កម្សត់ពេកហើយ! រើសអេតចាយយប់ត្រឹមណាដេកត្រឹមហ្នឹង ព្រោះបំណងរំជួលចិត្ត១ចំពោះអ្នកមានគុណ

ស្ត្រី​ពីរ​នាក់​បងប្អូន​បង្កើត​នឹងគ្នា បាន​នាំ​កូនប្រុស​ស្រី​បណ្តើ​រ​កង់​រើស​អេតចាយ​ចម្ងាយ​ដី​រាប់គីឡូម៉ែត្រ​តាំងពី​ស្រុក​អូរជ្រៅ​ ដល់​ក្រុង​ប៉ោយប៉ែ​ត​ទាំង​បង្ខំចិត្ត ត្បិត​ឪ​ពុក​ឈឺ​ធ្ងន់​នៅ​​ស្រុក​ព្រៃឈ ខេត្ត​កំពង់ចាម គ្មាន​សោហ៊ុយ​ទៅ​មើល​អ្នកមានគុណ​ពួក​គាត់​ ។​

​បង្ហូរទឹកភ្នែក​ជាមួយនឹង​ដៃ​ពរ​កូនប្រុស​អាយុ​មិន​ដល់​មួយ​​ខួប​ ស្ត្រី​ឈ្មោះ ណន ច្រែក អាយុ​ ៤៨​ឆ្នាំ​រៀបរាប់ថា គាត់​បច្ចុប្បន្ន​រស់នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ មានកូន​ប្រុស​ស្រី​ក្នុងបន្ទុក​ ៦នាក់​គ្មាន​មុខរបរ​ ដើរ​រើស​អេតចាយ​ ៣ទៅ​ ៤​ឆ្នាំ​មកហើយ ហើយ​ប្តី​ជា​ជនពិការ​ដៃជើង​មិន​អាច​ធ្វើ​អ្វី​បាន។​

​ដោយឡែក​ស្ត្រី​ម្នាក់​ទៀត​ជា​ប្អូនបង្កើត​របស់​ស្ត្រី​ខាងលើ​ឈ្មោះ ណន ឡ​ង អាយុ​ ៣៥ឆ្នាំ គាត់​មានកូន​ប្រុស​ស្រី​ក្នុងបន្ទុក ៤នាក់​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា ។ នាង​ថា មាន​ប្តី​ដែរ​តែ​មិន​ជួយ​ការងារ​អី​ទេ​គិតតែ​ពី​ដើរ​ផឹកស៊ី​ធ្វើឲ្យ​នាង​ទូល​អង្រែកដ៏ធ្ងន់ធ្ងរ​ក្នុង​គ្រួសារ​តែ​ម្នាក់ឯង​។​

​ស្ត្រី​ជា​បង​និយាយថា ការ​ចេញ​ពី​ផ្ទះ​រើស​អេតចាយ​ គឺ​ចំណាយពេល ៣ថ្ងៃ​មក​ហើយ​ទើប​តែ​ដល់​ទីក្រុង​ប៉ោយ​ប៉ែត​។ គាត់​ថា​កូន​មក​ជាមួយ​ទាំងអស់ ប៉ុន្តែ​មួយចំនួន​ត្រូវ​អ្នកស្រុក​ដែល​ជួបប្រទះ​តាម​ដងផ្លូវ​គេ​អាណិត​ជួយ​ដឹក​ទៅ​ភូមិ​វិញ​ នៅសល់តែ​កូនប្រុស​ស្រី​ ៣នាក់​គឺ​កូនច្បង​បណ្តើរ​​កង់​ផង​រើស​អេតចាយ​ផង​ជា​មួយ​ប្អូនប្រុស​ម្នាក់​ទៀត ខណៈ​កូនប្រុស​ពៅ​ដែល​នៅក្នុង​ដៃ​គាត់​ពរ​បណ្តើ​រើស​អេតចាយ​បណ្តើ​ផងដែរ។​ ចំណែក​​ស្ត្រី​ជា​ប្អូន​មាន​កូន​យក​ជាប់​ខ្លួន​តែ​ម្នាក់​ទេ គឺ​ចង​កន្សែង​ដាក់​ចំណុច​.​ក​កង់​ដូចជា​អង្រឹង​ឲ្យ​អង្គុយ​ដើម្បី​រើស​អេតចាយ​ដូច​ស្ត្រី​ជា​បង​ដែរ ។​

​គ្រួសារ​ទីទាល់ក្រ​ទាំង​ ២​ខាងលើ​ប្រាប់​ថា រយៈពេល ៣​យប់ ​៤​ថ្ងៃនេះ​គឺ​យប់​ដំបូង​ដេក​ក្នុង​ព្រៃ​មាន​តែ​មុង​មួយ​ចង​ដេក​ទាំងអស់គ្នា​តែ​សំណាងល្អ​ទេវតា​អាណិត​មិន​មាន​ភ្លៀង​ធ្លាក់​រំខាន​ទេ ឯ​យប់​ទី​ ២​សុំ​ផ្ទះ​អ្នលស្រុក​ដេក ព្រោះ​មេឃ​ភ្លៀង និង​យប់ថ្ងៃ​ទី ១៧​ ​សីហា ២០១៨ ​ដេក​នៅ​សាលាឆទាន​ក្នុង​វត្ត​និមិត្ត​សុធី​រាម ហៅ​វត្ត​កូនដំរី ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​។​

​ពួក​គាត់បន្ត​​ថា ការនាំ​បងប្អូន​ចេញ​រើស​អេតចាយ​ឆ្ងាយ​ភូមិ​ស្រុក​(​លំនៅដ្ឋាន​)​នេះ​ គឺ​ក្នុង​គោលបំណង​រក​ប្រាក់​ធ្វើ​សោហ៊ុយ​ទៅ​មើល​ឱ​ពុក​ឈ្មោះ ណុប ណន អាយុ​ ៨០​ឆ្នាំ ដែល​កំពុង​មាន​ជម្ងឺ​នៅ​ឯ​ភូមិ​ច្រក​ភ្នំ ឃុំ​ឈូក​លើ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ដែល​សាច់ញាតិ​ទាក់ទង​ប្រាប់​តាម​ទូរស័ព្ទ​ជាច្រើន​ដង​តែ​គ្មាន​ប្រាក់​ធ្វើដំណើ​ទៅ​។​ ​អ្វី​ដែល​កាន់តែ​សង្វែក​មែនទែននោះ​សូម្បី​តែ​កង់​របស់​ស្ត្រី​ជា​បង​គ្មាន​ច្រ​វ៉ាក់​ផងដែរ​ ពោល​គឺ​មិន​អាច​ជិះ​កើត​ត្រូវ​បណ្តើ​រហូត​ទាល់តែ​ដល់​គោលដៅ​វិញ​ដោយ​គាត់​ថា មិនដឹង​ជា​ដាច់​ជ្រុះ​នៅឯណា ។​

​ជួប​អ្នក​យក​ព័ត៌មាន គ្រួសារ​ទាំង ២នេះ​បាន​ទទួល​ថវិកា​​មួយចំនួន និង​អង្ករ​​ ១០​គីឡូក្រាម​ពី​ភ្នាក់ងារ​សារព័ត៌មាន ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​។ ពួកគាត់​បាន​អំពាវនាវ​សុំ​សប្បុរសជន​ក្នុង និង​ក្រៅ​ប្រទេស​មេត្តាជួយ​ផង បើ​ពុំ​ដូច្នោះ​ទេ​ជីវភាព​គ្រួសារ និង​នៅ​តែ​រង​ការ​វេទនា​ពិសេស​កូនៗ និង​មិន​មាន​អ​នា​គត​ឡើយ​ព្រោះ​មិន​បាន​រៀនសូត្រ​៕​

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត