ដឹង​ថា​ប៉ូលិស​ទំនើង​ដក​កាំភ្លើង​អាមេ​គំរាម​បាញ់​គេ ពាក់​ស័ក្ដិ​ប៉ុន្មាន​ទេ? (មាន​វីដេអូ)

វីដេអូ​មួយ​បង្ហាញ​ពី​បុរស​ម្នាក់ ដែល​អះ​អាង​ថា​ខ្លួន​ជា​ប៉ូលិស ដក​កាំភ្លើង​អាមេ​គំរាម​បាញ់​គេ​ផ្អើល​ផ្លូវ​ទាំង​យប់ ត្រូវ​បាន​ចែក​ជាង​មួយ​ម៉ឺន​ដង និង​មាន​អ្នក​មើល​ជាង ៧០​ម៉ឺន​ដង​ត្រឹម​មួយ​ថ្ងៃ។ ក្រោយ​មាន​ការ​បញ្ជា​ពី​នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ ដោយ​មាន​ការ​ស្រាវជ្រាវ​យ៉ាង​ដិត​ដល់ ទើប​ដឹង​ថា ប៉ូលិស​រូប​នោះ​ឈ្មោះ លន់ ស៊ីវថេង បម្រើ​ការងារ​នៅ​​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។ (អូស​ទៅ​ក្រោម​ផុត ដើម្បី​ទស្សនាវីដេអូ)

បើ​តាម​សេចក្ដី​សម្រេច​ដាច់​ដោយ​ឡែក២ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បង្ហាញ​ថា ឈ្មោះ លន់ ស៊ីវថេង នេះ បាន​ឡើង​ស័ក្ដិ ២​ដង​ហើយ ក្នុង​ពេល ២​ឆ្នាំ​ជាប់​គ្នា។ នៅ​ចុង​ឆ្នាំ2016 មន្ត្រី​នគរបាល​​ឈ្មោះ លន់ ស៊ីវថេង ត្រូវ​បាន​តម្លើង​ឋានន្តរសក្ដិ​ពី​អនុសេនីយ៍ត្រី(ស័ក្តិ១) មក​អនុសេនីយ៍​ទោ(ស័ក្តិ២)។ រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១៧ មន្ត្រី​ប៉ូលិស​ដដែល​រូប​នេះ ត្រូវ​បាន​តម្លើង​ឋានន្តរសក្ដិ​ម្ដង​ទៀត ពី​អនុសេនីយ៍​ទោ មក​អនុសេនីយ៍​ឯក ពាក់​ស័ក្តិ៣ រហូត​ដល់​សព្វ​ថ្ងៃ។

ចំពោះ​រឿង​ហេតុ ដែល​នាំ​ឱ្យ​ល្បី​ល្បាញ​ពេញ​បណ្ដាញ​សង្គម កាល​ពី​យប់​មិញ​នេះ គឺ​កើត​ចេញ​ពី មន្ត្រី​នគរបាល​នោះ បាន​ដក​កាំភ្លើង​អា​មេ​គំរាម​រក​បាញ់​បុរស​ម្នាក់​ក្នុង​ជម្លោះ​ពាក្យ​សម្តី​មួយ​នៅវេលា​ម៉ោង​ប្រមាណ ១១​យ​ប់​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០១៨ នៅតាម​ផ្លូវ​លេខ​២៧៨ ខាងក្រោយ​អតីត​រោងកុន​គិរី​រម្យ ក្នុង​ខណ្ឌ​ចំការមន នាំ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ពី​ប្រជា​ពល​រដ្ឋ​នៅ​កន្លែង​កើតហេតុ​នោះ​។​

