វីដេអូប្រមាញ់ពស់ថ្លាន់យក្ស​​ កំពុងសម្ងំក្នុងរូងឈើ មនុស្ស ៤នាក់ទើបសែងរួច

ពស់ថ្លាន់ ជា​ប្រភេទ​សត្វ​ល្មូ​ន​ធំជាងគេ វែង​ជាង​គេ​បំផុត​នៅ​ទ្វីប​អាស៊ី​ដែល​មាន​ប្រវែង​ជា​មធ្យម​ចាប់ពី ១,៥​ម៉ែត្រ ដល់​ជាង ៧​ម៉ែត្រ និង​ទម្ងន់​ចាប់ពី ១ ដល់ ២០០​គីឡូក្រាម (​ពស់​ដែល​គេ​ធ្លាប់​ចាប់បាន តែ​អាច​នៅ​មាន​ធំ​ជាងនេះទៀត​)​។​

​ពស់ថ្លាន់​ត្រូវបាន​គេ​បែងចែក​ជា​ច្រើន​ប្រភេទ​មាន​ដូចជា Burmese Python, Reticulated Python, African rock Python, Indian Python, Amethystine Python, Papuan Python ជាដើម​។ ពស់ថ្លាន់​គ្រប់​ប្រភេទ​មិនមាន​ពិស​កាច​សាហាវ​ដូច​ពស់វែក​ដល់​ថ្នាក់​ធ្វើឲ្យ​មនុស្ស​ស្លាប់ឡើយ​ ប៉ុន្តែ​វា​ប្រើ​កម្លាំង​ខ្លួន​រឹត លេប និង​មាត់​ខាំ​ដើម្បី​សម្លាប់​គូសត្រូវ​។ ពស់ថ្លាន់​ធំៗ​វែងៗ​ដែល​ប្រទះឃើញ​មាន​ច្រើនជាងគេ​នៅ​អាស៊ី គឺ​នៅ​លើ​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូនេស៊ី​។​

​ចំណែក​ពស់​ត្រូវបាន​គេ​ចាត់ទុក​ជា​ពស់​ធំជាងគេ​បំផុត​លើ​លោក គឺ​ពស់​អាណា​កូដា​បៃតង វា​មាន​ទម្ងន់​ប្រមាណ ២៣០​គីឡូក្រាម ឬ​លើស​នេះ​ទៀត និង​ប្រវែង​ដល់​ទៅ ៨,៨​ម៉ែត្រ ភាគ​ច្រើន​វា​រស់នៅ​តាម​បណ្ដា​ប្រទេស​អាមេរិក​ខាងត្បូង​។​

​រូបថត​ និង​វីដេអូ​ពស់ថ្លាន់​ដែល​គេ​ប្រមាញ់​បាន​ជា​ច្រើន​សន្លឹក​ត្រូវគេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ចេញពី​ប្រទេស​ម៉ាឡេស៊ី បាន​ទទួល​ការភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពី​ឃើញ​ពស់ថ្លាន់​ដ៏​ធំ​សម្បើម​មួយ​ក្បាល ត្រូវបាន​គេ​សែង​ចេញពី​ក្នុងព្រៃ​លើកដាក់​លើ​រថយន្ត​ដោយ​បុរស​ជាច្រើន​នាក់​។​

​តាមរយៈ​រូបភាព និង​វីដេអូខាង​ក្រោម​នេះ​វិញ​ គេ​ឃើញ​មនុស្ស​មួយ​ក្រុម​បាន​កាប់រំលំ​ឈើ​ធំ​មួយ​ដើម​ដែល​មាន​ពស់ថ្លាន់​ជា​ច្រើន​ក្បាល តូច​ផង ធំ​ផង​កំពុង​សម្ងំ​ក្នុង​រូង​ឈើ ប៉ុន្តែ​ត្រូវ​ពួកគេ​កាប់សម្លាប់​ភ្លាមៗ​។ ក្នុងចំណោម​នោះ ពស់​ដែល​ធ្វើឲ្យ​គេ​ចាប់អារម្មណ៍​ជាងគេ គឺ​ពស់ថ្លាន់​មួយ​ក្បាល​ធំ ស្បែក​យារ មើល​ទៅ​អាយុ​មិនតិច​ឆ្នាំ​ទេ តែ​ពេល​វា​មិនទាន់​អើត​ក្បាល​ផុតពី​រូងឈើ​ផង ក៏​ត្រូវ​គេ​ប្រើ​កាំបិត​វែង​កាប់​ផ្ដាច់​ត្រឹម​.​ក​តែម្ដង​។​

