ទាហាន​អាមេរិក​ប្រើ​ដ្រូន​ពិសេស​ស្កេន​រូប​ភ្នំ ជួប​រឿង​ល្អ ឯ​រថយន្ត​ពេទ្យ​តម្រៀប​គ្នា​ត្រៀម​ជា​ស្រេច

នៅ​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ កង​កម្លាំង​​ពិសេស​របស់​សហរដ្ឋអាមេរិក ដែល​ចូល​រួម​ជួយ​រុក​រក​ក្មេង​ថៃ​បាត់​ខ្លួន បាន​ប្រើ​ដ្រូន​ស្កេន​រូង​ភ្នំ​ទាំង​មូល ដើម្បី​ឃើញ​ស្ថានភាព​ជាក់​ស្ដែង។ បន្ទាប់​ពី​ស្កេន​រួច ក្រុម​អ្នក​មុជ​ទឹក​របស់​សហរដ្ឋ​អាមេរិក នឹង​ចូល​ទៅ​ឲ្យ​ដល់​ទី​តាំង​តែ​ម្ដង ហើយ​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ជួយ​សង្គ្រោះ​ក្មេង​ទាំង​អស់​នៅ​ថ្ងៃ​នេះ ប្រសិន​បើ​គ្មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទេ​នោះ។ ចំណែក​នៅ​ខាង​ក្រៅ​រូង​ភ្នំ រថយន្ត​ពេទ្យ​ជា​ច្រើន​គ្រឿង បាន​តម្រៀប​គ្នា​ត្រៀម​ជា​ស្រេច​ហើយ។

​នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ កង​កម្លាំង​របស់​សហរដ្ឋអាមេរិក បាន​ប្រើ​បច្ចេកវិទ្យា​ពិសេស និង​បង្ហោះ​ដ្រូន ស្កេន​រូង​ភ្នំ​ទាំង​មូល ដើម្បី​ជួយ​សង្គ្រោះ​ក្មេង១២នាក់ និង​គ្រូ​ម្នាក់​ចេញ​ពី​រូង​ភ្នំ​មក​វិញ ក្រោយ​បាត់​ខ្លួន​អស់ ៩​ថ្ងៃ​មក​ហើយ​នោះ។ បន្ទាប់​ពី​ស្កេន​រួច និង​យក​រូប​ភាព​មក​ផ្គុំ​គ្នា ទាហាន​អាមេរិក បាន​ទទួល​សញ្ញា​វិជ្ជមាន​ច្រើន ព្រោះ​មើល​តាម​ស្ថានភាព​ជាក់​ស្ដែង គឺ​មាន​កន្លែង​ដែល​ក្មេង​ទាំង​នោះ​អាច​ជ្រក​ខ្លួន​បាន។

ទោះ​បែប​នេះ​ក្ដី ក្រុម​អ្នក​ជំនាញ​មុជ​ទឹក និង​ទាហាន​របស់​សហរដ្ឋ​អាមេរិក នៅ​មិន​ទាន់​អាច​ចូល​ទៅ​ដល់​ទី​តាំង​ចុង​ក្រោយ ដែល​គេ​គិត​ថា​ក្មេង​ទាំង​អស់​នៅ​ទី​នោះ​បាន ព្រោះ​តែ​ស្ថានភាព​ស្មុគស្មាញ ក្រោយ​ភ្លៀង​ធ្លាក់​លិច​រូង​ភ្នំ​នោះ។ នៅ​រសៀល​នេះ ក្រុម​ទាហាន​អាមេរិក នឹង​បង្ហោះ​ដ្រូន​ម្ដង​ទៀត ដើម្បី​សម្គាល់​ទី​តាំង​ជាក់​លាក់ ហើយ​បញ្ជូន​ក្រុម​អ្នក​មុជ​ទឹក​ចូល​ទៅ​តែ​ម្ដង ដោយ​សង្ឃឹម​ថា​នឹង​អាច​រក​ឃើញ​នៅ​ថ្ងៃ​នេះ។

បើ​តាម​អាជ្ញាធរ​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​ថា ដំណឹង​ទទួល​បាន​ពី​ទាហាន​អាមេរិក គឺ​ពួក​គេ​ប្រើ​ដ្រូន​បង្ហោះ​ថត​រូប​ល្អាង​ភ្នំ​ថាំហ្លួង​ទាំង​មូល ព្រម​ទាំង​វិភាគ​លើ​កម្ដៅ ដង្ហើម​ក្នុង​រូង​ភ្នំ បូក​រួម​ទាំង​ឧបករណ៍​អេឡិចត្រូនិក​​ផង រក​ឃើញ​ថា​មាន​ជីវិត​នៅ​ក្នុង​រូង​ភ្នំ​នោះ។ បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ជាក់​លាក់​ម្ដង​ទៀត ដោយ​មាន​ជំនួយ​ពី​ក្រុម​អ្នក​មុជ​ទឹក​ជប៉ុន និង​ជាតិ​សាសន៍​ដទៃ​ផង គេ​សង្ឃឹម​ថា​នឹង​មាន​ដំណឹង​ល្អ​ឆាប់​ៗ​នេះ។

