២​គ្រឿង ​តែ​គាត់​យក​ឲ្យ​ខ្ញុំ​វិញ​ទាំងអស់​អរគុណ​បង​ប្រុស។ គាត់​ជា​មនុស្ស​ដែល​កម្រ​រក​បាន ​អរគុណ​បង កុំ​វាយ​តំលៃ​មនុស្ស​តែ​សំបក​ក្រៅ»។

សំណួរ​ជា​ច្រើន​តែង​សួរ​ថា ​តើ​ការ​ធ្វើ​ល្អ​បាន​អ្វី​មក​វិញ? សម្រាប់​សំណួរ​មួយ​នេះ​មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​គិត​ខុស​ថា​ តើ​បាន​អ្វី​មក​វិញ ជា​ការ​ពិត​ការ​ធ្វើ​ល្អ​មិន​បាន​សម្ដែង​ចេញ​មក​ថា ​តែង​ទទួល​បាន​ផល​ពេល​នេះ​នោះ​ទេ ​តែ​បើ​ការ​ធ្វើ​រំពឹង​ថា​ បាន​ផល​ភ្លាម​ៗគេ​មិន​ហៅ​ថា​ជា​អំពើ​ល្អ​នោះ​ទេ។ កាល​ណា​អ្នក​បាន​ធ្វើ​អំពើ​ល្អ​វា​បាន​ធ្វើ​ឲ្យ​បាន​ទទួល​បាន​នូវ​សេចក្តី​សុខ​ផ្លូវ​ចិត្ត​ដោយ​សារ​តែ​អ្នក​ក៏​បាន​សប្បាយ​ចិត្ត​ ហើយ​អ្នក​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក​ក៏​សប្បាយ​ចិត្ត ​ពេល​បាន​ទទួល​សេចក្តី​ល្អ​ពី​អ្នក។

ពាក្យ​ចាស់​លោក​តែង​ពោល​ថា ​ការ​ធ្វើ​ល្អ​តែង​ទទួល​បាន​ផល​ល្អ អំពើ​ល្អ​អាច​ធ្វើ​ឲ្យ​ចិត្ត​រំភើប​បាន ​ដូច​នេះ​សូម​នាំ​អ្នក​ធ្វើ​អំពើ​ល្អ​បាន​គ្រប់ៗ​គ្នា​ដើម្បី​សេចក្តី​សុខ​សម្រាប់​ខ្លួន​ឯង​ព្រម​ទាំង​អ្នក​នៅ​ជុំ​វិញ​ខ្លួន ដូច​ជា​ ចេះ​ជួយ​គ្នា​ក្នុង​គ្រា​មាន​ទុក្ខ​លំបាក ជួយ​យក​អាសា​គ្នា​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ឲ្យ​សង្គម​ខ្មែរ​កាន់​តែ​មាន​មនុស្ស​មាន​ភាព​ស្មោះ​ត្រង់​កាន់​តែ​ច្រើន​មិន​ថា​ជា​អ្នក​មាន ​ឬ​អ្នក​ក្រ​ក៏​ដោយ៕ (អត្ថបទ៖ និស្ស័យ Morning Fresh)