រន្ធត់ចិត្ត! ចោរលួចយន្តហោះអ្នកដំណើរអាមេរិក រួចបើកធ្លាក់ផ្ទុះឆេះខ្ទេចលើកោះមួយ (មានវីដេអូ)
យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Horizon Airlines បានធ្លាក់បន្ទាប់មានគេលួចបញ្ជាហោះឡើងចេញពីអាកាសយានដ្ឋាន Seattle-Tacoma សហរដ្ឋអាមេរិក ដោយពុំមានការអនុញ្ញាត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨នេះ។ (អូសទៅក្រោមផុត ដើម្បីទស្សនាវីដេអូពេលយន្តហោះធ្លាក់)
បើតាមអាជ្ញាធររអាកាសចរណ៍សហព័ន្ធអាមេរិក យន្តហោះខាងលើជាប្រភេទយន្តហោះដឹកអ្នកដំណើរ ៧កៅអី ប៉ុន្តែអំឡុងពេលកើតហេតុការណ៍ដ៏រន្ធត់នោះ មិនមានអ្នកដំណើរណាម្នាក់នៅយន្តហោះឡើយ។ មានតែអ្នកដែលលួចឡើងទៅបញ្ជាម្នាក់ប៉ុណ្ណោះ ដែលបាត់បង់ជីវិត ក្រោយពេលយន្តហោះធ្លាក់នៅលើកោះមួយ រួចផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងព្រៃដែលគ្មានមនុស្សនៅ។
យន្តហោះខាងលើ ត្រូវបានលួចដោយបុគ្គលិកម្នាក់របស់អាកាសចរណ៍មួយផ្សេងទៀត។ មុនពេលធ្លាក់ យន្តហោះនោះបានធ្វើការហោះហើរលើផ្ទៃមេឃអស់រាប់ម៉ោង ក្រោមការអមដំណើរពីកងយន្តហោះចម្បាំង។ យន្តហោះរបស់អាកាសចរណ៍ Horizon ដែលមានខ្នាតមធ្យម បុមបាឌា ដាស (Bombardier Dash 8-Q400) បានធ្លាក់នៅលើកោះខេត្រុន (Ketron) ដែលជាដែនកោះតូចមួយ មានមនុស្សរស់នៅតែប៉ុន្មានគ្រួសារប៉ុណ្ណោះនៅក្នុងរដ្ឋវ៉ាស៊ីនតោន នៃភាគខាងលិចសហរដ្ឋអាមេរិក។
គួរជម្រាបថា ជនដែលបានលួចយន្តហោះខាងលើត្រូវគេបញ្ជាក់ថា មានវ័យ ២៩ឆ្នាំ និងត្រូវគេចាត់ទុកថា ជនមនុស្សដែលមានអារម្មណ៍ផ្លូវចិត្តខ្លាំង និងតែងចង់បញ្ចប់ជីវិតខ្លួនឯង ហើយករណីនេះត្រូវបានអាជ្ញាធរអាមេរិក បញ្ជាក់ច្បាស់ថា ពុំមានជាសកម្មភាពភេរវកម្មនោះឡើយ ហើយការធ្លាក់របស់យន្តហោះ ពុំមានជាប់ពាក់ព័ន្ធនឹងកងយន្តហោះចម្បាំង ដែលអមដំណើរនោះទេ។
មុនពេលធ្លាក់ អ្នកលួចយន្តហោះ ក៏បានឆ្លងឆ្លើយជាមួយអ្នកគ្រប់គ្រងការហោះហើរផងដែរ។ ពេលនោះ អ្នកលួចយន្តហោះដែលឈ្មោះថា Rich បាននិយាយថា ខ្លួនពិបាកចុះចតខ្លាំងណាស់។ ចុងក្រោយ រូបគេថែមទាំងសួរថា អាចត្រូវជាប់ពន្ធនាគារអស់មួយជីវិតមែនទេ? រួចសំឡេងឆ្លងឆ្លើយ ក៏ត្រូវបានកាត់ផ្ដាច់ ក្រោយពេលយន្តហោះធ្លាក់ផ្ទុះឆេះ៕
ទស្សនាវីដេអូ៖