ញាក់សាច់! សុំមិត្តស្រីរៀបការ​កណ្ដាលស្ដុប ស្ទះពេញទីក្រុង ឯប៉ូលិសក៏ដូចចិត្តទៀត

​មុន​ឈាន​ដល់​ដំណាក់​ការ​សារភាព​ ​គូស្នេហ៍​មួយ​គូពិត​ជា​​ត្រូវ​ការ​ពេល​វេលា​ស្វែង​យល់​ចិត្ត​គ្នា​ជា​មុន​សិន ​ដើម្បី​វិនិច្ឆ័យ​មើល​ថា ពេល​​រួម​រស់​នៅ​ជាមួយ​គ្នា​អាច​មាន​សុភមង្គល​បាន​ប៉ុនណា។ ​តែ​បើ​ពេល​វេលា​នេះ​មិន​សូវ​ត្រូវ​រ៉ូវ​គ្នា ​មាន​អត្តចរិត ឬ ឫកពា​ខុស​គ្នា​ស្រលះ​ហើយ ពួក​គេ​នឹង​ចែក​ផ្លូវ​គ្នា​វិញ ​ចៀស​វាង​កើត​មាន​វិប្បដិសារី។

ការ​សារភាព​ទៅ​កាន់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ​ជា​ទូទៅ​ភាគី​ខាង​ប្រុស​ជាអ្នក​​ធ្វើ​ ​ដើម្បី​ឲ្យ​ប្រាកដ​ថា​ នារី​ម្នាក់​នោះ​ក្លាយ​ជា​គូស្នេហ៍​ខ្លួន​ហើយ បើ​នាង​មិន​ប្រកែក។ ​ប៉ុន្តែ​សម័យ​បច្ចុប្បន្ន​នៅ​តាម​ប្រទេស​ជាច្រើន ​គេ​មិន​ប្រកាន់​តែ​ខាង​ប្រុស​​សារភាព​នោះ​ទេ ខាង​ស្រី​ក៏​អាច​សារភាព​បាន​ដែរ​បើ​នាង​គិត​ថា​ខ្លួន​ស្រលាញ់​គាត់ ​ព្រោះ​វា​មិន​មែន​ជា​អំពើ​ល្មើសច្បាប់ ឬ​ខាត​បង់​អ្វី​ឡើយ​។

​ប្រសិនបើ​ខាង​ប្រុស​សារភាព​បាន​ជោគជ័យ​ និង​ទទួល​ចម្លើយ​គាប់​ចិត្ត​​ ​គាត់​នឹង​រង់​ចាំ​ឱកាស​ពិសេស​ណា​មួយ ដើម្បី​ Surprise សុំ​នាង​រៀប​ការ​ជាមួយ​គ្នា ។ ​ចំណែក​បុរស​ខាង​ក្រោម​នេះ បាន​ស្រលាញ់​គ្នា​​ជាមួយ​មិត្តស្រី​យូរ​ឆ្នាំ​ហើយ ​ទើប​សុំ​នាង​រៀប​ការ​កណ្ដាល​ផ្លូវ​សាធារណៈ​ក្រោម​ក្រសែភ្នែក​អ្នក​ដំណើរ​តាម​យានជំនិះ និង​ថ្មើរ​ជើង​រាប់​រយ​នាក់។

​បុរស​ម្នាក់​នេះ​ជា Rider បាន​ស្នើសុំ​មិត្តស្រី​រៀបការ​កណ្ដាលផ្លូវ​បែក​ជា​បួន​ដ៏​មមាញឹក​មួយ​នៅ​ប្រទេស​ហ្វីលីពីន ដោយ​បាន​កែប្រែ​ចរាចរណ៍​ដែល​ធ្លាប់​តែ​ទៅ​មក​យ៉ាង​រលូន មក​ជា​ស្ទះ​ណែនណាន់​តាន់តាប់​អស់​រយៈពេល​មួយ​សន្ទុះ​ធំ។ ​ប៉ុន្តែ​អ្នក​ដំណើរ​ហាក់​មិន​បាន​បញ្ចេញ​អាកប្បកិរិយា​មួម៉ៅ​ក្ដៅ​ក្រហាយ ​បែរ​ជា​ខំ​ជួយ​ស្រែក​ហ៊ោ​គូស្នេហ៍​ថ្មី​នេះ​ទៅ​វិញ ​ទោះ​ត្រូវ​រង់ចាំ​ចរាចរណ៍​ក្រោម​ពន្លឺ​ថ្ងៃ​ក៏​ដោយ។

