Loading...

ប្ដីមានស្រី មិនសូវចម្លែក តែនេះប្ដីមានប្រុសបានយ៉ាប់

កាល​ពី​ម្សិលមិញ​ផលិតកម្ម 3 Pixel ​បាន​បង្ហោះ​វីដេអូ​ចម្រៀង​ MV ​ផ្លូវ​ការ​បទ «ប្ដី ៦៩» ​ដែល​ច្រៀង​ដោយ​លោក​ ហៃ ណា ​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ក្នុង​ស្រុក​ព្រោះ​តែ​មាន​ចូល​ទស្សនា​រាប់​ម៉ឺន​ដង​ហើយ។

​អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះ ចង់​និយាយ​រៀប​រាប់​ទុក្ខ​សោក​របស់​ភរិយា​ម្នាក់​ដែល​មាន​ស្វាមី​រៀប​ការ​ស្រប​ច្បាប់ និង​រួម​រស់​នៅ​ជាមួយ​គ្នា​ជាង ៦​ឆ្នាំ ​រហូត​មាន​កូន​ស្រី​មួយ។ ​ក្រោយ​ទទួល​បាន​សមាជិក​ថ្មី​​ មិន​បាន​ធ្វើ​ឲ្យ​គ្រួសារ​នេះ​មាន​សុភមង្គល បង្កើន​​ភាព​សប្បាយ​រីករាយ​ទេ ​ព្រោះ​តែ​ស្វាមី​បាន​លួច​ទាក់​ទង​គូស្នេហ៍​ម្នាក់​ទៀត​ជា​បុរស​ដូច​គ្នា។ ​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នេះ ​ស្វាមី​បាន​នាំ​គូស្នេហ៍​មក​លេង​ដល់​ផ្ទះ​ដោយ​ជិះ​រថយន្ត​ជាមួយ​គ្នា​​យ៉ាង​ផ្អែម​ល្ហែម​ថែម​ទៀត។

​ចំណែក​តួអង្គ​ភរិយា​មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​គូស្នេហ៍​របស់​ប្ដី​នោះ​ទេ ​ដោយ​គិតថា​​ត្រឹម​ជា​មិត្តភ័ក្ដិ​ជិត​ស្និត​ធម្មតា​ម្នាក់ ​តែ​អ្វី​ៗ​ខុស​ពីការ​គិត​ទាំង​ស្រុង ​ដោយ​សារ​តែ​ពេល​មួយ​នាង​តាម​ទាន់​សកម្មភាព​ប្ដី​កំពុង​តែ​ស្រើប​ស្រាល​ជាមួយ​ប្រុស​ស្នេហ៍​ក្នុង​បន្ទប់​ ទើប​ចាប់​ផ្ដើម​បែក​ការណ៍​តាំង​ពី​ពេល​នោះ​មក។ ​បុរស​ជា​ប្ដី​បាន​និយាយ​ទៅ​កាន់​ភរិយា​កំពុង​តែ​យំ​សោក​ថា ​ខ្លួន​រៀប​ការ​ជាមួយ​នាង ​គឺ​គ្រាន់​តែ​តាម​ឪពុក​ម្ដាយ​ប៉ុណ្ណោះ តែ​ចិត្ត​ស្រលាញ់​បុរស​​ច្រើន​ជាង។

​បន្ទាប់​ពី​តាម​ទាន់​ ចំណង​ស្នេហ៍​ទាំង​រកាំរកូស​រាប់​ឆ្នាំ ​ត្រូវ​ដល់​ផ្លូវ​បញ្ចប់​ដោយ​បុរស​ជា​ប្ដី​សុខ​ចិត្ត​ដឹក​ដៃ​ប្រុស​ស្នេហ៍ ចុះ​ចោល​ប្រពន្ធ ​កូន ​ផ្ទះ​សម្បែង​ដោយ​បន្សល់​ទុក​ឲ្យ​កូន​ និង​ប្រពន្ធ​​ស្រក់​ទឹក​ភ្នែក​ដោយ​ភាព​ឈឺចាប់។ ​នេះ​ជា​ឈុត​ឆាក​មួយ​ក្នុង​បទ​ចម្រៀង​ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​ជ្រុង​តូច​មួយ​នៃ​សង្គម​បច្ចុប្បន្ន​ដែល​អ្នក​ទី ៣ ​មិន​ត្រូវ​ចូល​មក​ជ្រៀតជ្រែក​សុភមង្គល​គ្រួសារ​របស់​គេ​ដាច់​ខាត និង​​មួយ​ទៀត​ការ​ជ្រើសរើស​​​​​ប៉ះប្ដី​ស្រលាញ់​បុរស​៕ (អត្ថបទ៖ បុត្រា Morning Fresh)

Loading...