អនិច្ចា​ណាស់! ហេតុតែក្រអត់ប្រាក់ជួលឡាន សុខចិត្តបីសពប្រពន្ធដើរតាមផ្លូវ រហូតទន់ជង្គង់

នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ ​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល ​និង​សង្វេគ​ចិត្ត​មួយ​នៅ​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ មុខ​​វត្ត​ស្ទឹង​មាន​ជ័យ ​ដោយ​មាន​បុរស​ម្នាក់​បី​សព​ប្រពន្ធ​ដើរ​តាម​ផ្លូវ​រក​កន្លែង​សមរម្យ​តម្កល់​សព​ ​ប៉ុន្តែ​ត្រូវ​ទន់​ជង្គង់​អស់​កម្លាំង​ឈប់​សម្រាក ​ក៏​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​តែ​ម្ដង។

​បើ​តាម​ប្រភព​បង្ហើប​ឲ្យ​ដឹងថា​ ​បុរស​វ័យ​ចំណាស់​​នេះ ជា​អ្នក​រើស​អេតចាយ​បាន​បី​សព​ប្រពន្ធ​របស់​ខ្លួន​ដើរ​ជា​ច្រើន​ម៉ែត្រ​ទាំង​ត្រដរខ្យល់​ ដើម្បី​រក​កន្លែង​តម្កល់​សព​ប្រពន្ធ​ដែល​ស្លាប់​ដោយសារ​ជំងឺ​ នៅតាម​​ចិញ្ចើម​ផ្លូវ​ជាប់​របង​វត្ត​ស្ទឹងមានជ័យ​។ ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​ ១២​ និង​៥០​នាទី​ ថ្ងៃ​ទី​០២​ ខែ​កញ្ញា​ ឆ្នាំ​២០១៨ នៅ​មុខ​វត្ត​ស្ទឹងមានជ័យ ស្ថិត​ក្នុង​ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្តី​​សព​ បាន​ប្រាប់​ឲ្យ​ដឹងថា មុន​ពេល​ប្រពន្ធ​របស់​គាត់​ស្លាប់​ ​គឺ​មាន​ជំងឺ​ឈឺ​ធ្មេញ​ហើយ​ហើម​ថ្គាម​ជាច្រើន​ថ្ងៃ​មក​ហើយ ហើយ​គាត់​តែងតែ​ទិញ​ថ្នាំ​ឲ្យ​ប្រពន្ធ​លេប​ជាប្រចាំ​តែ​មិន​ធូរស្បើយ​នោះទេ ដោយសារ​ជីវភាព​ក្រីក្រ​គ្មាន​លុយ​​ឯណា​យកប្រពន្ធ​ជាទី​ស្រលាញ់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ទើប​ថ្ងៃនេះ​ប្រពន្ធ​របស់​គាត់​បាន​ឃ្លាត​ឆ្ងាយ​ចោល​គាត់​ដោយ​គ្មាន​ថ្ងៃ​​វិល​ត្រលប់​ក្រោយ​​វិញ​បាន​។

​អ្វី​ដែល​គួរ​ឲ្យ​សង្វេគ​បំផុត​ទៅ​ទៀត​នោះ ​គឺ​បុរស​វ័យ​ចំណាស់​គ្មាន​លុយ​នឹង​ធ្វើ​បុណ្យ​សព​ប្រពន្ធ​ខ្លួន​តែ​ម្ដង។ ​ចំណែក​អត្តសញ្ញាណ​​ពួក​គេ​ មិន​ទាន់​​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ហើយ​កន្លែង​​​​​តម្កល់​សព​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​នោះ​តែ​ម្ដង ឬ​យ៉ាង​ណា​​នោះ​ដែរ​។

ចំណែក​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ និង​យល់​ឃើញ​ផ្សេង​ៗគ្នា​បែប​អាណិត​អាសូរ ​កោត​សរសើរ​ស្នេហា​ស្មោះ​ស្ម័គ្រ ​និង​មួយ​ចំនួន​ទៀត​បាន​ដាក់​បន្ទុក​លើ​សង្គម​ផងដែរ។ «មើល​ហើយ​អាន​ហើយ​ក៏​ស្រក់​ទឹកភ្នែក សូម​អោយ​វិញ្ញាណក្ខន្ឋ​គា​ត់​ទៅកាន់​សុគតិភព ទឹកចិត្ត​ប្តី​ចំពោះ​ប្រពន្ធ​ជាទី​ស្រលាញ់​។ ទោះបី​គ្មាន​លុយ​ធ្វើ​បុណ្យ ឫ​ដឹក​សព​ប្រពន្ធ​ ក៏​គ្មាន​ដែរ​តែ​ដោយ​ស្នេហា​ពិត​គាត់​បាន​បី​សព​ប្រ​ពន្ធទៅដល់​វត្ត​ដើម្បី​តម្កល់​សព​ប្រពន្ធ​ ជីវិត​អ្នកក្រ​មាន​តែប៉ុណ្ណេះឯង​មែនទេ​ព្រះ​ជា​ម្ចាស់?​

​​នេះ​ហើយ​រសជាតិ​ជីវិត មនុស្ស​យើង​មួយចំនួន​តូច​តែង​គិតថា​ ហេតុ​អ្វី​ជីវិត​ខ្លួន​ពិបាក​ម្ល៉េះ​! ចូរ​​អ្នក​ក្រឡេក​មើល​ម​នុស្ស​ដែល​ពិបាក​ជាង​អ្នក​ទៀត ដូចជា​ពួក​គាត់​ជា​អ្នក​រើស​អេតចាយ​នេះ​ចឹង ទោះ​គាត់​គ្មាន​លុយ​ក៏​គាត់​មិន​ទុក​ឲ្យ​សព​ប្រពន្ធ​គាត់​រលួយ​ចោល​ដែរ គឺ​គាត់​ខំ​បី​ប្រពន្ធ​គាត់​ទៅ​រក​កន្លែង​តម្កល់​យ៉ាង​ត្រឹមត្រូវ នេះ​ហើយ​ជីវិត​ បើ​យើង​មិន​តស៊ូ​ខ្លួនឯង ​តើ​អ្នកណា​មក​តស៊ូ​ជំនួស​យើង?

​ឱ​អនិច្ចា​វាសនា​អ្នកក្ររ​ស់ទាំង​ត្រដរ​សែន​វេទនា​ អ្នកមាន​មិនដឹង​ក្តី​ទុក្ខ​ទេ​ គេរ​ស់ដឹង​តែ​ភាព​ហ៊ឺ​ហា​។ ​រីឯ​អ្នកក្រ​ត្រដរ​រស់​សែន​សង្វេគ​ហួស​នឹង​ពិពណ៌នា។ ​ចំ​ណី​អ្នក​មាន​ញាំ​ហូរហៀ​ឯ​គ្នា​អ្នកក្រ​គ្មាន​អី​ឆី​។ ចង់​អោយ​សង្គម​មួយ​នេះ​ជា​សង្គម​ដែល​ចេះ​អធ្យាស្រ័យ​និង​ជួយ​គ្នា​ទៅវិញទៅមក ព្រោះ​ជា​មនុស្ស​ដែល​រស់​នៅ​សង្គម​តែមួយ អ្នក​មាន រឺ​អ្នកក្រ​សុទ្ធតែ​ជា​មនុស្ស​ដូច​គ្នា​ទេ សូម​ជួយ​ទៅ​តាម​លទ្ធ​ដែល​យើង​ទាំងអស់គ្នា​មាន សុទ្ធតែ​រស់នៅ​ក្រោម​ដំបូល​ខ្មែរ​តែ​មួយ៕

error: ហាម​លួចចម្លង​អត្ថបទ​នេះ!