ក្មេងៗនិងគ្រូបង្វឹក រៀបរាប់វិធី​ពួកគេអាចរស់ក្នុងល្អាងបាន៩ថ្ងៃ ក្រោយចេញពីមន្ទីរពេទ្យ

កុមារ​ទាំង ១២​នាក់ ​និង​គ្រូ​បង្វឹក​របស់​ពួក​គេ​នៃ​ក្រុម​បាល់​​ទាត់​ជ្រូក​ព្រៃ ​ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ចេញ​ពី​​រូង​ល្អាង​ថាំហ្លួង ​បាន​ចេញ​បង្ហាញ​មុខ​ជា​សាធារណៈ​លើកដំបូងហើយ ​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ល្ងាច​ថ្ងៃ​ទី ១៨ កក្កដា​ដោយ​មាន​អ្នក​កាសែត​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ជា​ច្រើន។

ពួក​គេ​មើល​ទៅ​មាន​សុខភាព​ល្អ និង​សប្បាយ​រីករាយ ខណៈ​ពេល​ពួក​គេ​បាន​ឆ្លើយ​សំណួរ​ជា​ច្រើន​អំពី​ការ​រស់​នៅ​ក្នុង​រូង​ល្អាង​ងងឹត​សូន្យ​ចំនួន ៩​ថ្ងៃ និង ៥​ម៉ោង មុន​ពេល​អ្នក​មុជទឹក​ជនជាតិ​អង់គ្លេស​​រក​ឃើញ។ ​មនុស្ស​ជា​ច្រើន​បាន​ទន្ទឹង​រង់ចាំ​ពួក​គេ ​បន្ទាប់​ពី​ខាង​មន្ទីរពេទ្យ​​អនុញ្ញាត​ឲ្យ​ពួក​គេ​ត្រលប់​ទៅ​ផ្ទះ​វិញ និង​​​​ផ្ដល់​បទ​សម្ភាស​ខ្លះ​ៗ​​ជាមួយ​អ្នក​កាសែត។ ​ប៉ុន្តែ​សំណួរ​​ពី​អ្នក​កាសែត​មិន​អាច​ចោទ​សួរ​ផ្ទាល់​ទៅ​ក្មេង​បាន​ទេ ដោយ​ត្រូវ​ឆ្លង​កាត់​អ្នក​ជំនាញ​ចិត្តវិទ្យា​ជា​មុន​ថា ​អាច​សួរ​បាន ឬ​យ៉ាង​ណា ចៀសវាង​ប៉ះពាល់​សតិអារម្មណ៍​​ក្មេងៗ។

​ប៉ុន្តែ​អ្វី​ដែល​មហាជន​ចង់​ដឹង​ច្បាស់​នោះគឺ​ ​​ពួក​គេ​មាន​វិធី​យ៉ាងណា អាច​បន្ត​ជីវិត​រស់​នៅ​ក្នុង​ល្អាង​រយៈ​ពេល​ដ៏​យូរ​នេះ​បាន។ គ្រូ​បង្វឹក​លោក ឯកាផុល រៀប​រាប់​ថា ​«បន្ទាប់​ពី​ហាត់​បាល់​រួច​នៅ​ថ្ងៃ​​ទី ២៣ មិថុនា ​ក្រុម​ពួក​គេ​​សម្រេច​ទៅ​លេង​ល្អាង​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ​ដែល​សមាជិក​ភាគ​ច្រើន​សុទ្ធ​តែ​ធ្លាប់​ទៅ​លេង​ពី​មុន​ហើយ ពេល​ចូល​ទៅ​លេង​ជិត​បាន​មួយ​ម៉ោង​ស្រាប់​តែ​ទឹក​ហូរ​ចាក់​យ៉ាង​គំហុក​ចូល​ក្នុង​ល្អាង។ យើង​បាន​រត់​ចូល​ខាង​ក្នុង​ជ្រៅ​ទៅ​ៗ ​ខ្ញុំ​មិន​ភ័យ​ខ្លាច​ទេ​ ខ្ញុំ​ព្យាយាម​សម្រាល​ស្ថានការណ៍​ឲ្យ​ស្ងប់ស្ងាត់ និង​ព្យាយាម​រក​ច្រក​ចេញ​វិញ​។

