Loading...

អាវ​ក្រុម Man Utd ធ្វើ​ឡើង​ដោយ​ដៃ​កូន​ខ្មែរ មាន​ប្រាក់​ឈ្នួល​ត្រឹម ១​ថ្ងៃ ៥​ដុល្លារ តែ​លក់​ចេញ​វិញ​ចំណេញ​កប់​ក្ដោង

ក្រុម​បិសាច​ក្រហម Manchester United ត្រូវ​ចាត់​ទុក​ថា​ជា​ក្រុម​ដ៏​ជោគ​ជ័យ​មួយ​ក្នុង​ពិភព​បាល់​ទាត់ ឮដោយ​រក​ចំណូល​កប់​ក្ដោង​ក្នុង​មួយ​ឆ្នាំ​ៗ។ ចំណូល​នោះ ក៏​បាន​មក​ពី​ការ​លក់​អាវ​ដល់​អ្នក​គាំទ្រ​ក្នុង​តម្លៃ ១១០​ផោន(១៤៣​ដុល្លារ)។ ប៉ុន្តែ​អ្នក​ដឹង​ទេ​ថា អាវ​ទាំង​នោះ​ផលិត​ឡើង​ដោយ​រោង​ចក្រ​នៅ​ខ្មែរ ដោយ​ស្នាដៃ​កូន​ខ្មែរ ដែល​មាន​ចំណូល​ត្រឹម ៨០​សេន​ក្នុង​មួយ​ម៉ោង និង​ប្រមាណ ៤០​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​​ប៉ុណ្ណោះ។

តាម​សារព័ត៌មាន Daily Mail ដែល​ស្រាវជ្រាវ​លើ​ករណី​ខាង​លើ បាន​ឱ្យ​ដឹង​ថា នារី​ជា​ច្រើន​បាន​លើក​ឡើង​ស្រដៀង​គ្នា​ពាក់​ព័ន្ធ​នឹង​ប្រាក់​ខែ​នេះ។ មាន​កម្មការិនី​ម្នាក់​អះអាង​ថា ខាង​រោង​ចក្រ​តម្រូវ​ឱ្យ​កាត់​ចេស និង​ដេរ​អាវ​យ៉ាង​ណា​ឱ្យ​បាន 60 អាវ​ក្នុង​មួយ​ម៉ោង ហើយ​ពេល​ខ្លះ​ត្រូវ​ឡើង​ដល់ ១០០​អាវ​ក៏​មាន។ កម្មការិនី​ម្នាក់​ទៀត បាន​និយាយ​ថា ដើម្បី​ចង់​បាន​ប្រាក់​ឈ្នួល​ថែម​ម៉ោង នាង​បាន​ចំណាយ​ពេល​ដល់​ទៅ ១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ រហូត​ភ្នែក​ស្ពឹក​ស្រពន់​អស់។ ​

ការ​រស់​នៅ​របស់​កម្មការិនី​ដែល​ដេរ​អាវ​ក្រុម Manchester United មាន​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ ទៅ​នឹង​កីឡាករ ដែល​មាន​ចំណូល​យ៉ាង​ច្រើន​នោះ។ បើ​តាម​សារព័ត៌មាន Daily Mail បាន​ឱ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ីលី Alexis Sanchez អាច​រក​ចំណូល​បាន 45ម៉ឺន​ផោន​(ជិត 60ម៉ឺន​ដុល្លារ) ក្នុង​មួយ​សប្ដាហ៍។ បើ​ប្រៀប​ធៀប​មក​កម្មការិនី​ខ្មែរ អាច​ចំណាយ​ពេល ៣​ជាតិ ទើប​រក​បាន​ប្រាក់​ខែ​ប៉ុណ្ណឹង។


បើ​តាម​របាយការណ៍ បាន​ឱ្យ​ដឹង​ថា​ក្រុមហ៊ុន Adidas ដែល​គ្រប់​គ្រប់​ដោយ​គ្រួសារ​មហាសេដ្ឋី​អាមេរិក Glazer បាន​ចំណាយ​ប្រាក់ 75​លាន​ផោន(១០០​លាន​ដុល្លារ) ក្នុង​មួយ​រដូវ​កាល ដើម្បី​ទទួល​សិទ្ធិ​បោះ​អាវ​លក់។ ការ​លក់ រំពឹង​ថា​នឹង​ទទួល​បាន 1,5​ពាន់​លាន​ដុល្លារ ក្នុង​រយៈ​ពេល ១០​ឆ្នាំ។
នេះ​ក៏​ដោយសារ​ភព​ល្បី​ល្បាញ​របស់​ក្លឹប ដែល​មាន​កីឡាករ​ល្អ​ៗ ប្រាក់​ខែ​ខ្ពស់​នៅ​រដូវកាល​ថ្មី​នេះ។

