Loading...

មក​ដឹង​វិធី​ចាក់ និង​ផឹក​ស្រាបៀ​ដ៏​ត្រឹម​ត្រូវ កាត់​បន្ថយ​ការ​ប៉ះ​ពាល់​ក្រពះ ​ពោះវៀន ថ្លើម

មាន​កម្មវិធី​ជួប​ជុំ ជប់​លៀង ឬ​អាពាហ៍ពិពាហ៍ ពិត​ជា​ចៀស​មិន​រួច​ឡើយ ការ​ទទួល​ទាន​ស្រាបៀ ដើម្បី​កំដរ​ភាព​បបសប្បាយ​រីក​រាយ។ ការ​ផឹក​ស្រាបៀ​ក្នុង​បរិមាណ​តិច គ្មាន​ផល​ប៉ះ​ពាល់​ចំពោះ​សុខភាព​នោះ​ទេ ប៉ុន្តែ​បើ​ផឹក​ច្រើន​វិញ អាច​នាំ​ផល​អាក្រក់​ជា​ច្រើន ដែល​អ្នក​នឹក​ស្មាន​មិន​ដល់​ចំពោះ​ក្រពះ ពោះ​វៀន និង​ថ្លើម។ ទោះ​បែប​នេះ​ក្ដី ប្រសិន​បើ​លោក​អ្នក ដឹង​ពី​របៀប​ចាក់​ស្រាបៀ​ដ៏​ត្រឹម​ត្រូវ ប្រាកដ​ជា​អាច​ជួយ​សម្រាល​ផល​ប៉ះពាល់​បាន​ច្រើន។ (មាន​វីដេអូ​ ការ​ណែនាំ​ពី​វិធី​ចាក់​ស្រាដ៏ត្រឹម​ត្រូវ នៅ​ក្រោម​ផុត​នៃ​អត្ថបទ)

បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ តាម​រយៈ​សារព័ត៌មាន Business Insider បាន​ឲ្យ​ដឹង​ថា ការ​ចាក់​ដោយ​ថ្នមៗ​គ្មាន​ការ​បំបែក​ចេញ​ជា​ពពុះ​ច្រើន មិន​មាន​ភាព​ត្រឹម​ត្រូវ​ឡើយ។ នៅ​ក្នុង​ស្រាបៀ មាន​សារជាតិ​កាបូនឌីអុកស៊ីត ដែល​ត្រូវ​បំបែក​តាម​ពពុះ ពេល​ចាក់​ទៅ​ក្នុង​កែវ ដើម្បី​កុំ​ឲ្យ​វា​ហូរ​ចូល​ទៅ​ក្នុង​ក្រពះ​ទាំង​ដុល តាម​រយៈ​ពោះ​វៀន។ ការ​ចាក់​ឲ្យ​ស្រាបៀ​ហូរ​លឿន ដើម្បី​បំបែក​ជា​ពពុះ នឹង​អាច​ជួយ​បំបែក​ជាតិ​កាបូនឌីអុកស៊ីត និង​ជួយ​សម្រួល​ដល់​ក្រពះ ពោះវៀន ព្រម​ទាំង​ថ្លើម។

តាម​ការ​ពិសោធន៍​ងាយៗ របស់​អ្នក​ជំនាញ​នៅ​លើ​សារព័ត៌មាន Business Insider បាន​បង្ហាញ​ពី​ភាព​ខុស​ស្រឡះ​គ្នា​រវាង​របៀប​ចាក់​ទាំង​២​នេះ។ ទី១ អ្នក​ជំនាញ​បាន​ចាក់​ស្រា​ថ្មមៗ ដោយ​មិន​ឲ្យ​មាន​កើត​ជា​ពពុះ​ច្រើន​ឡើយ។ បន្ទាប់​មក កូរ​ស្រាបៀ​ក្នុង​កែវ​នោះ ឃើញ​ថា​វា​បុក​ពពុះ​ច្រាល​ឡើង រហូត​ហៀរ​កែវ​ស្រា ដែល​បង្ហាញ​ថា​ពេល​ចូល​ទៅ​ក្នុង​ពោះ គឺ​វា​នឹង​មាន​ប្រតិកម្ម​ខ្លាំង មាន​ន័យ​ថា សារជាតិ​កាបូនឌីអុកស៊ីត ១០០% នឹង​ហូរ​ចូល​ទៅ​ក្រពះ។ ចំណែក​ទី២ លោក​បាន​ចាក់​វា​ដោយ​គំហុក ឲ្យ​ចេញ​ជាតិ​ពពុះ​មក ហើយ​កូរ​វា ឃើញ​ថា​វា​មិន​មាន​ជាតិ​ពពុះ​ច្រាល​ច្រើន ដូច​ការ​ចាក់​លើក​ទី១​ឡើយ។

