Loading...

ឃើញ​រូប​អាវ​ស្អាត ផ្អើល​ចង់​ទិញ​ទាំង​តម្លៃ​ថ្លៃ​កប់ តែ​បើ​ឃើញ​ផ្ទាល់​វិញ​ស្ទើរ​ដាច់​ផ្ងារ

ប៉ុន្មាន​ថ្ងៃ​នេះ មាន​ការ​ចែក​រំលែក​ជា​ច្រើន​ដង រូប​អាវ​បុរស​មួយ​ប្រភេទ ដែល​មើល​ទៅ​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង និង​មាន​ភាព​ទាក់​ទាញ រហូត​នារី​មួយ​ចំនួន​ចង់​ទិញ​ឲ្យ​បុរស​ជា​ទី​ស្រលាញ់​ទៀត​ផង។ ប៉ុន្តែ​អ្នក​ទិញ​ហើយ​មួយ​ចំនួន មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​យក​មក​ពាក់​លើ​ខ្លួន មិន​ស្អាត​ដូច​ក្នុង​រូប​បង្ហោះ​ឡើយ ចំណែក​តម្លៃ​ក៏​ថ្លៃ​ទៀត ពោល​គឺ​មាន​ជាង ១០​ដុល្លារ រហូត​ដល់ ២៣​ដុល្លារ។

បើ​តាម​អ្នក​ដែល​ទិញ​រួច​នោះ បាន​ឲ្យ​ដឹង​ថា អាវ​នេះ​មាន​តម្លៃ ២៣​ដុល្លារ ហើយ​មាន​លក់​តាម​អន​ឡាញ​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ពោល​គឺ​នៅ​វិបសាយ​លក់​ទំនិញ​អន​ឡាញ​របស់​ប្រទេស​ចិន។ ដោយសារ​ឃើញ​រូប​ស្អាត ទើប​គេ​ហ៊ាន​ចំណាយ​លុយ​កុម្ម៉ង់​តាម​អនឡាញ​យក​មក​សាក​មើល ប៉ុន្តែ​អ្វី​ៗ​ហាក់​ផ្ទុយ​ស្រឡះ​ខុស​ការ​គិត ធ្វើ​ឲ្យ​អ្នក​ទិញ​ហើយ​ហួស​ចិត្ត​យ៉ាង​ខ្លាំង និយាយ​ក៏​មិន​ចេញ។

បើ​តាម​រូបភាព​ដែល​បង្ហោះ​លក់​តាម​អនឡាញ ឃើញ​ថា​អាវ​នោះ​ស​លាយ​ទឹក​សមុទ្រ មើល​ទៅ​រលោង​ស្អាត​គួរ​ឲ្យ​ចង់​យក​មក​ពាក់។ ប្រសិន​បើ​ស្រមៃ​ថា បុរស​ពាក់​អាវ​នោះ រួច​មូល​ដៃ​ឡើង ដោយ​មាន​ពាក់​អាវ​ក្នុង​ផង ប្រាកដ​ជា​សង្ហា​ខ្លាំង។ ប៉ុន្តែ​អាវ​ពិត ដែល​ទិញ​តាម​អន​ឡាញ​នោះ មិន​មាន​សភាព​ភ្លឺ​ស្អាត​ដូច​ក្នុង​រូប​ទេ ហើយ​​ក្រណាត់​ទៀត​សោត​ឡើង​ទក់​ខុស​ពី​រូប​ភាព​ដែល​បង្ហោះ។