ពេល​ប្រាប់​នារី​កម្ពុជា​ថា អាវ​ដែល​នាង​ផលិត​ដោយ​ផ្ទាល់​ដៃ អាច​លក់​បាន​ដល់​ទៅ ១១០​ផោន(១៤៣​ដុល្លារ) នារី​កម្ពុជា​ទាំង​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​មិន​ធ្លាប់​ដឹង​ថា​លក់​បាន​ថ្លៃ​យ៉ាង​នេះ​ឡើយ ពី​មុន​មក។ ប្រាក់​ខែ​ដែល​កម្មការិនី​កម្ពុជា​ទទួល​បាន គឺ ១៧២​ដុល្លារ​ក្នុង​មួយ​ខែ។ ប៉ុន្តែ​បើ​បូក​លុយ​បន្ទាប់​បន្សំ​ផ្សេង​ទៀត គឺ​អាច​ទទួល​បាន​ដល់ ២០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​ជា​ប្រាក់​ខែ​មធ្យម​របស់​កម្មការិនី​កម្ពុជា​ទទួល​បាន។

ការ​លក់​អាវ​ក្នុង​តម្លៃ​ដ៏​ថ្លៃ​នេះ ក៏​មាន​ប្រតិកម្ម​ពី​សំណាក់​អ្នក​គាំទ្រ​ដែរ ដោយ​ក្នុង​នោះ​មាន​អ្នក​គាំទ្រ​ខ្លះ ចង់​ឱ្យ​អាវ​លក់​ត្រឹម​តម្លៃ​ពាក់​កណ្ដាល ទើប​គ្រួសារ​របស់​ខ្លួន អាច​មាន​លទ្ធភាព​ទិញ​បាន។ ចំណែក​ប្រាក់​ខែ​កម្មាការិនី​ដែល​ផលិត​អាវ​ទាំង​នេះ សម្រាប់​ផ្គត់​ផ្គង់​ដល់​ក្រុមហ៊ុន Adidas គួរ​តែ​ដំឡើង​ថ្លៃ​ឈ្នួល ឱ្យ​សម​ទៅ​នឹង​ចំណូល​ដែល​ទទួល​បាន​ពី​ការ​លក់​អាវ​ក្នុង​តម្លៃ​រាប់​រយ​លាន​ដុល្លារ​នោះ។

រោងចក្រ​ដែល​ផលិត​អាវ​សម្រាប់​ផ្គត់​ផ្គង់​ឱ្យ​ក្រុមហ៊ុន Adidas នៅ​កម្ពុជា​នេះ មាន​និយោជិក​ប្រមាណ ១១០០​នាក់ ដែល ៩០​ភាគ​រយ​ជា​នារី។ ជា​ទូទៅ ពួក​គេ​ធ្វើ​ការ​នៅ​ម៉ោង ៧​ព្រឹក និង​បញ្ចប់​វិញ​នៅ​ម៉ោង ៤​ល្ងាច។ ប៉ុន្តែ​កម្មការិនី​ភាគ​ច្រើន ជ្រើស​រើស​ម៉ោង​ធ្វើ​ការ​ថែម​រហូត​ដល់ 6​ល្ងាច។ អ្នក​គ្រប់​គ្រង​តែង​ដាក់​កូតា​ឱ្យ​កម្មាការិនី​ម្នាក់ ផលិត​អាច​រហូត​ដល់ 60 ប៉ុន្តែ​បើ​ធ្វើ​មិន​គ្រប់ នឹង​រង​ការ​ស្ដី​បន្ទោស។

ក្រោយ​ពេល​មាន​ការ​ស៊ើប​លើ​រឿង​រ៉ាវ​នេះ ក្រុម​បិសាច​ក្រហម Manchester United បាន​បញ្ជាក់​ថា អាវ​ដ៏​ល្បី​ឈ្មោះ​របស់​ខ្លួន ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Adidas។ ក្រុម Man Utd មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​លើ​ក្រុមហ៊ុន Adidas ក្នុង​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ ថា​គួរ​មាន​វិធាន​ការ​បែប​ណា ឬ​ក៏​អត់។ ប៉ុន្តែ​ជាក់​ស្ដែង គឺ​រឿង​រ៉ាវ​នេះ ជាប់​ពាក់​ព័ន្ធ​តែ​រោង​ចក្រ និង​ក្រុមហ៊ុន​ដែល​ផលិត​ប៉ុណ្ណោះ មិន​មាន​ពាក់​ជាមួយ​ក្រុម​បិសាច​ក្រហម​ឡើយ៕ ​

ប្រែ​សម្រួល៖ ជិន ស៊ីវុត្ថា
ប្រភព៖ Daily Mail

Loading...