ដោយសារ​ទទួល​បាន​ដំណឹង​វិជ្ជមាន​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​អាមេរិក អាជ្ញាធរ​ថៃ បាន​ចាប់​ផ្ដើម​ដាក់​បន្ថែម​រថយន្ត​ពេទ្យ​រង់​ចាំ​សង្គ្រោះ និង​បើក​ផ្លូវ​ចាំ​ជា​ស្រេច។ នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​កក្កដា នេះ អាជ្ញាធរ​បាន​សម្រេច​ចិត្ត​អូស​ឡាន​ណា​ដែល​គ្មាន​ពាក់​ព័ន្ធ​នឹង​ការងារ​ចេញ​ពី​ផ្លូវ ដើម្បី​បើក​ផ្លូវ​ឲ្យ​រថយន្ត​ពេក​ចេញ​ទៅ​បន្ទាន់ ករណី​ប្រទះ​ឃើញ​មនុស្ស​ទាំង១៣​នាក់​នៅ​ថ្ងៃ​នេះ ព្រោះ​ទាហាន​អាមេរិក​ជិត​ឈាន​ដល់​ដំណាក់​ទី៣ ដែល​ជា​ដំណាក់​ចុង​ក្រោយ​ទៅ​ហើយ។

គួរ​បញ្ជាក់​ថា​រូង​ភ្នំ​ថាំហ្លួង​នេះ មាន​ប្រវែង​ជិត ១០​គីឡូម៉ែត្រ ស្ថិត​នៅ​ខេត្ត​ឈៀងរ៉ៃ ប្រទេស​ថៃ។ រូង​ភ្នំ​នេះ​ចែក​ចេញ​ជា ៣​ដំណាក់។ ក្រុម​អ្នក​រុក​រក​បាន​ឆ្លង​ផុត​ដំណាក់​ទី១ និង​ទី២ ដោយ​ព្យាយាម​ចូល​ទៅ​ដំណាក់​ទី៣ ជា​ដំណាក់​ចុង​ក្រោយ ហើយ​សង្ឃឹម​ថា​ក្មេង​ទាំង​អស់​កំពុង​ជ្រក​នៅ​ទី​នោះ។ ទោះ​បែប​នេះ​ក្ដី ភ្លៀង​ធ្លាក់​ជា​ឧបសគ្គ​ធំ​បំផុត ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​មុជ​ទឹក​ពិបាក​ឆ្លង​ចូល​ដំណាក់​ទី៣​នោះ។

បើ​តាម​ការ​សន្និដ្ឋាន ក្មេងៗ​ជា​កីឡាករ​ទាំង១២នាក់ ព្រម​ទាំង​គ្រូ​បង្វឹក​ម្នាក់ បាន​ចូល​ទៅ​រូង​ភ្នំ​ខាង​លើ ក្រោយ​ពេល​ហ្វឹកហាត់​ចប់។ គាប់​ជួន​ពេល​នោះ ភ្លៀង​ធ្លាក់​ខ្លាំង បណ្ដាល​ឲ្យ​ទឹក​ជន់​ឡើង លិច​ផ្លូវ​ចេញ​មក​វិញ។ ស្ថានភាព​នេះ បង្ខំ​ឲ្យ​ពួក​គេ​ដើរ​ទៅ​មុខ​រក​ច្រក​ចេញ រហូត​ជ្រុល​ខ្លួន​កាន់​តែ​ជ្រៅ និង​វង្វេង​បាត់​នៅ​ក្នុង​នោះ​តែ​ម្ដង។ នៅ​មាត់​ច្រក​ចូល មាន​បន្សល់​ទុក​កង់ ស្បែក​ជើង កាតាប និង​សម្ភារៈ​កីឡា​មួយ​ចំនួន។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ក្រុម​អាជ្ញាធរ​ថៃ ក៏​បាន​បណ្ដែត​អាហារ​តាម​ខ្សែ​ទឹក ចូល​ទៅ​ក្នុង​រូង​ភ្នំ ដោយ​មាន​សង្ឃឹម​ថា​ក្មេង​ទាំង​នោះ​អាច​ទទួល​បាន។ លើស​ពី​នេះ អាជ្ញាធរ​បាន​សរសេរ​សំបុត្រ ដាក់​ដែក​កេះ ទាន និង​ទូរសព្ទ ចូល​ទៅ​ជាមួយ​ផង​ដែរ ក្រែង​ពួក​គេ​អាច​ប្រើ​ប្រាស់​សម្រាប់​ទាក់​ទង​មក​អ្នក​ខាង​ក្រៅ។ ក្រុម​គ្រួសារ និង​អាជ្ញាធរ​នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា ពួក​គេ​ទាំង១៣នាក់​នៅ​មាន​ជីវិត​នៅ​ឡើយ៕

ប្រែសម្រួល៖ ជិន ស៊ីវុត្ថា ​

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!