រកឃើញស្ថានីយ​ប្រេងឥន្ធនៈភីធីធី (បូកគោ) ចាក់មិនដែលគ្រប់លីត្រ​ឲ្យអតិថិជន

នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋាន​កាំកុងត្រូល ដោយមាន​ការចូលរួម​សហការជាមួយ អាជ្ញាធរដែនដី បាននាំយករថយន្ត​ពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យ​បណ្តាស្ថានីយចែកចាយ​ប្រេងឥន្ធនៈ ចំនួន ០៤ ទីតាំង ក្នុងសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបាន​ធ្វើការវិភាគ​លើកម្រិតសន្ទស្សន៍អុកតាន​របស់ប្រេងសាំង, សេតាន​របស់ប្រេង​ម៉ាស៊ូត និងត្រួតពិនិត្យ​លើរង្វាស់រង្វាល់របស់​បណ្តាស្ថានីយ​ចែកចាយប្រេង​ឥន្ធនៈទាំង ០៤ ផងដែរ។

ជាលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំ​នាញបានរកឃើញ ស្ថានីយចែក​ចាយប្រេងឥន្ធនៈ ភីធីធី (PTT) បូកគោ ស្ថិតនៅ​មហាវិថីព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ​ខណ្ឌចំការមន រាជធានីភ្នំពេញ មិនមាន​អនុលោមភាព​ផ្នែកបរិមាណ។ ​មន្រ្តីជំនាញបាន​ឱ្យម្ចាស់ស្ថានីយ​ខាងលើ ធ្វើកិច្ចសន្យា​កែតម្រូវភាព​មិនអនុលោម​លើកទី១ តែបើមន្រ្តីកាំ​កុងត្រូលរកឃើញ​កំហុសលើកទី ២ មន្រ្តីជំនាញ​នឹងកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ។

គួរបញ្ជាក់ផង​ដែរថា អគ្គនាយកដ្ឋានកាំកុង​ត្រូល នៃក្រសួង​ពាណិជ្ជកម្ម បានដាក់​ចេញនូវវិធានការចំនួន ២ ដើម្បីអនុវត្ត​ ភាពមិនប្រក្រតីដែលត្រូវបានរ​កឃើញលើកទី១ រួមមានកម្រិតលំអៀងលើ​បរិមាណលក់ចេញ និងកម្រិតគុណភាព​អុកតាន (Octane) តម្រូវឱ្យម្ចាស់​ស្ថានីយ/ដេប៉ូ ធ្វើកិច្ចសន្យាកែ​តម្រូវភាព​មិនប្រក្រតី​ឡើងវិញ។ ទន្ទឹមនេះ​នឹងមាន​ផ្សព្វផ្សាយ ឈ្មោះស្ថានីយ/ដេប៉ូ​ប្រេងឥន្ធន:ដែលមិនប្រក្រតីនោះ តាមបណ្តាញ​ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ។

ក្នុងករណី​ស្ថានីយ/ដេប៉ូដដែលមាន​ភាពមិនប្រក្រតីជាលើកទី ២ អគ្គនាយក​ដ្ឋានកាំកុងត្រូល នឹងស្នើសុំក្រសួង ពាណិជ្ជកម្ម ធ្វើការព្យួរអាជ្ញាប័ណ្ណផ្អាកអាជីវកម្មជា​បណ្តោះអាសន្ន និងកសាងសំណុំ​រឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕ ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!