ទោះ​បែប​នេះ​ក្ដី មិន​មាន​ប្រភព​បញ្ជាក់​ថា តើ​អាវ​ខាង​លើ​នេះ ជា​ផលិត​ផល​របស់​ប្រទេស​ចិន ឬ​យ៉ាង​ណា​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត អាវ​នេះ អាច​មាន​គេ​ក្លែង​បន្លំ ដោយ​យក​ក្រណាត់​អន់​មក​លក់ ក្រោយ​ពេល​ដែល​វា​ល្បី​ខ្លាំង​លើ​បណ្ដាញ​សង្គម។ ក្រោយ​ពេល​ឃើញ​រូបភាព​ដែល​បង្ហោះ​នោះ​ហើយ មនុស្ស​ជា​ច្រើន ចាប់​ផ្ដើម​ខក​ចិត្ត និង​ប្ដូរ​គំនិត លែង​ចង់​ទិញ​វិញ ព្រោះ​អាវ​ពិត​ប្រាកដ​មិន​គួរ​ឲ្យ​ចង់​ពាក់​ឡើយ។

ការ​ទិញ​ទំនិញ​អនឡាញ ពិត​ជា​មាន​ភាព​ងាយ​ស្រួល​នា​ពេល​បច្ចុប្បន្ន​នេះ ប៉ុន្តែ​ក៏​ជួប​ហានិភ័យ​ណាស់​ដែរ ព្រោះ​ទំនិញ​មិន​មែន​សុទ្ធតែ​ដូច​របស់​ប៉ាន់​ដែល​បង្ហោះ​ទាំង​អស់​នោះ​ទេ។ ជា​ពិសេស គឺ​សំលៀក​បំពាក់​តែ​ម្ដង ព្រោះ​ជួន​កាល​គេ​គ្រាន់​តែ​ថត​របស់​ល្អ​បង្ហាញ រួច​យក​របស់​ដែល​មិន​ល្អ​ជូន​អ្នក​ទិញ ពេល​មាន​គេ​កុម្ម៉ង់​ច្រើន។ ដូច​នេះ ពេល​សម្រេច​ចិត្ត​ទិញ​ទំនិញ​អន​ឡាញ គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ។

ធ្វើ​ដូច​ម្ដេច ដើម្បី​ទិញ​បាន​របស់​ល្អ​តាម​អន​ឡាញ? អ្វី​ដែល​អ្នក​គួរ​ធ្វើ គឺ​គួរ​ពិនិត្យ​ទំនិញ តាម​រយៈ​រូប​ភាព​នោះ ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ជា​មុន​សិន មុន​ពេល​ទាក់​ទង​ទៅ​កាន់​អ្នក​លក់ តាម​រយៈ ឆាត ឬ​ទូរសព្ទ។ បន្ទាប់​មក អាន​ឲ្យ​បាន​ច្បាស់ ថា​ទំនិញ​នោះ មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ហើយ​ពិនិត្យ​មើល​ថា​វា​មាន​ការ​ពិពណ៌នា​ច្បាស់​លាស់​កម្រិត​ណា។

បន្ទាប់​ពី​ត្រូវ​ចិត្ត​អស់​ហើយ អាច​ទាក់​ទង​ទៅ​កាន់​អ្នក​លក់​សួរ​បញ្ជាក់​ម្ដង​ទៀត តើ​គេ​មាន​រៀប​រាប់​ដូច​នៅ​លើ​រូប​ឬ​ទេ។ អ្វី​ដែល​ប្រាកដ​មែន​ទែន​នោះ គឺ​សុំ​រូប​ភាព​ដែល​គេ​ថត​ភ្លាមៗ លើ​ទំនិញ​មាន​ជាក់​ស្ដែង រួច​យក​មក​ប្រៀប​ធៀប​នឹង​រូប​បង្ហោះ ថា​ដូច​គ្នា​ឬ​ទេ។ ម្យ៉ាង​វិញ​ទៀត ការ​ទិញ​ទំនិញ​អន​ឡាញ អាច​ធ្វើ​ឲ្យ​អ្នក​លក់​កាប់​យក​លុយ​ឆៅៗ ដូច​នេះ​គួរ​ឆែក​មើល​ឲ្យ​បាន​ច្រើន​សិន មុន​សម្រេច​ចិត្ត​យក​ទំនិញ​នោះ៕

ឃើញ​ហើយ នៅ​ស្រលាញ់ ចង់​បាន​ទៀត​ទេ? 

អត្ថបទ៖ ជិន ស៊ីវុត្ថា 

Loading...