​បុរស​ដែល​អះ​អាងថា ខ្លួន​ជាម​ន្ត្រី​នគរបា​ល​ហើយ​ដក​កាំភ្លើង​អា​មេ​គំ​រាម​រក​បាញ់​ជន​ស៊ីវិល​នេះ ត្រូវ​បាន​គេ​ទ​ម្លាយ​ថា មាន​ឈ្មោះ លន់ ស៊ីវ​ថេង​។ ប្រជា​ពល​រដ្ឋ​នៅ​កន្លែង​កើតហេតុ​គេ​មិន​បាន​ដឹងថា មុន​ឈាន​ដល់​ជម្លោះ​ពាក្យ​សម្តី និង​ដក​កាំភ្លើង​គំរាម​រ​កបាញ់​គ្នា ភាគី​ជម្លោះ​មាន​បញ្ហា​អ្វី​នឹង​គ្នា​នោះ​ទេ​។ ប៉ុន្តែ​ហេតុការណ៍​ខាង​លើ​នេះ បាន​នាំ​ឱ្យ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង ចំពោះ​ការ​ប្រើ​កាំភ្លើង​ខុស​សមត្ថកិច្ច​នោះ។​​

​ដោយឡែក​បើតាម​បុរស​ដែល​ត្រូវបាន​គេ​ដក​កាំភ្លើង​គំរា​ម​បាញ់​នេះ បាន​អះ​អាង​ថា នៅ​មុន​ពេល​កើតហេតុ​រូបគេ និង​មិត្តភ័ក្ដិ​បាន​ជិះ​ម៉ូតូ​នៅ​តាមផ្លូវ​ស្ងាត់​មួយ ស្រាប់តែ​ក្រុម​បុរស​អះអាង​ខ្លួន​ថា​ជា​នគរបាល​នេះ​បាន​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ ហើយ​ស្រែក​ថា​ចោៗ ហើយ​ជិះ​តាម​ពួកគេ​រហូត​។ បុរស​ដែល​ត្រូវ​ដក​កាំភ្លើង​គំរាម​បា​ញ់​នាំ​ឲ្យ​ព្រលឹង​រត់​ចេញពី​ខ្លួន​នេះ បាន​បន្ត​ថា បន្ទាប់ពី​ឃើញ​ដូច​នោះ​ពួកគេ​ភ័យ ហើយ​ក៏​ជិះ​ម៉ូតូ​រត់​មក​រក​កន្លែង​មនុស្ស​ច្រើន ដើម្បី​ការពារ​ខ្លួន​តែ​ម្តង​។​

បើ​តាម​រយៈ​វីដេអូ​ដែល​ប្រជា​ពល​រដ្ឋ​ថត​បាន​នេះ បន្ទាប់ពី​បាន​ប៉ះ​ពាក្យ​សម្តី និង​ដក​កាំភ្លើង​អា​មេ​គំរាម​បាញ់​គេ​ហើយ បុរស​អះ​អាងជា​មន្ត្រី​ន​គ​របាល បាន​ជេរ​ម្រាយ​អ្នក​ជិះ​ម៉ូតូ​នោះ រួច​ក៏​​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ​។ ប្រជា​ពល​រដ្ឋ​ដែល​បាន​ឃើញ​សកម្មភាព​ដ៏​ច្រលោ​ម​ខាម​របស់​បុរស​អះអាង​ខ្លួន​ជាម​ន្ត្រី​ន​គ​របាល​នេះ បាន​នាំគ្នា​រិះ​គន់​យ៉ាង​ចាស់ដៃ​ចំពោះ​សកម្មភាព​នេះ ព្រម​ទាំង​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​កងកម្លាំង​ន​គ​របាល​ជាតិ មេត្តា​ស្រាវជ្រាវ​រក​រឿងហេតុ​ពិត ហើយ​ក៏​សង្ឃឹមថា នឹង​ដាក់​វិន័យ​ទៅលើ​បុរស​អះ​អាង​ជាម​ន្ត្រី​ន​គ​របាល​នេះ​តាម​វិ​ន័​យ​របស់​ន​គ​របាល​ជាតិ​។

បន្ទាប់​ពី​វីដេអូ​បាន​ចែក​ចាយ​ជា​ច្រើន​ដង ​ឯក​ឧត្តម​នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​លើ​ករណី​នេះ ដើម្បី​ចាត់​វិធានការណ៍​តាម​ផ្លូវ​ច្បាប់ ចៀស​វាង​ខូច​ឈ្មោះ​ដល់​មន្ត្រី​នគរបាល​ស្អាត​ស្អំ​ផ្សេង​ទៀត៕

ទស្សនាវីដេអូ៖

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!