ប្រទះ​ឃើញ​ឆ្អឹង​សត្វ​ «តោ​សមុទ្រ» ផុត​ពូជ​ដ៏​ធំ​សម្បើម​លើ​កោះ​ឆ្ងាយ​ដាច់​សង្វែង​

​ក្រុម​អ្នករុករក​រុស្សី បាន​ប្រទះឃើញ​ឆ្អឹង​សត្វ​សមុទ្រ​ដ៏​ធំ​មួយ​ក្បាល​ដែល​បាន​ផុត​ពូជ​លើ​ភពផែនដី​យើង​នេះ​អស់​ជាច្រើន​សតវត្សរ៍​មក​ហើយ តែ​វា​បាន​រក្សា​សណ្ឋាន​ឆ្អឹង​នៅ​ល្អ​ដូច​ទើប​ងាប់​ថ្មីៗ​។​

​ឆ្អឹង​សត្វ​នេះ​មាន​ប្រវែង​ជាង ៦​ម៉ែត្រ ត្រូវបាន​គេ​រកឃើញ​នៅ​មាត់​ឆ្នេរ​លើ​កោះ Commander ក្នុង​តំបន់ Kamchatka ភាគ​ខាងកើត​ដាច់​សង្វែង​ពី​ប្រទេស​រុស្ស៊ី​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Siberian Times កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​។​

​គ្រោង​ឆ្អឹងខ្នង តែ​ពុំ​ឃើញ​ឆ្អឹង​ក្បាល​នេះ ត្រូវបាន​គេ​ប្រទះ​ឃើញ​លើកដំបូង ពេល​វា​ផុសចេញ​ពី​ដី​ដូច​បង្គោលរបង នៅ​ពេល​មាន​ខ្យល់​បក់​ ទឹក​ភ្លៀង​​ហូរ​កាត់​ ស្រាប់តែ​គេ​សន្និដ្ឋាន​ថា វា​ប្រាកដជា​ឆ្អឹងជំនី​សត្វ​បុរាណ​ណាមួយ​ហើយ​។ ​មនុស្ស​មួយ​ក្រុម​បាន​នាំគ្នា​ជីក​ជម្រៅ​ប្រមាណ ៧០​សង់ទីម៉ែត្រ​ពី​ផ្ទៃ​ដៃ ទើប​គេ​ដឹងថា វា​ជា​ឆ្អឹង​សត្វ​តោ​សមុទ្រ​ដែល​បាន​ផុត​ពូជ​​​ពី​ផែន​​ដី​ទៅ​។ បើ​តាម​ការសិក្សា​ស្រាវជ្រាវ ថនិកសត្វ​ប្រភេទ​នេះ បាន​ផុត​ពូជ​នៅ​សតវត្សរ៍​ទី ១៨​។​

​ក្នុង​កំណាយ​ដដែល ពួកគេ​បាន​រកឃើញ​ឆ្អឹងខ្នង​ចំនួន ៤៥​ដុំ ឆ្អឹងជំនី ២៧​ដុំ ឆ្អឹងស្លាបប្រចៀវ​ម្ខាង និង​ឆ្អឹង​ផ្សេងៗ​ជាច្រើន​កំណាត់​ទៀត​។ តោ​សមុទ្រ ឬ Sea Cow ត្រូវបាន​អ្នករុករក​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ឈ្មោះ Georg Steller ជា​អ្នក​ដាក់​ឈ្មោះ​ឲ្យ អំឡុងពេល​ធ្វើ​ដំណើរ​ផ្សងព្រេង​ក្នុង​ឆ្នាំ ១៧៤១​។ សត្វ​នេះ​ងាយស្រួល​ប្រមាញ់​ ​វា​ជា​សត្វ​ស្លូត និង​​​​មិន​ខ្លាច​មនុស្ស​ឡើយ​៕ (ប្រែ​សម្រួល៖ បុត្រា Morning fresh)

error: ហាម​លួចចម្លង​អត្ថបទ​នេះ!