នារីម្នាក់ឆ្លើយសំណួរអ្នកចង់ដឹងរឿងថា ស្រលាញ់គ្នាជិត១០ឆ្នាំ ស្នេហាដុះស្លែ ម៉េចអត់ទាន់រៀបការ?
គូស្នេហ៍ស្រលាញ់ស្មោះ ពិតជាត្រូវការពេលវេលាយូរ នៅក្បែរគ្នាឲ្យបានច្រើន ដើម្បីស្វែងយល់ពីចិត្តគ្នាទៅវិញទៅមក មុនសម្រេចចាប់ដៃគ្នាចូលក្រាបផ្ទឹម ធ្វើជាគូអនាគតដើរផ្លូវរួមគ្នា។
ក្នុងអំឡុងពេលមិនទាន់រៀបការ គូស្នេហ៍ភាគច្រើនតែងតែជួបនូវរឿងរ៉ាវ ឬឧបសគ្គជាច្រើនមករារាំងវិថីជីវិតគូស្នេហ៍របស់ពួកគេ រហូតខ្លះមិនអាចទ្រាំបាន ត្រូវចែកផ្លូវគ្នាទៅវិញ។ ប៉ុន្តែគូស្នេហ៍ពិតប្រាកដ ពួកគេអាចហែលឆ្លងរាល់ឧបសគ្គទាំងនោះបាន ទោះជួបការលំបាកច្រើនដែលបង្កើតឡើងដោយកំហុសខ្លួនពួកគេ ឬរនាំងគ្រួសារ។ ពួកគេត្រូវការភាពអត់ធ្មត់ លើកលែងអធ្យាស្រ័យឲ្យគ្នា និងរឿងមួយចំនួនទៀតត្រូវធ្វើគធ្វើថ្លង់។
ចំណែកគូស្នេហ៍ខាងក្រោម ក៏មានទំនាក់ទំនងស្នេហាមិនខុសពីរៀបរាប់ខាងលើដែរ តែអ្វីគួរឲ្យកោតសរសើរគឺពួកគេបានស្រលាញ់គ្នារហូតដល់ជិត ១០ឆ្នាំហើយ មិនដែលមានពាក្យថា បែកគ្នា ឬបង្កហិង្សាទេ។ ការស្រលាញ់ចិត្តនឹងចិត្តដ៏យូរដូច្នេះ អ្នកទាំងពីរក៏ជួបឧបសគ្គច្រើនដែរ ប៉ុន្តែអាចចាប់ដៃគ្នាឆ្លងផុតបាន។ រឿងមួយទៀតដែលអ្នកទាំងពីរតែងតែត្រូវមិត្តភ័ក្ដិ និងអ្នកជុំវិញចោទសួរនោះ គឺពេលវេលារៀបការ។
ការជ្រើសរើសពេលវេលារៀបការដ៏សមស្របមួយ គូស្នេហ៍នីមួយៗតែងតែមានហេតុផលស្រដៀងៗគ្នា គឺសន្សំប្រាក់ឲ្យបានច្រើន។ ឯគូស្នេហ៍វ័យក្មេងរស់នៅខេត្តកំពង់ស្ពឺ និងជានិស្សិតពេទ្យទើបបញ្ចប់ការសិក្សាទាំងពីរសុំមិនបញ្ចេញឈ្មោះនេះវិញ បានបង្ហើបឲ្យដឹងពីមូលហេតុរបស់ពួកគេនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូចខាងក្រោម៖
«ស្រលាញ់គ្នាជិត ១០ឆ្នាំ ស្នេហាដុះស្លែនរណាក៏គេថាដែរ តែមិនទាន់បានរៀបការ។ គេសួរគ្រប់គ្នាថាពេល ណារៀបការអូន?? សុំទំលាយអាថ៌កំបាំងមួយ ហេតុផលគឺដោយសារតែខាងប្រុស សុំពេលរៀបចំជីវិតទាំងការងារទាំងមុខរបរដើម្បីត្រៀមខ្លួនធ្វើជាមេគ្រួសារមួយដែលអាចជំហរយ៉ាងរឹងមាំមានទំនួលខុសត្រូវព្រោះមិនចង់ឲ្យប្រពន្ធពិបាក។ មិនយូរទៀតទេ ខ្ញុំជឿជាក់ថា គេនឹងធ្វើបាន100%។
ស្រលាញ់គ្នាចិត្តនឹងចិត្ត មិនដែលគិតថាចង់បានអ្វីពីមនុស្សប្រុសម្នាក់នឹងក្រៅពីចិត្តស្មោះ ពេលវេលាទេ និងភាពកក់ក្តៅ ជាពិសេសស្រមៃថារៀបការហើយចង់បានតែ «សុភមង្គល» តែម្យ៉ាងគត់។ មិនយូរទៀតទេខ្ញុំគិតថា គេនឹងធ្វើបានតាមដែលគេនិយាយជាមួយខ្ញុំ។
វាមិនមែនជាការងាយស្រួលទេដែលមនុស្ស ២នាក់ស្រលាញ់គ្នាបានយូរ ហើយដើរដល់ថ្ងៃរៀបការជាមួយគ្នាគឺមានរឿងជាច្រើនដែលត្រូវឆ្លងកាត់ អ្នកដែលមានគូទើបយល់អារម្មណ៍នេះ តែគ្រាន់តែរឿងកើតឡើងវាខុសៗគ្នា សំខាន់គឺចិត្ត និងបេះដូងត្រូវការគ្នា ហើយត្រូវហ៊ានទទួលយកចំនុចល្អ និងចំនុចអាក្រក់របស់គ្នាទៅវិញទៅមកទើបហៅថា ការស្រលាញ់ពិតប្រាកដនឹងអាចថែរក្សាគ្នាបានយូរ។
ស្រលាញ់គ្នាក្រមុំកំលោះ មានអ្នកខ្លះសើច អ្នកខ្លះយំ តែដើម្បីដើរដល់ថ្ងៃរៀបការពេញច្បាប់ យើងត្រូវបិទភ្នែកបិតត្រចៀក ធ្វើមិនដឹងធ្វើមិនលឺខ្លះក៏ល្អដែរ ព្រោះសេចក្តីសុខរបស់យើង មិនអាស្រ័យលើមាត់អ្នកដទៃទេ។ ជាចុងក្រោយសូមជូនពរអោយអ្នកដែលមានជីវិតគូស្រលាញ់គ្នាយូរក៏ដោយ ឆាប់ក៏ដោយអោយជួបតែសុភមង្គលនឹងបានរៀបការជាមួយគ្នាឆាប់»។ សារទាំងនេះបានបង្ហោះនៅថ្ងៃឡើងគេហដ្ឋានថ្មីរបស់ពួកគេ នៅជាយក្រុងភ្នំពេញ៕ (សម្រួលអត្ថបទ៖ ជាតិបុត្រ)
ហាមលួចចម្លងអត្ថបទពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត