ទិញនំខួបទុក Surprise បែរជាជួបរឿងអកុសល យំក្ដុកក្ដួលទាំងគ្រូនិងសិស្សទ្រហឹង

​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​យើង​​តែង​តែ​សង្កេត​​ឃើញ​មាន​មនុស្ស​ច្រើន​ទៅ​​ៗ​ បាន​​ចាប់​អារម្មណ៍​ប្រារព្ធ​ពិធី​ខួប​កំណើត​​ជា​លក្ខណៈ​តូចតាច​ ឬ​ធំ​ដុំ​តាម​លទ្ធភាព​មិន​ថា ​អ្នក​នៅ​លីវ ​ឬ​មាន​គ្រួសារ​ទេ តែ​ភាគ​ច្រើន​ក្នុង​ស្រទាប់​យុវវ័យ។

​គោល​បំណង​នៃ​ការ​ធ្វើ​វា​ឡើង ​ព្រោះ​ចង់​ជួប​ជុំ​មិត្តភ័ក្ដិ ​រំលឹក​ថ្ងៃ​កំណើត និង​គុណ​ឪពុកម្ដាយ​​ដែលផ្ដល់​​ឲ្យ​យើង​បាន​ឃើញ​ពិភព​លោក​ដ៏​ស្រស់​ស្អាត​។ ទោះ​វា​មិន​មែន​ជា​ទំនៀម​ទំលាប់​របស់​ខ្មែរ​យើង ​ប៉ុន្តែ​វា​ពិត​ជា​មាន​ន័យ​សម្រាប់​មនុស្ស​មួយ​ចំនួន ​រហូត​ធ្វើ​ឲ្យ​ម្ចាស់​ខួប​ជា​ច្រើន​មក​ហើយ​ រំជួល​ចិត្ត​ស្រក់​ទឹក​ភ្នែក​មិន​ដឹង​ខ្លួន។ ​របៀប​ធ្វើ​ពិធី​នេះ​សម្រាប់​លក្ខណៈ​តូច​តាច នៅ​ថ្ងៃ​ខួប​កំណើត គឺ​មិត្តភ័ក្ដិ​ជិត​ស្និត​ជា​ច្រើន​របស់​ម្ចាស់​ខួប​បាន​អង្គាស​ប្រាក់​គ្នា​ម្នាក់​បន្តិច​ៗ ដើម្បី​ទិញ​នំ​ខួប​កំណើត​​មួយ​ ​មាន​តូច​ ឬ​​ធំ​ដោយ​មិន​ឲ្យ​ម្ចាស់​ខួប​ដឹង​ឡើយ ​បន្ទាប់​មក​ពេល​ឱកាស​ល្អ​ ពួក​គេ​បបួល​គ្នា​ដង្ហែ​នំ​ជូន​ម្ចាស់​ខួប​ជាមួយ​ទាន​អុជ​ភ្លើង​ផង​​។

ចំណែក​ទ្រង់ទ្រាយ​ធំ​វិញ ​ម្ចាស់​ខួប​ជា​អ្នក​រៀបចំ​ខ្លួន​ឯង​ផ្ទាល់ ​និង​ចែក​សំបុត្រ​អញ្ជើញ​ភ្ញៀវ​​ឡើង​តុ​ស្រដៀង​ទៅ​នឹង​ពិធី​មង្គលការ​ដែរ។ ​ប៉ុន្តែ​ការ​ធ្វើ​ពិធី​ខួប​កំណើត​នេះ ​ភាគ​ច្រើន​កើត​ឡើង​នៅ​តាម​ទី​ប្រជុំជន ​និង​ទីក្រុង​ប៉ុណ្ណោះ ​ហើយ​ក៏​ពេញ​និយម​ដែរ​តាម​ការិយាល័យ​ក្រុមហ៊ុន ​កន្លែង​កំសាន្ត ឬ​សាលា​រៀន​។ ​ចំណែក​ពិធី​ខួប​កំណើត​ខាង​ក្រោម​នេះ​វិញ បាន​ប្រែក្លាយ​ពី​ភាព​រំជើបរំជួល​សប្បាយ​រីករាយ ទៅ​ជា​ការ​យំ​សោក​ក្ដុក​ក្ដួល​​​ ព្រោះ​តែ​ម្ចាស់​ខួប​បាន​​បាត់​បង់​ជីវិត​នៅ​ថ្ងៃ​ខួប​កំណើត​ខ្លួន​ឯង​តែ​ម្ដង។

ម្ចាស់​ខួប​នេះ​ជា​ក្មេង​ស្រី​សិស្ស​សាលា​បឋម​សិក្សា​ប៊ុនរ៉ានី ហ៊ុនសែន ក្រពើហា ស្ថិត​នៅ​ខេត្ត​កណ្ដាល ​មាន​ឈ្មោះ សុនីតា ​បាន​​ធ្វើ​ឲ្យ​មិត្ត​រួម​ថ្នាក់​ជាច្រើន​នាក់ និង​​គ្រូ​បង្ហូរ​ទឹក​ភ្នែក​ស្លុត​ចិត្ត ពេល​ដឹង​ថា​នាង​បាន​ស្លាប់​បាត់​បង់ជីវិត​។

តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​សាលា​បាន​សរសេរ​រៀប​រាប់​ថា «សុនី​តា ឯង​សុំច្បាប់​ ៦​ថ្ងៃ​ហើយ ថ្ងៃនេះ​ពួក​យើង​ខំ​ចូល​លុយ​គ្នា​ទិញ​នំ​ខួបកំណើត​អោយ​ឯង សង្ឃឹម​ថា​ឯង​មក​រៀន។ ពួក​យើង​មាន​គំរោង​ធ្វើអោយ​ឯង​ភ្ញាក់ផ្អើល តែ​អ្វីៗ​ធ្វើអោយ​ពួក​យើង​រន្ធត់​ឥតឧបមា​នោះ ពេល​ទទួល​ដំណឹង​ថា សុនី​តា បាន​លាចាក​លោក​ចោល​ពួក​យើង​ទាំង​ស្រស់​ញញឹម។ សង្វេគ​ណាស់​សម្លាញ់​អើយ ថ្ងៃនេះ​ជា​ថ្ងៃ​ខួបកំណើត​ឯង ប្រែក្លាយ​ជា​ថ្ងៃ​បូជាសព​ឯង​ទៅវិញ​មិត្ត​អើយ​ ពួក​យើង​នឹក​ឯង​ណាស់​ សូម​អោយ​វិញ្ញាណក្ខន្ធ​ឯង​បាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ»។

​តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ ​យើង​ឃើញ​មិត្ត​រួម​ថ្នាក់ អម​ជាមួយ​លោក​គ្រូ​អ្នក​គ្រូ​បាន​យក​នំ​ខួប​ដាក់​តម្កល់​នៅ​ពីមុខ​មឈូស​ម្ចាស់​ខួប និង​យំ​ទ្រហឹង​យ៉ាង​ក្ដុកក្ដួល មុន​ពេល​ពួក​គេ​ផ្លុំ​ទាន​ពន្លត់​ជំនួស​ម្ចាស់​ខួប។ ​តាម​រយៈ​ប្រភព​ដដែល​បញ្ជាក់​ថា ​ក្មេង​ស្រី​ម្ចាស់​ខួបនេះ ​បាន​បាត់​បង់​ជីវិត​ដោយ​សារ​កើត​ជំងឺ​គ្រុន​ឈាម​ធ្ងន់ធ្ងរ​​៕ (សម្រួល​អត្ថបទ៖ បុត្រា Morning Fresh)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!