រកឃើញកប៉ាល់ខ្មោចដ៏​ធំសម្បើមនៅបាតសមុទ្រ អ្វីនៅក្នុងនោះ នឹងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល

ក្រុមហ៊ុន​រុក​រក​រតនសម្បត្តិ​កូរ៉េ​ខាងត្បូង ​បាន​រក​ឃើញ​កប៉ាល់​ខ្មោច​ផ្ទុក​វត្ថុ​មាន​តម្លៃ​មហាសាល​ដែល​បាន​លិច​នៅ​ក្បែរ​កោះ​អ៊ុលលើង ចម្ងាយ​ប្រមាណ ១២០​គីឡូម៉ែត្រ​ពី​ភាគ​ខាង​កើត ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

កប៉ាល់​ច្រេះ​ចាប់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Dmitrii Donskoi ​ជា​ប្រភេទ​នាវា​ចម្បាំង​របស់​រុស្ស៊ី​ បាន​ប្រទះ​ឃើញ​នៅ​បាត​សមុទ្រ​ជម្រៅ ៤៣៤​ម៉ែត្រ ចម្ងាយ​តែ ១,៣​គីឡូម៉ែត្រ​ពី​កោះ​អ៊ុលលើង។ នេះ​បើ​តាម​ក្រុមហ៊ុន​រុក​រក​កប៉ាល់ Shinil Group ​បាន​បញ្ជាក់​ឲ្យ​ដឹង។ ​ក្បាល​កប៉ាល់​បះ​ឡើង​លើ​​នៅ​ជម្រៅ ៣៨០​ម៉ែត្រ​ពី ផ្ទៃ​ទឹក ​ហើយ​​តួ​ខ្លួន​កប៉ាល់​រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​គ្រាប់​បែក​ផ្លោង។

​ក្រុម​យោធា​រុស្ស៊ី ​បាន​ប្រើ​ប្រាស់​នាវា​នេះ​សម្រាប់​ចម្បាំង​អំឡុង​ពេល​សង្គ្រាម​រុស្ស៊ី​-ជប៉ុន នៅ​ដើម​ឆ្នាំ ១៩០០ ​​និង​បាន​លិច​បាត់​នៅ​ថ្ងៃ​ទី ២៩ ឧសភា ​ឆ្នាំ ១៩០៥ គិត​មក​ទល់​ពេល​នេះ​រយៈពេល​ ១១៣​ឆ្នាំ​ហើយ។ ​តាម​ការ​ឮ​តៗ​គ្នា​កប៉ាល់​នេះ ​មាន​​ផ្ទុក​កាក់​មាស​ចំនួន ៥ ៥០០​ហឹប ដែល​មាន​តម្លៃ​គិត​ជា​ទឹក​ប្រាក់​ចំនួន ១៣៣.៤​ ពាន់​លាន​ដុល្លារ ​តែ​គេ​មិន​ច្បាស់​​ថា មាស​ទាំង​នោះ​បាន​លិច​ជា​មួយ​កប៉ាល់ ឬ​យ៉ាង​ណា​នោះ​ទេ។ ​ប្រភព​ពី​ក្រុមហ៊ុន​ដដែល​បន្ត​ថា «​យើង​កំពុង​ធ្វើ​ការ ​ដើម្បី​​លើក​បំណែក​កប៉ាល់​នេះ​មក​លើ។

​យើង​បាន​ឃើញ​អ្វី​មួយ​ដូច​ជា​ហឹប​ដែក​ផ្ទុក​រតន​សម្បត្តិ ប៉ុន្តែ​យើង​មិន​ទាន់​បើក​នៅ​ឡើយ​​ ​ក្រោយ​សិក្សា​ស្វែង​យល់​​​ល្អិត​ល្អន់ យើង​នឹង​បើក​គម្រប​ហឹប​ទាំង​នោះ​ហើយ។ ហឹប​នោះ​ទើប​ប្រទះ​ឃើញ​នៅ​ថ្ងៃ​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទេ»។ ​​​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង The Korea Times ​​ផ្សាយ​ថា ​ក្រុមហ៊ុន​ខាង​លើ​តាម​ស្វែង​រក​កប៉ាល់​នេះ​រាប់​ឆ្នាំ​មក​ហើយ​ ដោយ​ប្រើ​ប្រាស់​នាវា​មុជទឹក​ខ្នាត​តូច​​ ២​គ្រឿង។

​កប៉ាល់ Dmitrii Donskoi មាន​ទម្ងន់​ប្រមាណ ៦​ពាន់​តោន​ ផ្ទុក​នាវា​​រុស្ស៊ី​តូច​ៗចំនួន ៣៨​គ្រឿង ​និង​បញ្ឈរ​​ជើង​ប្រចាំ​ការ​ពី​សមុទ្រ​បាល់​ទិក ទៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ក្រុម​ហ៊ុន​នឹង​ធ្វើ​សន្និសីទ​កាសែត​លំដាប់​អន្តរជាតិ​នៅ​ថ្ងៃ​ទី ២៥ ឬ ២៦​ កក្កដា​ខាង​មុខ​ដើម្បី​បក​ស្រាយ​ការពិត​អ្វី​ខ្លួន​បាន​អះអាង និង​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់​​ផ្អើល​ផង​ដែរ។ ភាគ​ហ៊ុន​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​ការ​រក​ឃើញ​កប៉ាល់​នេះ​ ត្រូវ​គេមើល​​​ឃើញ​ថា បាន​កើន​ឡើង​ខ្លាំង​ផងដែរ៕ ប្រែ​សម្រួល៖ Morning Fresh

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត