បុរសក្រីក្រធ្វើឲ្យឆ្កូត​ឡាន BMW ដោយអចេតនា សុខចិត្តសង 15$ បែរម្ចាស់ឡាន..

មនុស្ស​មួយចំនួន បាន​ចាត់​ទុក​រថយន្ត​របស់​ពួកគេ​ដូចជា​សមាជិក​គ្រួសារម្នាក់​ រហូត​ឲ្យ​តម្លៃ​​វា​ជា​របស់​សំខាន់​ជាង​អ្វីៗ​​នៅ​ជុំវិញ​ខ្លួន​​ផ្សេងទៀត​។ ម្ចាស់​រថយន្ត​ទំនើបៗ​តែងតែ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​យានជំនិះ ហើយ​ពួកគេ​នឹង​មិន​លើកលែង​ចំពោះ​អ្នក​ដែល​ប៉ះពាល់​ ឬ​ធ្វើឲ្យ​ខូច​រថយន្ត​ពួកគេ​ឡើយ​។​

​ការជួសជុល​បន្តិចបន្តួច អាច​មាន​តម្លៃ​រាប់​រយ ​រាប់ពាន់​ដុល្លារ ហើយ​ពុំ​មាន​អ្នកណា​ចង់​ប៉ះ​ធ្វើឲ្យ​ឆ្កូត រួច​បង់ថ្លៃ​សង​ខូចខាត​ទាំង​នោះ​ទេ​។ មនុស្ស​ជាច្រើន​តែងតែ​គេចវេស​ពី​ទំនួល​ខុស​ត្រូវ​​ដែល​ខ្លួន​​​បាន​ធ្វើ​ឲ្យ​រថយន្ត​នោះ​ខូច​ខាត​ដោយចេតនា ឬ​អចេតនា រហូត​ជជែក​តឹង​សរសៃ​.​ក​យក​ឈ្នះ​ចាញ់​ជាមួយ​ម្ចាស់​ឡាន ទោះ​ដឹងថា​ខ្លួន​ធ្វើ​ខុស​ក៏ដោយ​។ មិន​ទាំងអស់​ពេក​ទេ ចំពោះ​បុរស​ចំណាស់​ក្រីក្រ​នេះ​វិញ គាត់​បាន​ធ្វើឲ្យ​របក​ស្នាម​លើ​រថយន្ត​ទំនើប​ម៉ាក BMW ដោយ​អ​ចេតនា ពេល​ដើរ​លំហែ​តាម​ដងផ្លូវ ប៉ុន្តែ​គាត់​បាន​សន្យា​សង​ថ្លៃ​ខូចខាត​ទៅ​ម្ចាស់​រថយន្ត ប៉ុន្តែ​សុំ​ទុក​ពេល​ឲ្យ​ពីរ​បី​ខែ​ទៀត​។​

​បុរស​រូប​មាន​ឈ្មោះ Qinglong ជា​ជនជាតិ​ចិន បាន​នាំ​កូន​ដើរលេង​តាមផ្លូវ និង​ទីធ្លា​នានា​​នៅ​ទី​ប្រជុំជន​មួយ​។ គាត់​មាន​ការភិតភ័យ​ស្លេកស្លាំង​ភ្លាម បន្ទាប់ពី​ធ្វើឲ្យ​ឆ្កូត​រថយន្ត​ទំនើប​របស់​គេ​ចត​ទុកចោល ប៉ុន្តែ​គាត់​មិន​បាន​គេចវេស​ទំនួល​ខុស​ត្រូវ​ឡើយ គាត់​បាន​សរសេរ​សំបុត្រ​មួយ​ទុក​លើ​កញ្ចក់​រថយន្ត​ខាង​មុខ​ឲ្យ​ម្ចាស់​មើល​។ លោក Qinglong បាន​សុំទោស និង​រៀបរាប់​ថា ពេល​នេះ​ខ្លួន​មិន​មាន​ការងារ​ធ្វើ​នៅឡើយ​ទេ ដោយសារ​របរ​រកស៊ី​របស់​គាត់​បាន​ក្ស័យធន​។ គ្រួសារ​កំពុង​ជួប​បញ្ហា​ប្រាក់កាស ហើយ​ខ្លួន​គាត់​មាន​ប្រាក់​​ប្រមាណ ១៥ ​ដុល្លារ​​ប៉ុណ្ណោះ​។

