ថ្មី​ចែស! នាំ​គ្នា​ផ្អើល​ឆោឡោ ព្រោះ​ដេក​យូរ​ពេក​ដាស់​មិន​ភ្ញាក់ ពេល​យក​ទៅ​ពេទ្យ ស្រាប់​តែ​សួរ​ឡើង​ឡូយ

មានករណីផ្អើលមួយ ដែលនាំឱ្យអ្នកលេងបណ្ដាញសង្គមបែរជាអស់សំណើចទៅវិញ បន្ទាប់ពីដឹងរឿងពិត។ បើតាមម្ចាស់គណនីមួយ ដែលបង្ហោះប៉ុន្មានម៉ោងមុននេះ បានឱ្យដឹងថា ប្អូនប្រុសរបស់ខ្លួន មិនដឹងជាមានបញ្ហាអ្វី បានជាមិនព្រមបើកទ្វារសោះ ទោះគោះខ្លាំងយ៉ាងណាក៏ដោយ។ ក្រោយមក ក្រុមគ្រួសារបានសម្រេចចិត្តគាស់ និងកាត់សោទ្វារចូល។ ពេលយកទៅដល់មន្ទីរពេទ្យ ហើយដឹងខ្លួនវិញ ប្អូនប្រុសរូបនេះបែរជាសួរបងវិញឡើងឡូយ។

បើតាមម្ចាស់គណនី Facebook ឈ្មោះ Rtanak Chea បានសរសេរអមជាមួយរូបភាព ២សន្លឹកដែលកំពុងផ្អើលឆោឡោយកប្អូនប្រុសទៅពេទ្យថា៖ (អាប្អូនអើយ អាប្អូន អញភ័យចង់ងាប់ គាស់ទ្វារផង កាត់សោផង ទំរាំចូលបាន បើមិនដឹងទាន់ទេ មិនដឹងថាយ៉ាងម៉េចទេ ដល់ពេលវា ដឹងខ្លួន វាថាយកវាមកពេទ្យធ្វើអី វាដេកតែចឹង សមតែ ២ជើងទេ បានត្រូវ អានីស)។

ការបង្ហោះនេះ បានទាក់ទាញអ្នកចុច Share បន្ត រហូតដល់ទៅរាប់ពាន់ដង ត្រឹមពេលយ៉ាងខ្លី។ អ្នក Comment ជាច្រើន បាននាំគ្នាអស់សំណើច ជាមួយនឹងពាក្យពេចនរៀបរាប់របស់បងប្រុសរូបនេះ។ ចំណែកអ្នកខ្លះទៀត បាន mention ឈ្មោះមិត្តភក្តិ បងប្អូន ដែលដេកទ្រមក់ ចូលមកក្នុងការបង្ហោះយ៉ាងសប្បាយ។ ទោះបែបនេះក្ដី ក៏មានអ្នកខ្លះ បង្ហាញចម្ងល់ថា ហេតុអ្វីបានជាដេករហូតដាស់មិនភ្ញាក់បែបនេះ។

តាមពិតករណីមនុស្សដេក រហូតមិនដឹងខ្លួន ទោះគេដាស់ក៏មិនងាយភ្ញាក់នេះ ពិតជាអាចមានមែនបើតាមវិទ្យាសាស្ត្រ។ នេះដោយសារមកពីសញ្ញា ដែលបញ្ជូនពីខួរក្បាលទៅកាន់សាច់ដុំនានា ត្រូវបានកាត់បន្ថយ ឬផ្អាកក្នុងពេលខ្លីណាមួយ។ នៅពេលនោះ មនុស្សភាគច្រើន មិនដឹងថាខ្លួនឯងកំពុងគេងឡើយ បែរជាកំពុងស្រមើស្រមៃអណ្ដែតអណ្ដូង។ អ្នកផឹកស្រា ដែលដេកមិនដឹងខ្លួន គឺដោយសារជាតិអាល់កុល ធ្វើឱ្យស្ពឹកដល់ខួរក្បាល មិនអាចបញ្ជូនសញ្ញាទៅសាច់ដុំបាន។

បើតាមទ្រឹស្ដីវិទ្យាសាស្ត្រមួយទៀត អាចនិយាយបានថាជាការភ្លឹក។ ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមនៅសាកលវិទ្យាល័យ Southampton របស់ចក្រភពអង់គ្លេស បានចំណាយពេល ៤ឆ្នាំ ធ្វើពិសោធន៍ទៅលើមនុស្សជាង ២០០០នាក់ ដែលធ្លាប់ជួបប្រទះបញ្ហាបេះដូងលែងដំណើរការ “ភ្លឹក” ក្នុងមន្ទីរពេទ្យ១៥ នៃចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូទ្រីស។ លទ្ធផលបង្ហាញថា ៤០% នៃអ្នករស់ឡើងវិញបានរៀបរាប់ថាពួកគេអាចនៅដឹងអ្វីៗ នៅពេលបេះដូងឈប់ដំណើរការ។

ពេលនេះ អ្នកជំនាញជឿជាក់ថា ក្រោយពេលបេះដូងលែងដើរ ២០ ទៅ ៣០វិនាទី ទើបខួរក្បាលឈប់ដំណើរការទាំងស្រុង ហើយក្នុងចន្លោះពេលនោះ អ្នកស្លាប់នៅតែអាចដឹងរឿងគ្រប់យ៉ាងដែលកើតឡើង។ ប៉ុន្តែការសិក្សាថ្មីមួយទៀតរបស់អ្នកវិទ្យាសាស្ត្រ បានបង្ហាញភស្តុតាងថាអ្នកធ្លាប់ភ្លឹក បេះដូងលែងដើរ អាចដឹងរឿងដែលកើតឡើងរហូតដល់ទៅ ៣នាទី។

បុរសម្នាក់បាននិយាយថា ពេលអ្នកផ្សេងគិតថាលោកស្លាប់ព្រោះបេះដូងលែងដើរហើយនោះ លោកបានឃើញសកម្មភាពគ្រប់យ៉ាងរបស់មនុស្សនៅជុំវិញខ្លួន ហើយថែមទាំងបានឃើញព្រលឹងខ្លួនឯងហោះចេញពីខ្លួនទៅជ្រុងម្ខាងនៃបន្ទប់ ប៉ុន្តែក្រោយមកលោកបានដឹងខ្លួនឡើងវិញ។ បុរសវ័យ ៥៧ឆ្នាំ បានរៀបរាប់យ៉ាងលម្អិតពីសកម្មភាពជួយសង្គ្រោះរបស់បុគ្គលិកមន្ទីរពេទ្យ និងរៀបរាប់ពីសំឡេងម៉ាស៊ីនលាន់ឮឡើង ក្នុងរយៈពេល ៣នាទី ដែលលោកភ្លឹកបេះដូងលែងមានចលនា។ អ្វីដែលបុរសខាងលើនេះរៀបរាប់ គឺដូចទៅនឹងសកម្មភាពជាក់ស្ដែងដែលបានកើតឡើង។

វេជ្ជបណ្ឌិត Sam Parnia នៅសាកលវិទ្យាល័យ New York ដែលជាអ្នកដឹកនាំការស្រាវជ្រាវ បាននិយាយថា “យើងសុទ្ធតែដឹងហើយ ខួរក្បាលមិនអាចដំណើរការទេ ពេលបេះដូងលែងលោត។ ប៉ុន្តែក្នុងករណីនេះ ការដឹងខ្លួនបានបន្តរហូតដល់ ៣នាទី ពេលបេះដូងលែងលោតទៅហើយ។ បើទោះជាយ៉ាងនេះក៏ដោយ ជាទូទៅខួរក្បាលឈប់ដំណើរការពី ២០ ទៅ ៣០វិនាទី ក្រោយពេលបេះដូងឈប់ធ្វើចលនា”។

ការសាកសួរទៅលើមនុស្ស ៣៣០នាក់ ដែលធ្លាប់ភ្លឹកហើយរស់ឡើងវិញ មាន ១៤០នាក់និយាយថាគេអាចដឹងរឿងគ្រប់យ៉ាង ពេលភ្លឹកទៅហើយ។ ម្នាក់ក្នុងចំណោមប្រាំនាក់ បាននិយាយថាពួកគេមានអារម្មណ៍សុខស្រួលខុសពីធម្មតា ខណៈជិតមួយភាគបីបានរៀបរាប់ថាពេលវេលាដូចជាដើរលឿន ឬយឺតខុសពីការពិត។ អ្នកខ្លះបាននិយាយថាឃើញភ្លើងភ្លឺចិញ្ចាច ឃើញពន្លឺពណ៌មាស ឬឃើញព្រះអាទិត្យរះជាដើម។ អ្នកផ្សេងទៀត មានអារម្មណ៍ភ័យខ្លាច មានអារម្មណ៍ថាកំពុងនៅក្នុងជម្រៅទឹកដ៏ជ្រៅ។ ចំណែក ១៣ភាគរយ បានបញ្ជាក់ថាពួកគេមានអារម្មណ៍បែកចេញពីខ្លួន និងក្នុងភាគរយដូចគ្នាបាននិយាយថា ព្រលឹងពួកគេបានហោះខ្ពស់ឡើង។

ការសិក្សាស្រាវជ្រាវរបស់វេជ្ជបណ្ឌិត Sam Parnia និងក្រុមការងារ បានទទួលការសាទរយ៉ាងខ្លាំង ចំពោះភាពជោគជ័យដែលអាចគាស់កកាយថាមានអ្វីកើតឡើងក្រោយពេលដែលយើងស្លាប់ហើយ។ ទោះបែបនេះក្ដី សម្រាប់ប្រជាជនខ្មែរមួយចំនួន មានមតិយោបល់ផ្សេងៗគ្នាទៅលើទ្រឹស្ដីខាងលើនេះ។ បុរសម្នាក់បាន Comment ថា៖ “ការភ្លឹកវាខុសពីការស្លាប់ ភ្លឹកគឺវិញ្ញាណគ្រាន់តែចេញមួយខណៈប៉ុណ្ណោះ។ ឯការស្លាប់វិញ្ញាណគឺរលត់ទៅព្រមគ្នាមានតែចិត្តទេមិនស្លាប់ដែលជាភ្នាក់ងារទៅរកភពថ្មី បើចិត្តមិនទាន់រកភពថ្មីបានទេ វានឹងត្រឡប់មកក្នុងខ្លួនយើងវិញ ពេលនោះហេីយខ្មែរយើងតែងហៅថាភ្លឹកនោះ។ រឿងចិត្តនិងវិញ្ញាណនេះក្រៅពីបុគ្គលត្រាស់ដឹង អ្នកវិទ្យាសាស្ត្រមិនអាចស្រាវជ្រាវដឹងទេ វាជាអចិន្តិយៈ(មិនអាចគិតឬក៏ស្មានត្រូវទេ)”

ចំណែកបុរសម្នាក់ទៀត ដែលបានអានពីរឿងនេះដែរ បាន Comment ថា៖ “នេះជារឿងដ៏អស្ចារ្យ? តាមពិតទៅរឿងនេះព្រះពុទ្ធបានត្រាស់ដឹងរួចមកហេីយ មកពីមិនបានសិក្សាឲបានលំអិត ខ្ញុំមិនឯកភាពថាមានព្រលឹងអ្វីឡើយ ពាក្យថាអនត្តាប្រែថាអត់មានព្រលឹង មិនមែនតួខ្លួន បានន័យថា តួខ្លួនរបស់យើងនីមួយៗផ្គុំគ្នាបានអាចដំណើរការ ពាក្យនឹងបានន័យថា គ្មានខ្លួនគ្មានព្រលឹង គឺបានន័យថាមុននឹងជីវិតដំណេីរការបានទាល់តែបេះដូងប្រទាក់តជាប់គ្នាជាមួយប្រមាត់ ជាមួយសួត សសៃឈាម ខួរក្បាល… ទើបបានដំណេីរ ដូចម៉ានស៊ីនភ្លើងទាល់តែមានប៊ិសតុង ឌីណាម៉ូ ប្រទាក់ជាមួយគ្នាបាន វាដំណើរការ ។ សូមគិតត្រិះរិះពិចារណា បើត្រូវចាំទទួលយក។”

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Morningfresh.news ដោយគ្មាន​ការ​អនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!