ក្រោយ​យើង​ទាំង ១៣​នាក់ មិន​អាច​រក​ផ្លូវ​ចេញ​បាន យើង​គិត​ថា​មាន​តែ​គេង​នៅ​ល្អាង​មួយ​យប់​សិន​ហើយ។ ​យើង​បាន​ជ្រើស​រើស​កន្លែង​មួយ​មាន​ប្រភព​ទឹក​ស្អាត និង​រង់​ចាំ​រក​វិធី​នៅ​ថ្ងៃ​ស្អែក​បន្ទាប់​ទៀត។ ​ខ្ញុំ​បាន​ប្រាប់​ឲ្យ​សមាជិក​ទាំង​អស់ កុំ​បើក​ភ្លើង​ពិល​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ ដើម្បី​សន្សំ​សំចៃ​ថ្ម កុំ​ខ្ជះខ្ជាយ។ ​ពួក​យើង​មាន​​អាហារ​កញ្ចប់​ខ្លះ​តាម​ខ្លួន (ខ្ញុំ​យក​ទៅ) និង​ផឹក​ដំណក់​ទឹក​ស្រក់​ចេញ​ពី​ថ្ម​កន្លែង​យើង​សម្រាក។

រហូត​ដល់​ថ្ងៃ​ទី​ពីរ ក្មេងៗ​ចាប់​ផ្ដើម​អស់​កម្លាំង។ ខ្ញុំ​ស្ទើរ​តែ​សន្លប់ រាង​កាយ​ខ្ញុំ​ខ្សោយ ខ្ញុំ​ព្យាយាម​មិន​គិត​ពី​អាហារ ​ព្រោះ​ធ្វើ​ឲ្យ​យើង​កាន់​តែ​ឃ្លាន​ខ្លាំង។ ​ដំបូង គម្រោង​យើង​មាន​តែ​រង់​ចាំ​គេ​មកជួយ ​ប៉ុន្តែ​កម្រិត​ទឹក​កើន​ឡើង​កម្ពស់​​ជាង ៣ម៉ែត្រ​ទៀត ធ្វើ​ឲ្យ​ពួក​យើង​មាន​ការ​ព្រួយ​បារម្ភ។ ​ពួក​យើង​ភាគ​ច្រើន​ចេះ​ហែល​ទឹក។ ​យើង​បាន​ជីក​រណ្ដៅ​មួយ​ជម្រៅ​ប្រមាណ ៤​ម៉ែត្រ ​ដែល​សង្ស័យ​ថា​មាន​ច្រក​ចេញ ​តែ​តាម​ពិត​មិន​មាន​ទេ ​ធ្វើ​ឲ្យ​យើង​ស្រងាក​ចិត្ត និង​មក​អង្គុយ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​វិញ។

នៅ​ថ្ងៃ​ជាប់​ទី ១០ ​ពួក​យើង​បាន​ឮ​សម្លេង​ដែល​មិន​មែន​ជា​សម្លេង​គ្នីគ្នា​យើង ពេល​នោះ​កុមារ អាឌុល ​បាន​​បញ្ចាំង​ពិល​ទៅ​លើ​ផ្ទៃ​ទឹក ​ស្រាប់​តែ​ឃើញ​មនុស្ស​២នាក់ ​ជា​អ្នក​មុជទឹក​ជនជាតិ​អង់គ្លេស​ក្ន្ង​ង​ទឹក​ ​ធ្វើ​ឲ្យ​អារម្មណ៍​ពួក​យើង​រំភើប​ក្រៃលែង​រក​អ្វី​ប្រៀប​ផ្ទឹម​គ្មាន។ ​វា​ជា​អព្ភូតហេតុ​អស្ចារ្យ ពួក​គេ​បាន​សួរ​ពួក​យើង «​សុខសប្បាយ​ទេ? ​កុមារ អាឌុល ​ឆ្លើយ​មុន​គេ​ថា «យើង​មិន​អីទេ តែ​ពួក​យើង​ឃ្លាន​ខ្លាំង​ណាស់​»។ ​អ្នក​ទាំង​ពីរ​ឲ្យ​ពួក​យើង​រង់​ចាំ ​ព្រោះ​មាន​អ្នក​យក​អាហារ​មក​តាម​ក្រោយ​ឲ្យ​ហើយ។ ​គ្រូ​ពេទ្យ​ចំនួន ២​នាក់ ​បាន​នៅ​មើល​ថែ​ពួក​គេ រហូត​ដល់​ថ្ងៃ​ជួយ​សង្គ្រោះ​ចេញ​តែ​ម្ដង​៕ (ប្រែ​សម្រួល៖ Morning Fresh)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!