បាត់ខ្លួនវិស្វករ ៧ឆ្នាំ បែរប្រទះឃើញក្នុងរថយន្តបាតទន្លេគួរឲ្យភ្ញាក់ផ្អើល
ជារឿងគួរឲ្យភ្ញាក់ផ្អើល និងមិននឹកស្មានមួយដែលគេរកឃើញសាកសពសល់តែគ្រោងឆ្អឹងបុរសម្នាក់នៅក្នុងរថយន្តលិចទឹកកប់ភក់នៅស្រុកមួង ដោយគេសន្និដ្ឋានថា ជាវិស្វករដែលបានបាត់ខ្លួនកាលពី ៧ឆ្នាំមុន។
ជនរងគ្រោះមានឈ្មោះ រើងរឹទ្ធ ចិត្តធម៌ អាយុ ៣២ឆ្នាំ រស់នៅខេត្តខុនគែន បាត់ខ្លួនក្នុងឆ្នាំ ២០១១។ អត្តពលិកកីឡាទ្រីយ៉ាត្លុង (រត់+ហែលទឹក+ជិះកង់) ដែលកំពុងរៀនហែលទឹកនៅវាលណងណាមខោវ តំបន់ថាឆាង ជាអ្នកប្រទះឃើញរថយន្តលិចទឹកដំបូងគេ ទើបរាយការណ៍ជូនសមត្ថកិច្ចបង្កការភ្ញាក់ផ្អើល។ អាជ្ញាធរបានរកឃើញគ្រោងឆ្អឹង ដបថ្នាំសម្លាប់សត្វល្អិត គ្រឿងអលង្ការមានតម្លៃ និងអត្តសញ្ញាណប័ណ្ណនៅក្នុងរថយន្ត។
វរសេនីយ៍ឯកលោក ស្រ៊ីចាន់ ជាអនុប្រធានស៊ើបអង្កេតប្រចាំប៉ុស្ដិ៍ប៉ូលិសស្រុកមួង ខេត្តចាន់បុរី បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា តាមរយៈការត្រួតពិនិត្យស្លាកលេខឡានបង្ហាញថា ម្ចាស់រថយន្តពិតប្រាកដអាយុ ៣៥ឆ្នាំ ជារបស់សាស្ត្រាចារ្យសាកលវិទ្យាល័យមួយរស់នៅខេត្តភាគខាងត្បូងប្រទេស។
ស្ត្រីម្នាក់បានចេញមុខអះអាងទាំងទឹកភ្នែកថា ឆ្អឹងទាំងនោះជារបស់មិត្តប្រុសរបស់នាងឈ្មោះរើងរឹទ្ធ ដែលបានបាត់ខ្លួនកាលពី ៧ឆ្នាំមុន។ គ្រួសារសាច់ញាតិជនរងគ្រោះបានដាក់ពាក្យបណ្ដឹងចំពោះការបាត់ខ្លួនទៅកាន់ប៉ូលិសក្នុងឆ្នាំ ២០១១ រួចហើយដែរ តែគ្មានដំណឹងសោះ។ យោងតាមប្រភពដដែលបន្តថា អំឡុងពេលបាត់ខ្លួន រើងរិទ្ធ ធ្វើការជាវិស្វករក្នុងរោងចក្រក្រដាសមួយកន្លែងក្នុងខេត្តប្រាឈីនបុរី ហើយមុនពេលបាត់ខ្លួន គាត់បានទៅលេងនាងនៅសកលវិទ្យាល័យក្នុងខេត្តចន្ទបុរី។
ពេលនោះ នាងកំពុងសិក្សាថ្នាក់អនុបណ្ឌិត ពេលចេញពីរៀនព្រឹក នាងក៏បានឲ្យមិត្តប្រុសជូនទៅផ្ទះវិញ។ អំឡុងពេលជជែកគ្នាលេងតាមផ្លូវ គាត់បានប្រាប់នាងថា គាត់ធុញថប់តប់ប្រមល់ខ្លាំងណាស់ដោយសារការងារ និងរឿងគ្រួសារ។ នាងបាននិយាយផ្ដល់កម្លាំងចិត្ត កុំឲ្យគិតច្រើនពេក និងប្រាប់គាត់ឲ្យទៅយកនាងនៅម៉ោង ៨យប់ក្រោយរៀនចប់នៅថ្ងៃដដែល។ ប៉ុន្តែនៅយប់នោះ គាត់មិនបានមកយក និងមិនអាចទាក់ទងតាំងពីពេលនោះមករហូត។ ការស៊ើបអង្កេតបឋមរកឃើញថា គាត់ទំនងជាធ្វើអត្តឃាតបើកចូលទន្លេ ដោយយោងទៅតាមវត្ថុតាងបន្សល់ទុកក្នុងរថយន្ត ហើយពេលនេះប៉ូលិសកំពុងស៊ើបបន្តទៀត៕ (ប្រែសម្រួល៖ Morning Fresh)