ក្ដៅ! ទី​បំផុត ក្មេង ១២​នាក់ និង​គ្រូ​បង្វឹក​រួច​ខ្លួន​ហើយ តែ​មនុស្ស ៤​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​រូង​ភ្នំ​នៅ​ឡើយ

តាម​ការ​ចុះ​ផ្សាយ​លើ​សារព័ត៌មាន Thairath របស់​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ក្មេង​ទាំង១២នាក់ និង​គ្រូ​បង្វឹក​ម្នាក់ ត្រូវ​​បាន​ក្រុម​អ្នក​ជួយ​សង្គ្រោះ នាំ​ចេញ​មក​ក្រៅ​អស់​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៨ នេះ។ ទោះ​បែប​នេះ​ក្ដី វេជ្ជបណ្ឌិត​ម្នាក់ និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ ៣​នាក់​ទៀត ​ដែល​នៅ​មើល​ថែ​ក្មេង​ក្នុង​រូង​ភ្នំ​អំឡុង​ពេល​រក​ឃើញ​ភ្លាមៗ​នោះ កំពុង​ស្ថិត​នៅ​ក្នុង​រូង​ភ្នំ​នៅ​ឡើយ ដោយ​រង់​ចាំ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ផ្សេង​ទៀត ទៅ​យក​ចេញ​តាម​ក្រោយ​នៅ​យប់​នេះ​ដែរ។

នៅ​ប៉ុន្មាន​នាទី​មុន​នេះ ក្មេង​ចុង​ក្រោយ​គេ​ក្នុង​ចំណោម ១២​នាក់ បូក​រួម​ទាំង​គ្រូ​បង្វឹក​ម្នាក់ ត្រូវ​បាន​ក្រុម​អ្នក​ជួយ​សង្គ្រោះ​របស់​ប្រទេស​ថៃ យក​ចេញ​មក​ដោយ​សុវត្ថិភាព។ បន្ទាប់​ពី​ពិនិត្យ​សុខភាព​រួច ក្មេង​ទី១២ និង​គ្រូ​បង្វឹក ត្រូវ​បាន​លើក​ដាក់​ឧទ្ធម្ភាគចក្រ ដើម្បី​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​ដ៏​ទំនើប នៃ​ខេត្ត​ឈៀងរ៉ៃ ជាមួយ​ក្មេង​ៗ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​បន្ត​បន្ទាប់​ពី​មុន​មក។

ទោះ​បែប​នេះ​ក្ដី បើ​តាម​ប្រភព​ព័ត៌មាន Thairath ដដែល​បាន​ឲ្យ​ដឹង​ថា វេជ្ជបណ្ឌិត​ម្នាក់ និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ ៣​នាក់ ដែល​ប្រថុយ​ជីវិត​នៅ​មើល​ថែ​មនុស្ស​ទាំង ១៣​នាក់​ក្នុង​រូង​ភ្នំ តាំង​ពី​ពេល​រក​ឃើញ​ដំបូង​នោះ កំពុង​ស្ថិត​នៅ​ក្នុង​រូង​ភ្នំ​នៅ​ឡើយ ដោយ​រង់​ចាំ​ក្រុម​ការងារ​ចូល​ទៅ​យក​តាម​ក្រោយ។ បន្ទាប់​ពី​នាំ​ខ្លួន​ចេញ​មក​ក្រៅ​វិញ វេជ្ជបណ្ឌិត និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ទាំង ៣​នាក់​នោះ ក៏​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ត្រួត​ពិនិត្យ​សុខភាព​ដែរ ព្រោះ​ល្បី​ថា​​អាច​មាន​ជំងឺ​ជាប់​ខ្លួន ក្រោយ​ចូល​ទៅ​ក្នុង​រូង​ភ្នំ​នោះ​ច្រើន​ម៉ោង។

បេសកកម្ម​ជួយ​សង្គ្រោះ​ក្មេង១២នាក់ និង​គ្រូ​បង្វឹក​ម្នាក់​ក្នុង​រូង​ភ្នំ​ថាំហ្លួង បាន​ធ្វើ​ពិភពលោក​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ក្នុង​នោះ​ដែរ ប្រទេស​នានា ដូច​ជា​ជប៉ុន អាមេរិក ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន អូស្រ្តាលី និង​អង់គ្លេស​ជា​ដើម បាន​បញ្ជូន​ក្រុម​អ្នក​ជួយ​សង្គ្រោះ​មក​កាន់​ប្រទេស​ថៃ ដើម្បី​ជួយ​រុក​រក​ក្មេង​ទាំង​អស់​នោះ។ ក្នុង​នោះ​ដែរ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ប្រើ​ប្រាស់​គ្រប់​វិធី មិន​ថា​ខួង​ភ្នំ មុជទឹក បូម​ទឹក និង​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​ដ្រូន​ទំនើប។