​បន្ទាប់ពី​កាប់​ផ្ដាច់​ក្បាល​រួច ពួកគេ​បាន​នាំគ្នា​ទាញ​ចេញពី​រូងឈើ​ដ៏​តូចចង្អៀត​ទម្រាំ​ទាញ​ផុត គេ​ឃើញ​ពស់ថ្លាន់​នេះ​វែង​មែនទែន គឺ​ប្រមាណ ៦​ម៉ែត្រ រហូត​ប្រើ​កម្លាំង​មនុស្ស ៤​នាក់​សែង​ដាក់​លើ​រថយន្ត​ដឹក​ចេញ​ទៅ​​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ទីក្រុង​ឆ្នេរ Bintulu កោះ​បូ​នី​អូ រដ្ឋ​សា​រ៉ា​វ៉ា​ក់ ប្រទេស​ម៉ាឡេស៊ី​។ ដោយសារ​តែ​ផ្ដាច់​ជីវិត​ពស់​ដ៏​ធំ​ដែល​មិន​បាន​ធ្វើបាប​មនុស្ស​ដូច្នេះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បង្ហាញ​ចិត្ត​អាណិត​ដល់​ពស់ថ្លាន់​មួយ​ក្បាល​នេះ​ទៀតផង​។​

​គួរ​រម្លឹក​ផងដែរ​ថា ទាក់ទិន​នឹង​ការ​ប្រមាញ់​ពស់ថ្លាន់​ធំ​បែបនេះ​ដែរ កាលពីដើម​ខែ​តុលា ឆ្នាំ ២០១៧ ពស់ថ្លាន់​ប្រវែង ៧​ម៉ែត្រ​មួយ​ក្បាល បាន​ខាំ​រឹត​បុរស​ម្នាក់​រហូត​ចូល​មន្ទីរពេទ្យ​នៅ​ឥណ្ឌូនេស៊ី​។ ជនរងគ្រោះ​ជា​ជនជាតិ​ឥណ្ឌូនេស៊ី លោក Robert Nababan អាយុ ៣៧​ឆ្នាំ​ជា​អ្នកស្រុក Indagiri Hulu ខេត្ត Riau បាន​ប្រយុទ្ធ​នឹង​សត្វ​ពស់ថ្លាន់​យក្ស​អស់​ជាច្រើន​នាទី រហូត​អស់កម្លាំង និង​រងរបួស​។​

​លោក​បាន​រៀបរាប់​ប្រាប់​ហេតុការណ៍​ថា ខ្លួន​កំពុង​បើកបរ​ម៉ូតូ​ចេញពី​កន្លែង​ធ្វើការ​ទៅ​ផ្ទះ​តាម​ចម្ការ​ដូងប្រេង​នា​វេលា​ល្ងាច ក៏​ប្រទះឃើញ​មនុស្ស​ពីរ​នាក់​ចង់​ឆ្លងផ្លូវ ប៉ុន្តែ​បាន​ឈប់​នៅ​ត្រឹង ពេល​ឃើញ​ពស់ថ្លាន់​ដេក​ក្រាប​កាត់​ផ្លូវ​មិន​ព្រមទៅ​ណា​។​

​លោក​ព្យាយាម​ចុះ​ចាប់​ពស់​ចេញពី​ផ្លូវ តែ​វា​ក៏​ខាំ​ដៃ រួច​ក៏​ប្រយុទ្ធ​តតាំង​គ្នា​មួយ​សន្ទុះ រហូត​ពស់​នោះ​ងាប់​។ ក្រោយមក លោក​ទៅប្រាប់​អ្នកភូមិឲ្យ​ទៅយកព​ស់ទាំង​សភាព​ល្ហិត​ល្ហៃ ហើយ​ក្រុម​គ្រួសារ​ក៏​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​។ ពស់ថ្លាន់​យក្ស​បាន​ខាំ​ត្រូវ​ដៃ និង​ម្រាមដៃ​ឆ្វេង ធ្វើឲ្យ​លោកអ​ស់​កម្លាំង​យ៉ាងខ្លាំង​ទៀតផង​៕ (ប្រែសម្រួល៖ ម៉េងហួរ Morningfresh)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!