​ទាំង​អ្នកបើកបរ​ម៉ូតូ រថយន្ត និង​ថ្មើរជើង​មានការ​អន្ទះសា ចង់​ដឹង​ចង់​ឃើញ​ថា​ មូលហេតុ​អ្វី​បានជា​នៅ​សុខៗ​ស្រាប់តែ​ប៉ូលិស​បិទផ្លូវ​ទាំង ៤​ទិស ដោយ​មិន​បាន​ជម្រាប​សាធារណជន​ឲ្យដឹង​ជា​មុន​។ ប៉ុន្តែ​ពេល​គេ​សម្លឹង​ទៅ​មើល​ទៅ​មុខ គេ​ឃើញ​គូស្នេហ៍​មួយគូ​បាន​ឈប់​ម៉ូតូ​កណ្ដាល​ផ្លូវ​ប្រសព្វ​គ្នា​នៅ​ទីក្រុង Calamba ខេត្ត Laguna រួច​មាន​ក្បួន​ម៉ូតូ​ធំៗ​ជិះ​ជុំវិញ​អ្នក​ទាំង​ពីរ​។ បន្តិចក្រោយមក គេ​ឃើញ​មិត្ត​ប្រុស​ខាងលើ បាន​លុតជង្គង់​បំពាក់​ចិញ្ចៀន​ស្នេហ៍​ឲ្យ​មិត្ត​ស្រី​តែម្ដង​។

​លោក Mikki ជា​សមាជិក​ក្រុម​អ្នក​ជិះ​ម៉ូតូ​ធំ​ បាន​ស្នើ​ឲ្យ​មិត្តភ័ក្ដិ​របស់​ខ្លួន​ជួយ​ធ្វើ​ក្បួន​ ដើម្បី​ឲ្យ​មិត្ត​ស្រី នាង Cheann ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​។ បើ​តាម​ក្មួយ​ប្រុស​បុរស​រូប​នេះ គឺ​លោក Villanueva និយាយ​ថា ពួកគាត់​បាន​ស្នើសុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​បិទ​ផ្លូវបែក​ជា​បួន​ខាងលើ​ពីរ​បី​នាទី​រួច​ហើយ​ និង​ទទួល​ការយល់ព្រម​ដែរ​។

​បន្ទាប់​ពី​យល់​ព្រម ប៉ូលិស​ចរាចរ​បាន​ចូល​រួម​ធ្វើ​តួ​សម្ដែង​ជា ​ប៉ូលិស​មក​ផាក​ពិន័យ​គូស្នេហ៍​ដែល​ឈប់​ម៉ូតូ​កណ្ដាល​រង្វង់​មូល ​ខណៈ​ប៉ូលិស​ផ្សេង​ទៀត​កំពុង​ឈរ​រារាំង​អ្នក​ដំណើរ​​ឲ្យ​ផ្អាក​ធ្វើ​ចរាចរណ៍​សិន​ទាំង ៤​ ទិស​។ ទោះជា​យ៉ាងណា លោក Mikki​ បាន​សុំ​អភ័យទោស​សាធារណជន​ដែល​បាន​​រំខាន​ពេល​វេលា​ខ្លះ​ផង​ដែរ​៕ ​(ប្រែ​សម្រួល៖ ជាតិបុត្រ Morning Fresh)

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Morningfresh.news ដោយគ្មាន​ការ​អនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!