អ្នក​នេសាទ​ប្រទះ​ឃើញ​កប៉ាល់​អាថ៌កំបាំង​ធំ​មួយ​អណ្ដែត ពេល​ឡើង​ទៅ​ពិនិត្យ​ស្រាប់​តែ​ភ្ញាក់​ផ្អើល​ខ្លាំង

កប៉ាល់​ដ៏​ធំ​មួយ​ដែល​មាន​ប្រវែង​ដល់​ទៅ១៧៧ម៉ែត្រ ត្រូវ​បាន​ក្រុម​អ្នក​នេសាទ​ប្រទះ​ឃើញ​​អណ្ដែត​នៅ​ដែន​សមុទ្រ​ប្រទេស​មីយ៉ាន់ម៉ា។ បន្ទាប់​ពី​រាយការណ៍​ដល់​សមត្ថកិច្ច​ឡើង​ទៅ​ពិនិត្យ បែរ​ជា​គ្មាន​ឃើញ​អ្នក​បើក និង​ក្រុម​ការងារ ឬ​ទំនិញ​ណា​មួយ​ឡើយ។ ក្រោយ​បង្ហោះ​ឡើង​លើ​បណ្ដាញ​សារព័ត៌មាន​នានា ស្រាប់​តែ​មាន​ការ​ភ្ញាក់​ផ្អើល​ចាប់​អារម្មណ​យ៉ាង​ខ្លាំង ចំពោះ​កប៉ាល់​ដ៏​អាថ៌កំបាំង​មួយ​នេះ។

​កប៉ាល់​នេះ​ត្រូវ​បាន​ក្រុម​អ្នក​នេសាទ​ប្រទះ​ឃើញ​អណ្ដែត​មក​ជិត​ឆ្នេរ​ក្នុង​ទី​ក្រុង​យ៉ាំងហ្គូន ប្រទេស​មីយ៉ាន់ម៉ា ហើយ​សមត្ថកិច្ច​បាន​ឡើង​ទៅ​ត្រួត​ពិនិត្យ​កាល​ពី​ថ្ងៃ​ទី ៣០ ខែ​សីហា។ ពេល​ឡើង​ទៅ​ត្រួត​ពិនិត្យ គឺ​ពុំ​មាន​ឃើញ​មនុស្ស​ណា​ម្នាក់​ឡើយ ហើយ​ទំនិញ​ទៀត​សោត​ក៏​គ្មាន​ដែរ គឺ​មាន​តែ​ខ្មោច​កប៉ាល់​តែ​ប៉ុណ្ណោះ។ សមត្ថកិច្ច និង​អ្នក​នេសាទ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង មិន​ដឹង​ថា​កប៉ាល់​ដ៏​ធំ​បែប​នេះ អណ្ដែត​មក​យ៉ាង​ដូច​ម្ដេច។

បើ​តាម​ស្ថានភាព​ជាក់​ស្ដែង កប៉ាល់​ប្រវែង ១៧៧​ម៉ែត្រ​នោះ មាន​សភាព​ច្រែះចាប់​ខ្លះ​ទៅ​ហើយ ព្រោះ​តែ​អំណាច​នៃ​ទឹក​សមុទ្រ ហើយ​ការ​អណ្ដែត​នេះ​ក៏​មិន​មែន​តិច​ឆ្នាំ​ដែរ។ ចំពោះ​ក្រុម​មនុស្ស​នៅ​លើ​កប៉ាល់ មិន​ដឹង​ថា​បាន​ជួប​គ្រោះ​ថ្នាក់ ឬ​យ៉ាង​ណា​នោះ​ទេ ព្រោះ​មិន​មែន​តឹក​តាង​បង្ហាញ​ពី​វត្ត​មាន​មនុស្ស​នៅ​លើ​កប៉ាល់ គឺ​មាន​តែ​សម្បក​កប៉ាល់​ទទេ ដែល​អណ្ដែត​រសាត់​មក​ទើរ​នឹង​ឆ្នេរ​សមុទ្រ។