បច្ចុប្បន្ន គេ​សង្កេត​ឃើញ​អ្នក​ផឹក​មួយ​ចំនួន បាន​ចាក់​ថ្នមៗ​ក្នុង​ចេតនា ចាក់​ឲ្យ​បាន​ច្រើន ដើម្បី​បុក​អ្នក​ផឹក​ម្ខាង​ទៀត។ ប៉ុន្តែ​អ្នក​ដឹង​ទេ​ថា ការ​ចាក់​បែប​នេះ គឺ​មាន​គ្រោះ​ថ្នាក់​ណាស់​ចំពោះ​សុខភាព។ ការ​ចាក់​ស្រាបៀ​ដ៏​ត្រឹម​ត្រូវ គឺ​ចាក់​ដោយ​លើក​កំប៉ុង ឬ​ដប​ស្រាបៀ ឲ្យ​ខ្ពស់​បន្តិច ដើម្បី​ពេល​វា​ហូរ​ចូល​ទៅ​ក្នុង​កែវ អាច​បំបែក​ជាតិ​កាបូនឌីអុកស៊ីត និង​ជួយ​ដល់​ក្រពះ ពោះវៀន ព្រម​ទាំង​ថ្លើម​បាន​ខ្លះ កុំ​ឲ្យ​ប៉ះ​ពាល់​ទាំង​ដុល។

ម្យ៉ាង​វិញ​ទៀត អ្នក​ដែល​ចូល​ចិត្ត ផឹក​អក ដោយ​លើក​កំប៉ុង និង​ដប តែ​ម្ដង ដោយ​ហេតុ​ថា​ខ្លាច​បាត់​បង់​ជាតិ និង​គុណភាព​ស្រាបៀ សូម​គិត​ឡើង​វិញ។ ព្រោះ​នៅ​ពេល​ផឹក ហើយ​បិទ​មាត់​លេប​តែ​ម្ដង​នោះ អ្នក​នឹង​មាន​អារម្មណ៍​ថា ជាតិ​ហ្គាស​ខ្លាំង បាន​វាយ​លុក​ក្នុង​ពោះ។ បើ​ចង់​បន្ត​ផឹក​បែប​នេះ​ទៀត គួរ​មាន​ទម្លាប់​ការពារ​ខ្លះ។ ពេល​លើក​អស់ កុំ​ទាន់​លេប​ភ្លាម គឺ​អាច​ខ្ពុរ​មាត់​បន្តិច ឲ្យ​បំបែក​ជាតិ​កាបូនឌីអុកស៊ីត​នោះ​សិន ចាំ​លេប​ទៅ​ក្នុង។ ចៀសវាង​លើក​ផឹក​ដោយ​លេប​តែ​ម្ដង ក្នុង​បរិមាណ​ច្រើន។

តាម​ពិត​ទៅ ស្រាបៀ​ក៏​មាន​គុណ​ប្រយោជន៍​ខ្លះ​ដែរ បើ​ផឹក​ក្នុង​បរិមាណ​តិច​ល្មម និង​ចេះ​ចាក់​តាម​ក្បួន​ត្រឹម​ត្រូវ។ តាម​ការស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ និង​ចុះ​ផ្សាយ​លើ​គេហទំព័រ Independent របស់​ប្រទេស​អង់គ្លេស បាន​បង្ហាញ​ថា ប្រសិន​អ្នក​ទទួលទាន​ស្រាបៀ​ដែល​មាន​ចំណុះ​ប្រហែល ២កំប៉ុងក្នុង​មួយ​ថ្ងៃ នឹង​អាច​ជួយ​ទប់ស្កាត់​ជំងឺ​គាំង​បេះដូង ព្រោះ​វា​មាន​ផ្ទុក​វីតាមីន B ជា​ច្រើន។

ក្រុម​អ្នកស្រាវជ្រាវ​របស់​ប្រទេស​អ៊ីតាលី​បាន​រក​ឃើញ​ថា ប្រសិន​បើ​អ្នក​ផឹក​ស្រាបៀ​ប្រហែល ១.៤ភីន ឬ​ស្មើនឹង​ប្រមាណ ២កំប៉ុង​ក្នុង​មួយ​ថ្ងៃ អត្រា​កើត​ជំងឺ​គាំង​បេះដូង​នឹង​ថយ​ចុះ ២៥ភាគរយ ព្រោះ​វា​មាន​ផ្ទុក​វីតាមីន B ដែល​ជំនួយ​ដល់​បេះដូង។ ការ​សិក្សា​ដែល​ចុះ​ផ្សាយ​លើ​ព្រឹត្តិបត្រ Nutrition, Metabolism & Cardiovascular Diseases, បាន​បង្ហាញ​ថា ស្រាបៀ​ក៏​អាច​ផ្ដល់​ការ​ការពារ​ដូច​ជា​ស្រា​ទំពាំងបាយជូរ​ដែរ ប្រសិន​បើ​ទទួល​ទាន​តិច​តាម​កម្រិត​កំណត់។

បើ​តាម​សារព័ត៌មាន The Times Of India វិញ បាន​បញ្ជាក់​ថា ការ​ពិសា​ស្រាបៀ​ក្នុង​បរិមាណ​ត្រឹម​ត្រូវ មាន​គុណ​ប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព។ ស្រាបៀ​មាន​ផ្ទុក ធាតុ​ផ្សំ​ធម្មជាតិ​ជា​ច្រើន មាន​វីតាមីន B ជំនួយ​ដល់​បេះដូង ព្រម​ទាំង​អាច​ទប់​ស្កាត់​ជំងឺ​មហារីក​ច្រើន​ប្រភេទ ធ្វើ​ឲ្យ​មនុស្ស​អាច​រស់​បាន​កាន់​តែ​យូរ។

យ៉ាង​ណា​ក្ដី ការ​ផឹក​ហួស​បរិមាណ សប្បាយ​ជ្រុល​ពេក អាច​នាំ​គុណ​វិបត្តិ​ចំពោះ​សុខភាព ប្រៀប​ដូច​ជា​លេប​ថ្នាំ​ជ្រុល​ដូច្នោះ​ដែរ។ ស្រាបៀ​មាន​ផ្ទុក​ជាតិ​អាស៊ីដ​ខ្លាំង អាច​ធ្វើ​ឲ្យ​ខូច​ថ្លើម និង​ធ្វើ​ឲ្យ​ដុះ​ក្បាល​ពោះ ឡើង​ជាតិ​ខ្លាញ់ បង្ក​ជា​ជំងឺ​ផ្សេង​ៗ។ ដូច​នេះ គួរ​ផឹក​យ៉ាង​ច្រើន​ ២​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ដែល​ជា​បរិមាណ​សមរម្យ​សម្រាប់​សុខ​ភាព មិន​មែន​ម្នាក់​អស់​កន្លះ​កេស​នោះ​ឡើយ៕

មើល​វីដអូ របៀប​ចាក់​ស្រា​ខាង​ក្រោម៖



ប្រែសម្រួល៖ ជិន ស៊ីវុត្ថា

Loading...