ឃើញលេងសើចក្រមិចក្រមើម តែទូច ស្រីលក្ខណ៍ កំពុងធ្លាក់ខ្លួនចូលក្នុង​ជំងឺកាចសាហាវ១

តារាចម្រៀង​ពូកែ​ខាង​លេង​ទឹកមុខ ក្រមិចក្រមើម​ អ្នកនាង ទូច ស្រី​លក្ខណ៍ ត្រូវ​បានគេ​សម្គាល់ថា នាង​ជា​តារា​មួយរូប ​មាន​ជីវិត​រស់នៅ​ពោរពេញ ​ទៅ​ដោយ​សុភមង្គល និង​កក់ក្តៅ​ នៅ​ក្នុង​គ្រួសារ។

មួយវិញទៀត នាង​ត្រូវ​បាន​គេ​ចាត់ទុក ជា​តារា​ដែល​ចូលចិត្ត​ ការ​សម្តែង​បែប​សប្បាយៗ ​និង​ភាព​ក្រ​ក្រមិចក្រមើម ទៅកាន់​មហាជន​ ឲ្យ​មាន​អារម្មណ៍​សប្បាយរីករាយ តែ​មិន​នឹក​ស្មានថា ​ធាតុ​ពិត​របស់​តា​រាចម្រៀង​ស្រី​រូបនេះ ​កំពុង​តែធ្លាក់​ខ្លួន​ចូល​ទៅក្នុង​ «ជំងឺ​បាក់​ទឹកចិត្ត» ដែល​ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ និង​គួរ​ឲ្យ​ខ្លាច​បំផុត។

ជាក់ស្ដែង កាល​ពីពេលថ្មីៗ​នេះ ​តារាចម្រៀង ទូច ស្រី​លក្ខណ៍ បាន​បង្ហោះ​សារ​មាន​អត្ថន័យ​ថា ​«ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខ្ញុំ​កាន់​ពិបាក ជំងឺ​បាក់​ទឹកចិត្ត​វា​កាន់តែ​ធ្វើឲ្យ​ខ្ញុំ​ពិបាកទៅៗ​ អ្នក​គេ​មើ​ល​មក​ខ្ញុំ​ថា​ខ្ញុំ​សប្បាយ ​តែ​ពេលខ្លះ​ខ្ញុំ​លួច​យំ​ក្នុង​ចិត្ត​។ ស្អែក​ខ្ញុំ​ត្រូវ​ជួប​លោកគ្រូ​ពេទ្យ​ ខាង​ផ្លូវចិត្ត ​សង្ឃឹមថា ​ខ្ញុំ​នឹង​ប្រសើរ​ឡើ​ង​បន្ទាប់ពី​ជួប​គាត់​ហើ​យ​»។

តាមរយៈ​សារ​បង្ហាញពី​ការ​បាក់​ទឹកចិត្ត ពីសំណាក់​តារាចម្រៀង អ្នកនាង ទូច ស្រីលក្ខណ៍ ​បាន​ធ្វើឲ្យមិត្ត​រួម​អាជីព ​ក៏ដូចជា​អ្នកគាំទ្រ និង​ទស្សនិកជន​ជាច្រើន ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ព្រោះ​ស្ទើរ​មិន​ជឿថា ទូច ស្រី​លក្ខណ៍ កើត​មាន​ជំងឺ​បែប​នេះ​នោះទេ និង​បាន​ចូលរួម​លើក​ទឹកចិត្ត ក៏ដូចជា​លើក​ពាក្យ​សរសើរ និង​ជូនពរឲ្យ តារា​ច​ម្រៀងស្រី​រូប​នេះ ឆាប់​ជាសះ​ស្បើយ ពីជំងឺ​នេះ​ផងដែរ។

ជាការ​កត់សម្គាល់ នេះ​មិនមែន​ជា​លើក​ដំ​បូង​ឡើយ ដែល​មាន​អ្នក​សិល្បៈធ្លាប់​ជួបជំងឺ​បាក់​ទឹកចិត្ត ខណៈ​កាល​ពីកន្លងទៅ មាន​តារា​ជាច្រើន​ក៏ធ្លាប់រង​សំពាធ​ផ្លូវ​អារម្មណ៍ កម្រិត​ធ្ងន់ធ្ងរ ពោល​គឺ​កើត​មាន​ជំងឺ​បាក់​ទឹកចិត្ត ប៉ុន្តែ​ក៏​បានធូរ​ស្បើយ​វិញ​ផង​ដែរ៕