ជាងកាត់សក់ពិការ​ដៃសងខាងមែនពិត តែមានសម្រស់ និងទេពកោសល្យមិនធម្មតា

​មនុស្ស​យើង​គ្រប់​គ្នា​កើត​មក​តែង​តែ​មាន​ក្ដី​ស្រមៃ​រៀង​ៗ​ខ្លួន ​ទោះ​ជា​ពិបាក​ឈោង​ចាប់ ឬ​ដើរ​ឲ្យ​ដល់​យ៉ាងណា យើង​នៅ​តែ​ជម្នះ​មិន​រាថយ​ជាមួយក្ដី​សង្ឃឹម​ខ្ពស់ ​រហូត​ទទួល​បាន​លទ្ធផល។

ការ​តស៊ូ​មិន​បោះបង់​អាច​នាំ​យើង​ឲ្យ​សម្រេច​ក្ដី​ប្រាថ្នា ​ទោះ​យើង​ត្រូវ​ជួប​បរាជ័យ​ម្ដង​ហើយ​ម្ដង​ទៀត ​តែ​យើង​ត្រូវ​ចាត់​ទុក​ភាព​បរាជ័យ​នេះ​ជា​បទពិសោធន៍ ​ដើម្បី​ជ្រើស​រើស​វិធី​ថ្មី​ដើរ តែ​ទាម​ទារ​ឲ្យ​យើង​អំណត់​អត់ធ្មត់​ខ្ពស់។ ការ​បរាជ័យ​ទៀត​សោត ​ច្បាស់​ណាស់​យើង​នឹង​ទទួល​បាន​ការ​ចំអក​ឡកឡឺយ​ពី​មនុស្ស​មួយ​ចំនួន​នៅ​ជុំវិញ​ខ្លួន​យើង ​តែ​សូម​កុំ​ខ្វល់ កុំ​ឈឺ​ចាប់​ជាមួយ​មនុស្ស​មិន​ផ្ដល់​តម្លៃ​ឲ្យ​យើង​ទាំង​នោះ ​ផ្ទុយ​មក​វិញ​ យើង​ត្រូវ​ចាត់​ទុក​ជា​កម្លាំង​ចលករ​មួយ​សម្រាប់​រុញ​ច្រាន​ខ្លួន​យើង​ឲ្យ​ខ្លាំង​​បន្ថែម​ទៀត។

​​ទាក់​ទង​នឹង​​​​ការ​តស៊ូ​នេះដែរ បុរស​ពិការ​ដៃ​ទាំង​សង​ខាង​ម្នាក់ ​មាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា​ជាង​កាត់​សក់​ដូច​ម្ដាយ ​ទោះ​ខ្លួន​គាត់​ពុំ​មាន​ដៃ​គ្រប់​គ្រាន់​ក៏​ដោយ។ ​គាត់​មាន​ឈ្មោះ Herendia ​រស់​នៅ​ប្រទេស​អាហ្សង់ទីន ​បាន​ពិការ​ដៃ​តាំង​ពី​កំណើត ​តែ​ពេល​នេះ​គាត់​បាន​ក្លាយ​ជា​ជាង​កាត់​សក់​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស។ ​តាំង​ពី​តូច​ដឹង​ក្ដី គាត់​ថា ​គាត់​រស់​នៅ​ក្នុង​ភាព​​អស់​សង្ឃឹម ​តូច​ចិត្ត​ខ្លួន​ឯង ​តែ​បាន​មិត្តភ័ក្ដិ ​និង​ក្រុម​គ្រួសារ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​គាត់​បន្ត​ជីវិត​រស់ ​និង​បន្ត​ក្ដី​ស្រមៃ​ទៀត។

​ព្រោះ​តែ​ការ​ស្រលាញ់ ​គាត់​ចាប់​ផ្ដើម​រៀន​កាត់​សក់​តាំង​ពី​អាយុ ១៤​ឆ្នាំ រហូត​មក​ដល់​បច្ចុប្បន្ន​រយៈ​ពេល ៨​ឆ្នាំ​ហើយ។ ​គាត់​​ពិការ​ដៃ​មែន​ពិត ​ប៉ុន្តែ​បើ​និយាយ​ពី​អវយវៈ​ផ្សេង​ទៀត លោក​មាន​គ្រប់​គ្រាន់​ល្អ ថែម​ទាំង​សម្រស់​ស្រស់​សង្ហា​មិន​ចាញ់​ជួរ​តារា​ប៉ុន្មាន​ឡើយ​។ ​ជាង​កាត់​សក់​មាន​ហាង​​នៅ​ទីក្រុង San Isidro រូប​នេះ ​អាច​កាត់​សក់​ច្នៃ​ម៉ូដ​ដ៏​ស្មុគស្មាញ​បាន​ប្រៀប​ដូច​ជាង​ដែល​មាន​ដៃ​គ្រប់​គ្រាន់​អីចឹង​ដែរ។ ​ដោយ​សារ​តែ​ភាព​ជោគជ័យ​ចេញ​ពី​ការ​ខិតខំ​តស៊ូ​នេះ​ហើយ ​គាត់​បាន​ក្លាយ​ជា​បុគ្គល​គំរូ ធ្វើ​ឲ្យ​មនុស្ស​ផ្សេង​ទៀត​យក​តម្រាប់​តាម​ផង​ដែរ៕ (ប្រែ​សម្រួល៖ បុត្រា Morning Fresh)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត