Loading...

ក្ដុកក្ដួល! វេជ្ជបណ្ឌិតចេញពីរូងក្រោយគេ​បន្ទាប់ពីសង្គ្រោះក្មេងទាំង១៣នាក់ បែរជួបទុក្ខធំ

កាល​ពី​ថ្ងៃ​ទី ១០​កក្កដា ​មនុស្ស​ទាំង ១៣​នាក់​មាន​ក្រុម​កីឡាករ​យុវជន ១២​នាក់ ​និង​ជំនួយ​ការ​គ្រូ​បង្វឹក​ម្នាក់ ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​ចម្រុះ​ជាតិ​សាសន៍​ចំនួន ១៨​នាក់ ​ចូល​ទៅ​ជួយ​សង្គ្រោះ​ចេញ​ពី​ល្អាង​ថាំហ្លួង​បាន​ដោយ​ជោគជ័យ ​ក្រោយ​ជាប់​គាំង​អស់​រយៈ​ពេល​ជាង ២សប្ដាហ៍។

ការ​សម្រេច​ចិត្ត​ចូល​​ទៅ​សង្គ្រោះ​បាន​ទាំង​មិន​នឹក​ស្មាន​នេះ​ បាន​ចំណាយ​រយៈ​ពេល ៣​ថ្ងៃ ​ដោយ​មួយ​ថ្ងៃ​ជួយ ៤​នាក់​ និង​ចំណាយ​ពេល​ម្ដង​ប្រមាណ ៩​ម៉ោង។ ​នៅ​ល្ងាច​ថ្ងៃ​ម្សិលមិញ ជា​ពេល​វេលា​ដ៏​អស្ចារ្យ និង​រំភើប​រីករាយ​សម្រាប់​ក្រុម​គ្រួសារ​ក្មេង អាជ្ញាធរ ​ប្រជាជន​ថៃ និង​ពិភព​លោក ​ព្រោះ​ជា​ថ្ងៃ​ចុង​ក្រោយ​ដែល​ក្រុម​សង្គ្រោះ​ បាន​យក​ក្មេង​ចេញ​មក​ក្រៅ​ល្អាង​វិញ​​​ដោយ​សុវត្ថិភាព។ ​បន្ទាប់​ពី​ក្មេង​​ចេញ​មក​អស់​ ទាំង​១៣​នាក់ ​ពេល​នោះ​​នៅ​មាន​មនុស្ស ៤​នាក់​ទៀត​មិន​ទាន់​ចេញ​មក​​គឺ ​លោក​វេជ្ជបណ្ឌិត​អូស្ត្រាលី Dr. Richard Harries និង​ក្រុម​ទាហាន​ជើង​ថៃ ៣នាក់។

លោក Richard Harries ​ជា​វេជ្ជបណ្ឌិត​ស្ម័គ្រ​ចិត្ត​ម្នាក់​ចូល​នៅ​មើល​ថែ​ក្មេង​ៗ​ទាំង ១៣​នាក់ អំឡុង​ពេល​ជាប់​គាំង ហើយ​នៅ​ថ្ងៃ​សង្គ្រោះ​ចុង​បញ្ចប់ គាត់​ជា​មនុស្ស​ម្នាក់​គត់​ចេញពី​​រូង​ល្អាង​ក្រោយ​គេ​បំផុត។ ​ទោះ​ជា​​​​​ក្រោយ​គេ ​លោក​​នៅ​តែ​មាន​មនុស្ស​ជា​ច្រើន​រង់​ចាំស្វាគមន៍​​វត្តមាន​លោក​យ៉ាង​អន្ទះសា​ និង​ស្រែក​ហ៊ោ​ដោយ​ក្ដី​រំភើប​ទាំង​អស់​គ្នា។ ​ចេញ​ពី​រូង​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង ​បែរ​ជា​ទទួល​ដំណឹង​ក្ដុកក្ដួល​ក្រៃលែង ​គឺ​ឪពុក​របស់​លោក​បាន​ទទួល​មរណភាព​នៅ​មុន​នោះ​បន្តិច។

បន្ទាប់​ពី​ទទួល​ដំណឹង​ដ៏​សោកសៅ​ លោក​មិន​បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ឪពុក​លោក​ទទួល​មរណភាព​ដោយ​សារ​អ្វី​នោះ រឿង​ដែល​ត្រូវ​ធ្វើ​ គឺ​​​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​​​ឲ្យ​បាន​លឿន​បំផុត​។ លោក​ក៏​បាន​​លុប​គម្រោង​ដើរ​លំហែ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ថៃ ដែល​ជា​គម្រោង​អបអរសាទរ​ការ​យក​ក្មេង​ចេញ​ពី​ល្អាង​ដោយ​សុវត្ថិភាព​ដែរ​។

លោក Harry ​ជា​គ្រូ​ពេទ្យ​ទាហាន និង​ជា​អ្នក​ជំនាញ​មុខទឹក​ល្បី​ឈ្មោះ​លំដាប់​ពិភព​លោក​ជាង​ ៣០ឆ្នាំ​ និង​តែង​តែ​ស្ម័គ្រចិត្ត​​​ចេញ​​ទៅ​សង្គ្រោះ​មនុស្ស​ជាប់​ក្នុងរូង​ភ្នំ​​​តាម​ប្រទេស​នានា​ជុំវិញ​ពិភពលោក។ ​ការ​សង្គ្រោះ​ក្រុម​បាល់​ទាត់​ជ្រូក​ព្រៃ​​ដែល​មាន​មនុស្ស​ ១៣នាក់​នេះ ​លោក​បាន​ប្រថុយ​ជីវិត​យ៉ាង​ខ្លាំង​ចូល​ទៅ​ក្នុង​រូង​ដែល​ទឹក​ជន់​លិច​មាន​ចម្ងាយ​ប្រមាណ​ជាង ៤​គីឡូម៉ែត្រ។ លោក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ជនជាតិ​អូស្ត្រាលី ២០​នាក់​ចូល​រួម​សង្គ្រោះ​នេះ។

​Harry បម្រើ​ការ​ជា​វេជ្ជបណ្ឌិត​ឯកទេស​ស្ពឹក​នៅ​គ្លីនិក SAAS MedSTAR នៅ​ទីក្រុង Adelaide ភាគ​ខាង​ត្បូង​អូស្ត្រាលី។ លោក Harry បាន​បដិសេធ​មិន​ធ្វើ​អធិប្បាយ​ជា​មួយ​អ្នក​ព័ត៌មាន ប៉ុន្តែ​លោក Andrew Pearce ​ប្រធាន​គ្លីនិក​ខាងលើ​ ​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន ABC ​អូស្ត្រាលី​ថា «​វា​ជា​ពេល​វេលា​ដ៏​សោកសៅ​ខ្លាំង​បំផុត​ដែល​ខ្ញុំ​ប្រាប់​ថា ​ឪពុក​របស់​ Harry ​បាន​ទទួល​មរណភាព​យប់​មិញ​បន្ទាប់​ពី​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ក្មេង​នៅ​ថៃ​បាន​បញ្ចប់​ដោយ​ជោគជ័យ។ ​ដើម្បី​ជា​ការ​គោរព​ដល់​អ្នក​ស្លាប់ យើង​មិន​អាច​ប្រាប់​មូលហេតុ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានទេ។ Harry គាត់​ជា​មនុស្ស​ស្ងប់ស្ងាត់ ​ចិត្ត​ល្អ និង​ជួយ​អ្នក​ដទៃ​មិន​ដែល​ចង់​បាន​ការ​តបស្នង​សងគុណ​មក​វិញ​ទេ»។

គួរ​រម្លឹក​ថា ​កុមារ​អាយុ​ចន្លោះ​ពី ១១ ដល់ ១៦​ឆ្នាំ ​ចំនួន ១២នាក់ និង​ជំនួយ​ការ​គ្រូបង្វឹក​ម្នាក់​អាយុ ២៥ឆ្នាំ ​បាន​ជាប់​គាំង​ក្នុង​រូង​ល្អាង​ថាំហ្លួង ខេត្ត​ឈៀងរ៉ាយ ​ប្រទេស​ថៃ ​ចាប់​តាំង​ពី​ថ្ងៃ​ទី ​២៣ មិថុនា ​ដោយ​សារ​ភ្លៀង​ធ្លាក់​ ជន់​លិច​ពី​ភ្នំ​ធ្វើ​ឲ្យ​ហូរ​ចាក់​ក្នុង​ល្អាង​បិទ​ផ្លូវ​ចេញ​ចូល។ ​រហូត​ដល់​​​ថ្ងៃ​ទី ៣ ​កក្កដា ម៉ោង ៩​កន្លះ​យប់ ​អ្នក​ជំនាញ​មុជ​ទឹក​ជនជាតិ​អង់គ្លេស ២​រូប ​បាន​រក​ឃើញ​​ក្មេង​ទាំង​នោះ​មុន​គេ​ ពោល​ជាប់​បាន​រយៈ​ពេល ៩​ថ្ងៃ ​និង​ជាង ៥​ម៉ោង។

យ៉ាងណា​ក្ដី ការ​រក​ឃើញ​នេះ ​មិន​អាច​យក​ចេញ​បាន​ភ្លាម​ៗ​ទេ ​ដំបូង​គេ​គិត​ថា​ទុក​រយៈ​ពេល​ ៤​ខែ ឲ្យ​ពួក​គេ​រៀន​មុជ​ទឹក​ចេះ​ស្ទាត់​សិន​ទើប​អាច​ហែល​ចេញ​ពី​ល្អាង​បាន ​ប៉ុន្តែ​ការ​ទុក​នេះ​ប្រឈម​គ្រោះ​ថ្នាក់​ច្រើន​ដូច​ជា មេឃ​បន្ត​ភ្លៀង​ឥត​ឈប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ការ​កើន​ឡើង​កាបូនឌីអុកស៊ីត​ក្នុង​ល្អាង និង​ ​ខ្វះ​អុកស៊ីហ្សែន​ជា​ដើម។ ការ​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ​ដោយ​សារ​តែ​ខាង​ឧតុនិយម​ព្យាករណ៍​ថា នឹង​មាន​ព្យុះ​ភ្លៀង​ខ្លាំង​​ថ្មី​មួយ​នៅ​តំបន់​ភ្នំ​នេះ​ឆាប់​ៗ ​ហើយ​វា​អាច​ជន់​លិច​ទួល​មនុស្ស​ទាំង ១៣​នាក់​កំពុង​ពួន​សម្ងំ​នោះ​ថែម​ទៀត។ ដូច្នេះ​ហើយ​ទើប​ក្រុម​អ្នក​មុជ​ទឹក​បរទេស ១៣​នាក់ ​និង​ថៃ ៥​នាក់​​ចូល​ទៅ​សង្គ្រោះ​ចេញ​យ៉ាង​ប្រញាប់​តែ​ម្ដង៕ (ប្រែ​សម្រួល៖ Morningfresh)

Loading...