ក្រណាត់សរុំដៃ រុំជើង អង្គុយលើរទេះរុញ តែបេក្ខជនម្នាក់នេះមិនបោះបង់ការប្រលងឡើយ

នៅ​​ថ្ងៃ​ច័ន្ទ​ទី២០ ខែ​សីហា ​ឆ្នាំ​២០១៨ ដែល​ជា​ថ្ងៃ​ដំបូង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ បាន​ផ្ដើម​បន្ដ​ទៀត​ហើយ​នៅ​វេលា​ម៉ោង​ ២​រសៀល​ដោយ​ថ្នាក់​វិទ្យាសាស្ដ្រ​ប្រឡង​មុខវិជ្ជា គីមី និង​អង់គ្លេស រីឯ​ថ្នាក់​សង្គម ប្រឡង​មុខវិជ្ជា ភូមិ និង​អង់គ្លេស​។ នេះ​បើ​តាម​កាលវិភាគ​ដំណើរការ​ប្រឡង​។

នៅ​​ម៉ោង ​១ និង​៣០នាទី​រសៀល​ លោក​គ្រូ​អ្នក​គ្រូ​​ជា​អនុរក្ស​បន្ទប់​ប្រលង​បាន​ចេញ​មក​​ឆែក​ឆេរ​បេក្ខជន​ប្រលង​​ទាំង​ស្រីទាំង​ប្រុស ​ដើម្បី​ឲ្យ​ប្រាកដ​ថា ​បាន​ធ្វើ​តាម​លក្ខខណ្ឌ និង​វិន័យ​នៃ​ការ​​ប្រលង​របស់​ក្រសួង​អប់រំ។ ​​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​ទាំង​អស់ ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​អាណិត​អាសូរ និង​ក៏​កោត​សរសើរ​ផង​ដែរ ​ព្រោះ​តែ​គេ​ត្រូវ​អង្គុយ​រទេះ​រុញ​សម្រាប់​ជន​ពិការ​ទៅ​កាន់​បន្ទប់​ប្រលង ​ខណៈ​ដៃ​ស្ដាំ និង​ជើង​ស្ដាំ​របួស​នៅ​រុំ​ក្រណាត់​ស​នៅ​ឡើយ ​ទំនង​ជា​បាន​ជួប​គ្រោះ​ថ្នាក់​អ្វី​មួយ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​ប្រលង។

​តាម​រយៈ​រូបភាព​បង្ហោះ​លើ​បណ្ដាញ​សង្គម ​គេ​ឃើញ​បេក្ខជន​ត្រូវ​អនុរក្ស​រុញ​រទេះ​ឡើង​ទៅ​កាន់​បន្ទប់​ប្រលង​ដែល​មិន​មែន​ជា​ជាន់​ផ្ទាល់​ដី​ថែម​ទៀត​។ ​ទោះ​ដៃ​ស្ដាំ ​ជើង​ស្ដាំ​រង​របួស​ចំពេល​នេះ​ក៏​ដោយ ក៏​យុវជន​ម្នាក់​នេះ​​មិន​មាន​អារម្មណ៍​ភិតភ័យ​តក់​ស្លុត​ដែរ ផ្ទុយ​ទៅ​វិញ​គេ​​បាន​បង្ហាញ​ទឹក​មុខ​ញញឹម​ដោយ​ភាព​រីករាយ និង​ជឿជាក់​។ ​ត្បិត​តែ​គេ​មិន​បាន​ស្គាល់​ឈ្មោះ ​តែ​គេ​ដឹង​ថា បេក្ខជន​រូប​នេះកំពុង​​ប្រលង​នៅ​មណ្ឌល​សាលា​បឋម​សិក្សា ២ធ្នូ ខេត្ត​បាត់​ដំបង។

​គួរ​បញ្ជាក់​ថា ដំណើរការ​ប្រឡង​នៅ​រសៀល​នេះ ក៏​មិន​ខុស​ពី​ពេល​ព្រឹក​ប៉ុន្មាន​នោះ​ទេ ដោយ​មុន​ពេល​បេក្ខជន​ចូលក្នុង​មណ្ឌល និង​បន្ទប់​ប្រឡង គណៈកម្មការ​អនុរក្ស មន្ត្រី​អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ឆែក​រក​សំណៅ​ឯកសារ និង​ឧបករណ៍​អេឡិចត្រូនិក គ្រប់​ប្រភេទ​ពី​បេក្ខជន​។ ​ដំណើរការ​ប្រលង​ថ្ងៃទី​១​នេះ មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១១៥ ២៦៨​នាក់ ស្រី​៥៨ ១៥៨​នាក់ អវត្តមាន​សរុប​ចំនួន ១ ៧០៨​នាក់ មាន​ស្រី​ ៦៩២​នាក់​។​

​បេក្ខជន​ប្រព្រឹត្ត​កំហុសឆ្គង មាន​ចំនួន ០៤​ករណី ក្នុង​នោះ​ករណី​ដកហូត​ទូរស័ព្ទដៃ ០៣​ករណី និង​នាំ​សំណៅ​ឯកសារ​ចូល​ចំនួន ០១​ករណី ដោយឡែក​មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ចំនួន ១១​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្ត​រហូត​ចប់ បន្ទាប់​ពី​ទទួល​បាន​ការសង្គ្រោះ​បឋម ករណី​បេក្ខជន​គ្រោះថ្នាក់​ចរាចរ​ចំនួន ០១​ករណី និង​មាន ០១​ករណី ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ពុំ​អាច​ត្រឡប់​មក​បន្ត​ការ​ប្រឡង​បាន៕ (សម្រួលអត្ថបទ៖ បុត្រា Morning fresh)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!