Loading...

ភ្ញាក់​​​ផ្អើល​​​ខ្លាំង ពេល​​​ដឹង​​​ទ​ម្ងន់​​​មឈូស​​​បុរាណ ដែល​​​ប្រទះ​​​ឃើញ​​​កប់​​​ក្រោម​​​ដី​​​ជ​ម្រៅ ៥​ម៉ែត្រ

​មឈូស​​​បុរាណ​​​មួយ ត្រូវ​​​បាន​​​ក្រុម​​​បុរាណ​​​វិទូ​​​ប្រទះ​​​ឃើញ​​​កប់​​​ក្រោម​​​ដី​​​ជ​ម្រៅ ៥​​ម៉ែត្រ នៅ​​​ក្រុង Alexandria ប្រទេស​​​អេ​ហ្សី​ប ដែល​​​ជា​​​ក្រុង​​​ចំណាស់​​​មួយ​​​កសាង​​​ឡើង​​​ដោយ​​​អធិរាជ Alexander the Great តាំង​​​ពី​​​មុន​​​គ្រិស្ត​សករាជ​។ បើ​​​តាម​​​សារ​ព័ត៌មាន Daily Mail របស់​​​ចក្រ​ភព​​​អង់គ្លេស បាន​​​ឲ្យ​​​ដឹង​​​ថា មឈូស​​​បុរាណ​​​នេះ មាន​​​ទ​ម្ងន់​​​ដល់​​​ទៅ ២៧០០០​​គីឡូក្រាម (២៧​តោន​) ស្មើ​​​នឹង​​​ទ​ម្ងន់​​​រ​ថយ​ន្ត Lexus LX 570 ចំនួន ១០​​គ្រឿង​។

មឈូស​​​ដែល​​​ក្រុម​​​បុរាណ​​​វិទូ​​​អេ​ហ្សី​ប​​​ទើប​​​រក​​​ឃើញ​​​នេះ មាន​​​ប្រវែង​​​បណ្ដោយ ៣​​ម៉ែត្រ និង​​​កម្ពស់ ១,៩៥​ម៉ែត្រ​។ វា​​​បាន​​​កប់​​​ក្រោម​​​ផ្នូរ​​​មួយ​​​កន្លែង​​​នៃ​​​ទី​​​ក្រុង Alexandria ដែល​​​ជា​​​ទី​​​ក្រុង​​​បុរាណ​​​មួយ ពោរពេញ​​​ដោយ​​​សង្គ្រាម​​​យ៉ាង​​​ក្ដៅ​​​គគុក​។ នៅ​​​ក្នុង​​​ផ្នូរ​​​នោះ ក៏​​​មាន​​​បន្សល់​​​ទុក​​​នូ​វ​​​រូប​​​សំណាក​​​ក្បាល​​​មួយ ឆ្លាក់​​​ពី​​​ថ្ម​​​ស ស្រ​ដៀង​​​ទៅ​​​នឹង​​​អធិរាជ​​​ស​ម័​យ​​​បុរាណ ឬ​​​ជា​​​បុគ្គ​ល​​​ក្នុង​​​វណ្ណៈ​​​ខ្ពស់​​​នា​​​ស​ម័​យ​​​នោះ​។

ដំបូង​​​ឡើយ ក្រុម​​​បុរាណ​​​វិទូ​​​អេ​ហ្សី​ប បាន​​​សន្និដ្ឋាន​​​ថា មឈូស​​​បុរាណ​​​ដែល​​​រក​​​ឃើញ អាច​​​ដាក់​​​សព​​​របស់​​​គ្រួសារ​​​រាជ​វ​ង្ស ឬ​​​អធិរាជ​​​ណា​​​មួយ ព្រោះ​​​តាម​​​ទី​​​តាំង​​​ដែល​​​កប់​​​នោះ ជា​​​តំបន់​​​អធិរាជ និង​​​សែ​​​ស្រ​ឡាប​​​រាជ​វ​ង្ស​​​រស់​​​នៅ​។ ក្រោយ​​​រក​​​ឃើញ​​​ភ្លាមៗ តាំង​​​ពី​​​ដើម​​​ខែ​​​កក្កដា ក្រុម​​​អ្នក​​​ស្រាវជ្រាវ មិន​​​អាច​​​បើក​​​មឈូស​​​ភ្លាមៗ​​​នោះ​​​ទេ ព្រោះ​​​រង់ចាំ​​​ការ​​​ស្រាវជ្រាវ​​​ល​ម្អិ​ត មុន​​​ឈាន​​​ទៅ​​​ដល់​​​ការ​​​​បើក​​​គ្រប​​​មឈូស ដើម្បី​​​បក​​​ស្រាយ​​​ចម្ងល់​​​ដ៏​​​អាថ៌​កំបាំង​។

​ទោះ​​​បែប​​​នេះ​​​ក្ដី ក្រោយ​​​ពេល​​​ក្រុម​​​អ្នក​​​ស្រាវជ្រាវ​​​បើក​​​មឈូស ស្រាប់​​​តែ​​​​ឃើញ​​​សព​​​ដល់​​​ទៅ​៣ ដែល​​​ជា​​​រឿង​​​នឹក​​​ស្មាន​​​មិន​​​ដល់ និង​​​ខុស​​​ការ​​​សន្និដ្ឋាន​​​ទាំង​​​ស្រុង​។ ​​អ្វី​​​ដែល​​​ប្រទះ​​​ឃើញ​​​នោះ​​​គឺ​​​​លលាដ៍ក្បាល​​​មនុស្ស​​​ដល់​​​ទៅ ៣ ​​ជាមួយ​​​គ្រោង​​​ឆ្អឹង​​​មនុស្ស​​​នៅ​​​លាយ​​​ឡំ​​​គ្នា​។ គ្រោង​​​ឆ្អឹង​​​ទាំង​​​នោះ​​​មិន​​​បាន​​​ស្ងួត​​​គ្រាម​​​ដូច​​​ការ​​​រំពឹង​​​ទុក​​​ឡើយ ​​វា​​​ស្ថិត​​​ក្នុង​​​ទឹក​​​ពណ៌​​​ខ្មៅ​​​​​ប្រផេះ​​​ដ៏​​​ស្អុយ​​​ថែម​​​ទៀត ដែល​​​ពិបាក​​​ក្នុង​​​ការ​​​ស្រាវជ្រាវ​។​

