រកឃើញមឈូសថ្មអាថ៌កំបាំងមួយ សង្ស័យមានសពរបស់អធិរាជជាង ២ពាន់ឆ្នាំមុន បុរាណវិទូនឹងបើកឆាប់ៗនេះ
ក្រុមបុរាណវិទូរបស់ប្រទេសអេហ្សីប បានប្រទះឃើញមឈូសថ្មដ៏អាថ៌កំបាំងមួយ កប់ជ្រៅនៅក្រុង Alexandria ដែលគេជឿថាជាកន្លែងបញ្ចុះសពរបស់អធិរាជពូកែចម្បាំង និងជាមហាសេដ្ឋីសម័យបុរាណ Alexander the Great។ ក្រុមអ្នកសិក្សាស្រាវជ្រាវ កំពុងសិក្សាលម្អិតដោយយកចិត្តទុកដាក់ ព្រមទាំងសម្រេចចិត្តថានឹងបើកមឈូសមួយនេះក្នុងពេលឆាប់ៗខាងមុខ ដើម្បីបកស្រាយអាថ៌កំបាំងមួយនេះ។
បើតាមសារព័ត៌មាន Daily Mail របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា មឈូសថ្មនោះ មានប្រវែង ១០ហ្វីត(ប្រហែល ៣ម៉ែត្រ) និងកម្ពស់ ៦,៥ហ្វីត(ប្រហែល ១,៩៥ម៉ែត្រ)។ មឈូសថ្មនេះ បានកប់ក្រោមផ្នូរមួយកន្លែងនៃក្រុង Alexandria ដែលជាក្រុងដ៏ចំណាស់មួយ កសាងឡើងដោយអធិរាជ Alexander the Great។ នៅក្នុងផ្នូរនោះ ក៏មានបន្សល់ទុករូបសំណាកក្បាលមួយ ឆ្លាក់ពីថ្មស ស្រដៀងទៅនឹងអធិរាជ Alexander the Great។
បើតាមក្រុមបុរាណវិទូ ដែលប្រទះឃើញផ្នូរនោះ បានសន្និដ្ឋានថា ជារបស់ព្រះចៅអធិរាជណាមួយ ហើយក្នុងមឈូសថ្មនោះ ដាក់សពរបស់មហាសេដ្ឋីសម័យបុរាណ។ ទោះបែបនេះក្ដី ក្រុមអ្នកស្រាវជ្រាវ មិនទាន់អាចបើកមឈូសនោះភ្លាមៗទេ ដោយរង់ចាំការសិក្សាឲ្យបានច្បាស់លាស់សិន ចៀសវាងប៉ះពាល់ដល់សណ្ឋានខាងក្នុង ព្រោះនេះជារបកគំហើញដ៏អស្ចារ្យមួយ។
បើតាមមន្ត្រីក្រសួងគ្រប់គ្រងវត្ថុបុរាណរបស់ប្រទេសអេហ្សីប បានបញ្ជាក់ថា តាមសណ្ឋាននៃមឈូស អាចបញ្ជាក់បានថា យ៉ាងហោចណាស់ក៏កប់ក្រោមដីជាង ២ពាន់ឆ្នាំមកហើយដែរ។ នេះបើពិនិត្យទៅលើផ្នូរ និងទម្រង់ជាក់ស្ដែងនៃមឈូស។ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា មឈូសអាចជារបស់អភិជន ឬចៅអធិរាជ ដែលរស់នៅអំឡុងឆ្នាំ ៣២៣ រហូតដល់ឆ្នាំ ៣០មុនគ្រិស្តសករាជ។ សម័យនោះ គឺជាពេលដែលចក្រភពរ៉ូម មានរឹបអូសយកប្រទេសអេហ្សីបទាំងមូល។
ទោះបែបនេះក្ដី ក្រុមអ្នកស្រាវជ្រាវមួយចំនួន បានអះអាងថា មឈូសប្រវែង ៣ម៉ែត្រនេះ ប្រហែលជាតូចណាស់ សម្រាប់អធិរាជ Alexander the Great ដែលជាមនុស្សមាឌធំក្រអាញ នាសម័យចក្រភពរ៉ូម៉ាំងនោះ។ ចំណែកអ្នកនិពន្ធជនជាតិអាមេរិក បាននិយាយចំអកថា មិនបាច់បើកទេ ព្រោះក្នុងនោះគ្មានអ្វីឡើយ មិនមែនដូចរឿងកុនឡើយ។
គួរបញ្ជាក់ថា ព្រះចៅអធិរាជ Alexander the Great ជាបុគ្គលដ៏អស្ចារ្យមួយ ដែលដឹកនាំចក្រភពក្រិកបុរាណ និងគ្រប់ដែនដីស្ទើរពាក់កណ្ដាលពិភពលោក លាតសន្ធឹងដល់ប្រទេសឥណ្ឌា នៃទ្វីបអាស៊ី។ ព្រះអង្គ បានប្រសូតនៅឆ្នាំ ៣៥៦មុនគ្រិស្តសករាជ និងសុគតទៅវិញនៅឆ្នាំ ៣២៣មុនគ្រិស្តសករាជ ហើយបើគិតទៅ គឺព្រះអង្គមានព្រះជន្មលើផែនដី ត្រឹម ៣៣ ព្រះវស្សាប៉ុណ្ណោះ។ មូលហេតុនៃការសុគតពេលនោះ គឺដោយសារមានជំងឺធ្ងន់ធ្ងរ មិនអាចព្យាបាលបាន។
ដោយសារព្រះអង្គមានទ្រព្យសម្បត្តិមហាសាល ពិធីបុណ្យព្រះសពរបស់ព្រះអង្គ ត្រូវចំណាយលុយសរុប ៦០០លានដុល្លារ (គិតលុយបច្ចុប្បន្ន)។ ព្រះសពទ្រង់ ត្រូវបានដឹកតាមរទេះសេះមាសសុទ្ធ ហើយរទេះនោះ ត្រូវបានអូសដោយសេះ ៦០ក្បាល ដើម្បីហែសពទ្រង់ទៅបញ្ចុះនៅទីកន្លែងកំណើត។ ព្រះអង្គ ល្បីរន្ទឺខ្លាំង ដោយសារសមត្ថភាពច្បាំងឈ្នះអស់សត្រូវ រហូតដណ្ដើមបានដែនដីជាច្រើន បង្កើតជាចក្រភពរ៉ូម៉ាំងដ៏អស្ចារ្យ៕