​ទោះយ៉ាងណា លោក​បាន​សន្យា​សង​ថ្លៃ​ខូចខាត​រយៈពេល​ពីរ​បី​ខែ​ទៀត ប្រសិន​បើ​ម្ចាស់​រថយន្ត​យល់ព្រម​។ “​ខ្ញុំ​បាន​ធ្វើឲ្យ​ឆ្កូត​រថយន្ត​របស់​អ្នក​ដោ​យ​អ​ចេតនា ហើយ​ខ្ញុំ​ត្រូវតែ​ទទួលខុសត្រូវ​អ្វី​ខ្ញុំ​ធ្វើ​ឲ្យ​ខាតបង់​។ សូម​ទទួល​ប្រាក់ ១៥​ដុល្លារ​នេះ​ផង ​ដែល​ជា​ប្រាក់​​សង​បឋម ហើយ​សូម​ទុក​ឱកាស​ឲ្យ​ខ្ញុំ​បាន​ពីរ​បី​ខែ​ទៀត ដើម្បី​បង់​ប្រាក់​ដែល​នៅ​សេសសល់​ផង​។ ខ្ញុំ​សូម​ធានាថា ខ្ញុំ​នឹង​មិន​រត់គេច​ទេ​​”​។ លោក Qinlong បាន​សរសេរ​ផ្ញើរ​ក្នុង​សំបុត្រ​។​

​ពេល​ម្ចាស់​រថយន្ត​មក​ប្រទះឃើញ គាត់​ក៏​បាន​ទូរ​សព្ទ​​ទៅរ​កលោក Qinglong ដើម្បី​បញ្ជាក់​ថា គាត់​ពិតជា​សង​ថ្លៃ​ខូចខាត​មែន ឬ​យ៉ាងណា​។ ដំបូង លោក​បាន​ប្រាប់ Qinglong ថា រថយន្ត​ដែល​ឆ្កូត​នោះ​ម៉ាក BMW ។ Qinglong មាន​អារម្មណ៍​សោកស្ដាយ​ និង​និយាយ​ថា​ «ខ្ញុំ​​បាន​ធ្វើឲ្យ​មាន​ស្នាម​ឆ្កូត​រថយន្ត​​របស់​លោក​​​ ប៉ុន្តែ​ខ្ញុំ​នឹង​បង់ថ្លៃ​ខូចខាត​ជូន កុំ​បារម្ភ​”​។ ម្ចាស់​រថយន្ត​ប្រាប់ថា តម្លៃ​ជួសជុល​យ៉ាងតិច ២៩០​ដុល្លារ ប៉ុន្តែ​ដោយសារ​ឃើញ​ភាពស្មោះត្រង់​របស់​លោក Qinlong ម្ចាស់​រថយន្ត​សម្រេច​លើកលែង​ឲ្យ​គាត់​។​

​ប៉ុន្តែ លោក Qinglong បាន​បដិសេធ​មិន​ធ្វើ​ដូច្នេះ​ទេ ព្រោះ​វា​ប្រឆាំង​នឹង​គោលការណ៍​​ជីវិត​របស់ខ្លួន​។ ម្ចាស់​រថយន្ត​កាន់តែ​រំជួលចិត្ត​ជាមួយ​ពាក្យ​សំដី​របស់ Qinglong ហើយ​ប្រាប់​វិញ​ថា “​បើ​លោក​ពូ ពិត​ជា​ចង់​សង​ថ្លៃ​ខូចខាត​មែន ​ខ្ញុំ​មាន​ក្រុមហ៊ុន​មួយ​ ហើយ​ក្រុមហ៊ុន​ខ្ញុំ​កំពុង​ត្រូវការ​បុគ្គលិក​បន្ថែមទៀត​ឥឡូវនេះ តើ​លោក​ពូ អាច​មក​ធ្វើការ​ជាមួយ​ខ្ញុំ​បានទេ​? ខ្ញុំ​ពិតជា​កោតសរសើរ​ចំពោះ​ភាពស្មោះត្រង់ និង​ទំនួល​ខុស​ត្រូវរ​បស់​លោកពូ​ខ្លាំងណាស់ លោកពូ​អាច​សង​ខ្ញុំ​បន្តិច​ម្ដងៗ​ពេល​ធ្វើការ​ជាមួយ​ខ្ញុំ ហើយ​យើង​នឹង​ក្លាយជា​មិត្ត​ភ័ក្ដិ​នឹង​គ្នា​ផង​”​។​

​ដោយសារតែ​ភាពស្មោះត្រង់​របស់ Qinglong បាន​ធ្វើឲ្យ​ម្ចាស់​រថយន្ត​ទំនើប BMW អាណិត និង​សម្រេចចិត្ត​ជួយ​ដោះស្រាយ​ជីវភាព​ឲ្យ Qinglong ថែម​ទៀត​។ “​ក្នុង​សង្គម​យើង​រស់នៅ​សព្វថ្ងៃ ពិបាក​រក​មនុស្ស​ដូចជា​លោក​ណាស់ ប្រសិនបើ​លោកពូ​ពេញចិត្ត​នឹង​ជួយ​ជំនួញ​ខ្ញុំ ខ្ញុំ​នឹង​កាន់តែ​សប្បាយចិត្ត​បំផុត ភាព​ស្មោះ​ត្រង់​​ទុក​ចិត្ត​លើ​គ្នា​​នៅ​ទីណា​​ក៏​គេ​ត្រូវ​ការ​ដែរ​”​។ ម្ចាស់​រថយន្ត​បន្ថែម​៕​ ប្រែ​សម្រួល៖ Morning Fresh

error: ហាម​លួចចម្លង​អត្ថបទ​នេះ!