បើ​​​តាម​​​អ្នក​​​ជំនាញ​​​ផ្នែក​​​មាំ​ម៉ី​​​នៅ​​​ក្រសួង​​​បុរាណ​​​វិទ្យា​​​អេ​ហ្ស៊ី​ប​​​លោក Shaban Abd Monem ​​បាន​​​អះអាង​​​ថា «​​ការ​​​ត្រួត​​​ពិ​និត្យ​​​បឋម​​​បង្ហាញ​​​ថា ​​គ្រោង​​​ឆ្អឹង​​​ទាំង​​​នោះ​​​ជា​​​របស់​​​​ម​ន្ត្រី​​​កង​ទ័ព​​​ទាំង​​ ៣​​នាក់​​ ​​លលាដ៍​​​ក្បាល​​​មួយ​​​​រក​​​ឃើញ​​​មាន​​​ស្នាម​​​របួស​​​ដោយ​​​សារ​​​​​ព្រួញ​​​មួយ​​​គ្រាប់​។ ​​ពេល​​​នេះ​​​ទាំង​​​គ្រោង​​​ឆ្អឹង និង​​​មឈូស​​​បុរាណ​​​ត្រូវ​​​បាន​​​ដឹក​​​ទៅ​​​កាន់​​​សា​រម​ន្ទីរ​​​ក្រុង​​​ហើយ ដើម្បី​​​សិក្សា​​​រកមើល​​​មូលហេតុ​នៃ​​​​ការ​​​ស្លាប់​​​អ្នក​​​ទាំង​​៣ ​​ឲ្យ​​​កាន់​​​តែ​​​ច្បាស់​​​ក្នុង​​​តំបន់​​​ប្រវត្តិសាស្ត្រ​​​នេះ​។

​​​បើ​​​តាម​​​ម​ន្ត្រី​​​ក្រសួង​​​គ្រប់​គ្រង​​​វត្ថុ​​​បុរាណ​​​របស់​​​ប្រទេស​​​អេ​​​ហ្សី​​​ប​​​បានបញ្ជាក់​​​ថា តាម​​​សណ្ឋាន​​​នៃ​​​មឈូស អាច​​​បញ្ជាក់បាន​​​ថា យ៉ាងហោចណាស់​​​ក៏​​​កប់​​​ក្រោម​​​ដី​​​ជាង ២​​ពាន់​​​ឆ្នាំ​​​មក​​​ហើយ​​​ដែរ​​​។ នេះ​​​បើ​​​ពិ​និត្យ​​​ទៅលើ​​​ផ្នូរ និង​​​ទម្រ​ង់​​​ជាក់ស្ដែង​​​នៃ​​​មឈូស​​​។ ក្រុម​​​អ្នកស្រាវជ្រាវ​​​ដដែល​​​ថា មឈូស​​​អាច​​​ជា​​​របស់​​​អភិ​ជន ឬ​​​ចៅ​​​អធិរាជ ដែល​​​រស់​​​នៅ​​​អំឡុង​​​ឆ្នាំ ៣២៣ រហូតដល់​​​ឆ្នាំ ៣០​​មុន​​​គ្រិស្ត​សករាជ​​​។ ស​ម័​យ​​​នោះ គឺជា​​​ពេល​​​ដែល​​​ចក្រ​ភព​​​រ៉ូម មាន​​​រឹបអូស​​​យក​​​ប្រទេស​​​អេ​​​ហ្សី​​​ប​ទាំង​​​មូល​​​។

គួរ​​​បញ្ជាក់​​​ថា សព​​​ទាំង​​៣ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​សា​រម​ន្ទីរ​​​ក្រុង Alexandria ដើម្បី​​​ពិ​និត្យ​​​បន្ត ដើម្បី​​​ជា​​​ការ​​​ស្រាវជ្រាវ​​​ប្រវត្តិសាស្ត្រ​។ ចំណែក​​​មឈូស​​​ដ៏​​​ក្រាស់ នៅ​​​ក្នុង​​​ផ្នូរ​​​បុរាណ ត្រូវ​​​យក​​​ទៅ​​​ដាក់​​​ប​ណ្ដោះ​​​អាសន្ន​​​នៅ​​​សា​រម​ន្ទីរ​​​ទាហាន​​​ក្នុង​​​ក្រុង​។ ផ្នូរ​​​នោះ ត្រូវ​​​បាន​​​ជីក​​​កកាយ នៅ​​​ច​ន្លោះ​​​អគារ​​​ជា​​​ច្រើន ដែល​​​ជា​​​តំបន់​​​មួយ សម្បូរ​​​ទៅ​​​ដោយ​​​រឿង​​​រ៉ាវ​​​ប្រវត្តិសាស្ត្រ​​​ចាក់​​​ស្រែះ និង​​​មាន​​​អាថ៌​កំបាំង​​​ជា​​​ច្រើន​​​រាប់​​​មិន​​​អស់​៕ ​​

ប្រែ​សម្រួល៖ ជិន ស៊ីវុត្ថា
ប្រភព៖ Daily Mail

Loading...