មហាសេដ្ឋីពាន់លានដុល្លារចិន ជួប​ឧបទ្ទវហេតុ​ស្លាប់ ព្រោះថតរូបខុសបច្ចេកទេស

មហាសេដ្ឋី​ជនជាតិ​ចិន និង​ជា​ម្ចាស់​ក្រុម​ហ៊ុន HNA Group ​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ជួប​ឧបទ្ទវហេតុ​អំឡុងពេល​​ធ្វើ​ដំណើរ​ទស្សនកិច្ច​បែប​ជំនួញ​ក្នុង​ប្រទេស​បារាំង។ នេះ​បើ​តាម​បញ្ជាក់​របស់​ក្រុម​ហ៊ុន​លោក កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

​លោក ​វ៉ាង ជៀន (Wang Jian) អាយុ ៥៧​ឆ្នាំ ​បាន​រង​របួស​ធ្ងន់ធ្ងរ​ដោយ​សារ​ធ្លាក់​ពី​លើ​របង​ថ្ម​បុរាណ​កម្ពស់ ១៥​ម៉ែត្រ​ក្នុង​តំបន់ Provence ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង​នៅ​ថ្ងៃ​អង្គារ។ ​លោក វ៉ាង ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ចំនួន ១,៧​ពាន់​លាន​​ដុល្លារ​អាមេរិក បើ​តាម​គេហទំព័រ Forbes ​គឺ​ជា​បុគ្គល​សំខាន់​ម្នាក់​ក្នុង​ការ​ពង្រីក​ខ្លួន​របស់​ក្រុម​ហ៊ុន HNA ​ឲ្យ​មានសក្ដានុពល​​នៅ​ទូទាំង​ប្រទេស​សព្វ​ថ្ងៃ។

ក្រុមហ៊ុន HNA គឺ​ជាម្ចាស់​ជើង​ហោះហើរ Hainan Airline ​ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​លំដាប់​ទី​៤ ​របស់​ចិន និង​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឯក​ជន​ធំ​បំផុត​នៅ​ចិន។ លោក វ៉ាង ​បាន​កាន់​កាប់​ភាគ​ហ៊ុន​ក្រុមហ៊ុន​ចំនួន ១៥​%។

​ចំពោះ​ដំណើរ​ដើម​ទង​នៃ​ការ​ធ្លាក់​ពី​លើ​របង​ថ្ម គឹ​ពេល​ដែល​គាត់​ឈរ​នៅ​ចែង​របង​ឲ្យ​គ្រួសារ​ថត​រូប​ឲ្យ​គាត់ ​ព្រោះ​ឃើញ​ទេសភាព​ព្រៃ​ឈើ​ស្រស់​ស្អាត ​ពេល​នោះ​គាត់​មិន​ប្រយ័ត្ន​ក៏​រអិល​ជើង​ធ្លាក់​នៅ​ក្រោម​ដែល​មាន​ថ្ម​រាប​ស្មើ​តែ​ម្ដង។ ​សាក្សី​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក​បាន​រៀប​រាប់​ថា ​លោក​ វ៉ាង ​បាន​ហក់​ឡើង​ជញ្ជាំង​ថ្ម​តូច​មួយ ​ពេល​ឡើង​ទៅ​កម្សាន្ត​ភូមិ​ Bonnieux ដែល​មាន​ដី​ខ្ពស់ អាច​មើល​ទេសភាព​​ស្រលះ​ភ្នែក។

បើ​យោង​ទៅ​តាម​ក្រុមហ៊ុន​របស់​គាត់​ប្រាប់​ថា ​លោក វ៉ាង ​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យាល័យ​អាកាសចរណ៍​ចិន Civil Aviation University of China ​និង​ទទួល​បាន​សញ្ញាបត្រ MBA ​ពី​សាកល​វិទ្យាល័យ Maastricht School of Management នៅ​ប្រទេស​ហូឡង់​ថែម​ទៀត។ ​ក្រុម​ហ៊ុន​ HNA ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ដំបូង​ក្នុង​ឆ្នាំ ១៩៩៣ ​នៅ​ភាគ​ខាង​ត្បូង​កោះ Hainan ​និង​បាន​ពង្រីក​ខ្លួន​ទៅ​ជា​ក្រុម​ហ៊ុន​ហិរញ្ញវត្ថុ ​សណ្ឋាគារ ​និង​ក្រុមហ៊ុន​ជំនួញ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​មាន​បុគ្គលិក​ជាង ៤០​ម៉ឺន​នាក់​នៅ​ទូទាំង​ពិភព​លោក៕ (ប្រែ​សម្រួល៖ បុត្រា)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!