ក្រោយ​ពី​ប្រទះ​ឃើញ​បែប​នេះ សារព័ត៌មាន​នានា ក៏​បាន​យក​ទៅ​បង្ហោះ​ចែក​ចាយ​ព្រោង​ព្រាត ដើម្បី​ស្វែង​រក​អាថ៌កំបាំង​ពី​កប៉ាល់​ខាង​លើ។ ក្នុង​នោះ​ដែរ ប្រជាជន​មីយ៉ាន់ម៉ា​ជា​ច្រើន បាន​នាំ​គ្នា​ចែក​រំលែក ហើយ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង។ មាន​អ្នក​ខ្លះ ដាក់​ការ​សង្ស័យ​ថា កប៉ាល់​នេះ​អាច​ជួប​គ្រោះ​ធម្មជាតិ ឯ​អ្នក​ខ្លះ​ទៀត​គិត​ថា មាន​ចោរ​សមុទ្រ​ប្លន់​សម្លាប់​មនុស្ស​ទាំង​អស់​នៅ​លើ​កប៉ាល់។

ទោះ​បែប​នេះ​ក្ដី បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ព័ត៌មាន​មួយ​ចំនួន សមត្ថកិច្ច​បាន​ដឹង​តម្រុយ​ខ្លះៗ​ថា កប៉ាល់​ឈ្មោះ SAM RATULANGI PB 1600 នេះ បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​កាល​ពី​ឆ្នាំ​២០០១។ ប៉ុន្តែ​ក្រោយ​មក ស្រាប់​តែ​ត្រូវ​បោក​បក់​ចេញ​ពី​ឆ្នេរ​សមុទ្រ​តៃវ៉ាន់​ក្នុង​ឆ្នាំ​២០០៩ ហើយ​ក៏​បាត់​ខ្លួន​រហូត ដោយ​រក​មិន​ឃើញ។ រំលង​បាន ៩​ឆ្នាំ ស្រាប់​តែ​ប្រទះ​ឃើញ​នៅ​ឆ្នេរ​សមុទ្រ​របស់​ប្រទេស​មីយ៉ាន់ម៉ា​នេះ​តែ​ម្ដង។

គួរ​បញ្ជាក់​ថា ករណី​លិច​កប៉ាល់ និង​បាត់​កប៉ាល់ តែង​កើត​មាន​ជា​ញឹក​ញាប់ នៅ​គ្រប់​បណ្ដា​ប្រទេស ដែល​មាន​ផ្លូវ​ទឹក​មមាញឹក។ វា​អាច​កើត​ឡើង ពី​គ្រោះ​ទឹក​ជំនន់ ខ្យល់ព្យុះ រលក​ធំៗ ឬ​គ្រោះ​ធម្មជាតិ​នានា។ នៅ​ពេល​ដែល​កប៉ាល់​លិច ភាគ​ច្រើន គេ​ព្យាយាម​ស្រង់​ទំនិញ​ដែល​អាច​ស្រង់​បាន ប្រសិន​បើ​វា​ជា​ទំនិញ​មាន​តម្លៃ ប៉ុន្តែ​បើ​មិន​សូវ​មាន​តម្លៃ​ក៏​មិន​ស្រង់​ដែរ ព្រោះ​ថ្លៃ​ចំណាយ អាច​ខ្ពស់​ជាង​ទំនិញ​ទៅ​ទៀត។ រី​ឯ​កប៉ាល់​ក៏​ដូច​គ្នា វា​ពិបាក​នឹង​ស្រង់​មក​វិញ ហើយ​ចំណាយ​ក៏​ខ្ពស់​ដែរ ទើប​គេ​ទុក​ចោល​តែ​ម្ដង៕

ប្រែ​សម្រួល៖ ជិន ស៊ីវុត្ថា
ប្រភព៖ Khoasod

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!