ក្រោយ​មក ក្រុម​អ្នក​មុជ​ទឹក​ពិសេស​របស់​ប្រទេស​អង់គ្លេស បាន​រក​ឃើញ​ថា​ក្មេង​ទាំង ១២​នាក់ ព្រម​ទាំង​គ្រូ​បង្វឹក នៅ​មាន​ជីវិត​នៅ​ឡើយ ក្រោយ​ជាប់​ក្នុង​រូង​ភ្នំ​ដោយ​សារ​ទឹក​លិច អស់​រយៈ​ពេល ៩​ថ្ងៃ។ ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​គ្រោះ​ថ្នាក់ ធ្លាក់​ខ្លួន​ស្គម​ស្គាំង សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង​ប៉ុណ្ណោះ។ នៅ​ក្នុង​រូង​ភ្នំ ៩​ថ្ងៃ ពួក​គេ​អាច​បន្ត​ជីវិត​បាន​ដោយសារ​ផឹក​តំណក់​ទឹក​ភ្លៀង និង​រង​ទុក្ខ​រងា​លើ​ទី​ទួល​មួយ​យ៉ាង​គួរ​សង្វេគ។

ក្រោយ​ពេល​សង្គ្រោះ​បាន អាជ្ញាធរ​ថៃ ត្រូវ​សង​ការ​ខូច​ខាត​ជា​ច្រើន​ដល់​កសិករ​ជុំ​វិញ​រូង​ភ្នំ ដោយ​សារ​តែ​ការ​បូម​ទឹក​ចេញ​រាប់​ម៉ែត្រ​គូប បាន​លិច​ស្រូវ​របស់​កសិករ។ លើស​ពី​នេះ អ្នក​ជួយ​សង្គ្រោះ​ម្នាក់ ត្រូវ​ពលី​ជីវិត​ក្នុង​បេសកកម្ម​ជួយ​សង្គ្រោះ​នេះ ដោយសារ​តែ​ពេល​ចេញ​មក​វិញ អស់​ខ្យល់​អុកស៊ីហ្សែន ថប់​ដង្ហើម​ស្លាប់។ ក្រៅ​ពី​នេះ ក្រុម​អ្នក​សង្គ្រោះ​របស់​ប្រទេស​ថៃ ត្រូវ​ចំណាយ​អស់​យ៉ាង​ច្រើន ក្នុង​ដំណើរ​ការ​រុក​រក​នេះ។

គួរ​បញ្ជាក់​ដែរ​ថា ក្មេង​ប្រុស​ទាំង ១២នាក់ ព្រម​ទាំង​គ្រូ​បង្វឹក​ម្នាក់ បាន​បាត់​ខ្លួន ពេល​ចូល​ទៅ​រូង​ភ្នំ​ថាំហ្លួង កាល​ពី​ថ្ងៃ​ទី២៣ ខែ​មិថុនា​កន្លង​ទៅ។ នៅ​ថ្ងៃ​កើត​ហេតុ​ខាង​លើ មាន​ភ្លៀង​ធ្លាក់​ខ្លាំង ទើប​នាំ​ឲ្យ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​សន្និដ្ឋាន​បាន​ថា ពួក​គេ​ចូល​ទៅ​រូង​ភ្នំ​លេង ស្រាប់​តែ​មាន​ភ្លៀង​ធ្លាក់ បណ្ដាល​ឲ្យ​លិច​ផ្លូវ​ចេញ​មក​វិញ។ ពួក​គេ​បន្ត​ដើរ​ទៅ​មុខ​រក​ច្រក​ចេញ​គេច​ខ្លួន រហូត​ទៅ​ជាប់​គាំង​នៅ​ទួល​មួយ​រហូត​ដល់​ថ្ងៃ​ទី ២ ខែ​កក្កដា ទើប​រក​ឃើញ​វិញ៕ ​​

ប្រែ​សម្រួល៖ ជិន ស៊ីវុត្ថា
ប្រភព៖ Thairath