បុរស​​ម្នាក់​រត់​​មក​ប្រាប់​អាថ៌កំបាំង​ក្នុង​រូង​ភ្នំ​ដែល​ខ្លួន​ធ្លាប់​ជាប់​កាល​ពី​ក្មេង ខណៈ​ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​សញ្ញា​បន្សល់​ទុក

កីឡាករ​វ័យ​ក្មេង ១២​នាក់ និង​គ្រូ​បង្វឹក​​ម្នាក់ បាន​បាត់​ខ្លួន​ក្នុង​រូង​ភ្នំ​អស់​រយៈ​ពេល ៨​ថ្ងៃ​ហើយ ដែល​ធ្វើ​ឲ្យ​រំជើប​រំជួល​ពេញ​ប្រទេស​ថៃ។ ក្រុម​អ្នក​ស្រាវជ្រាវ​ចម្រុះ​ជាតិ​សាសន៍​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​សស្រាក់​សស្រាំ​រុក​រក​ជីវិត​មនុស្ស​ទាំង ១៣​នាក់ រហូត​​ឈាន​ទៅ​ដល់​ការ​ខួង​ភ្នំ​ផង​ដែរ។ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បុរស​វ័យ​ ៤០​ឆ្នាំ​ម្នាក់ បាន​ប្រញាប់​ប្រញាល់​មក​ប្រាប់​ពី​ដំណើរ​រឿង​រ៉ាវ​ចម្លែក​​ដែល​ខ្លួន​ធ្លាប់​ជួប​នៅ​ក្នុង​រូង​ភ្នំ​កាល​ពី​ក្មេង។

លោក Sirimongkol Chum Mongkol ដែល​កំពុង​រស់​នៅ​ភូមិ​ដយស៊ូថេប ខេត្ត​ឈៀងរ៉ៃ បាន​តាម​ដាន​ពី​ហេតុការណ៍​បាត់​មនុស្ស ១៣​នាក់​ជាប់​រហូត ហើយ​មាន​អារម្មណ៍​ថា​ព្រួយ​បារម្ភ​ខ្លាំង ព្រោះ​ច្រើន​ថ្ងៃ​ហើយ​នៅ​តែ​រក​មិន​ឃើញ។ ដោយ​នៅ​មិន​សុខ បុរស​រូប​នេះ​​ក៏​បាន​សម្រេច​ចិត្ត ធ្វើ​ដំណើរ​មក​កាន់​រូង​ភ្នំ​ថាំហ្លួង ខេត្ត​ឈៀងរ៉ៃ ដើម្បី​ជួប​អាជ្ញាធរ ហើយ​រៀប​រាប់​ប្រាប់​ដំណាល​រឿង​ដែល​ខ្លួន​កើត​មាន​ចំពោះ​ខ្លួន​កាល​នៅ​ក្មេង។

បើ​តាម​ការ​រៀប​រាប់ Sirimongkol Chum Mongkol បាន​ឲ្យ​ដឹង​ថា លោក​មាន​ស្រុក​កំណើត​នៅ​​ភូមិ​បានពុង ស្រុក​ម៉ាយសៃ ខេត្ត​ឈៀរ៉ៃ នេះ។ កាល​ពី ៣០​ឆ្នាំ​មុន ពោល​គឺ​នៅ​ពេល​​ដែល​លោក​មាន​វ័យ​ប្រមាណ​ជាង ១០​ឆ្នាំ លោក និង​ក្មេង ៤ ទៅ ៥​នាក់​ទៀត បាន​នាំ​គ្នា​ចូល​ទៅ​លេង​រូង​ភ្នំ​កើត​ហេតុ​ខាង​លើ។ ស្រប​ពេល​នោះ ស្រាប់​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ទឹក​បាន​ជន់​ឡើង​បិទ​ច្រក​ចេញ​មក​វិញ​មិន​រួច។

ដោយ​ឃើញ​ទឹក​ហូរ​ចូល​បែប​នេះ ពួក​គេ​បាន​រត់​ចូល​ទៅ​ក្នុង​បន្ត​ទៀត ហើយ​ចេះ​តែ​រត់​ចូល​ជ្រៅ​ទៅៗ ។ កំពុង​ភ័យ​ខ្លាច​ខ្លាំង ស្រាប់​តែ​មាន​មនុស្ស​ចំណាស់​ម្នាក់​បង្ហាញ​ខ្លួន ប្រាប់​ពួក​គេ​ថា មាន​ច្រក​តូច​មួយ​អាច​គេច​ចេញ​បាន​នៅ​កៀន​ម្ខាង​នៃ​ល្អាង​ភ្នំ។ លោក និង​ក្មេង​ឯ​ទៀត ក៏​បាន​ចេញ​ទៅ​តាម​ការ​បង្ហាញ​នោះ ហើយ​បាន​រួច​ខ្លួន​ចេញ​ពី​រូង​ភ្នំ ដែល​កំពុង​មាន​ទឹក​ជន់​ឡើង មិន​អាច​បក​ក្រោយ។

ឆ្លង​កាត់​តាម​បទ​ពិសោធន៍​នេះ លោក​ជឿ​ថា ក្មេង​ទាំង​នោះ មាន​សុវត្ថិភាព​នៅ​ឡើយ ហើយ​កំពុង​ដើរ​រក​ច្រក​ចេញ​មក​វិញ គ្រាន់​តែ​មិន​ទាន់​ប្រទះ។ បើ​តាម​ការ​បញ្ជាក់​របស់​លោក Sirimongkol Chum Mongkol ច្រក​តូច​នោះ​អាច​នៅ​ម្ដុំ​ឆ្នេរ​ប៉ាតាយ៉ា ប៉ុន្តែ​លោក​ចង​ចាំ​មិន​ច្បាស់​ឡើយ ព្រោះ​រំលង​ផុត​ទៅ​យូរ​ពេក។ យ៉ាង​ណា​ក្ដី អាជ្ញាធរ​បាន​កំណត់​ពេល​ជួប​បុរស​ខាង​លើ​ម្ដង​ទៀត ដើម្បី​បញ្ជាក់​កាន់​តែ​ច្បាស់ ជុំ​វិញ​បទ​ពិសោធន៍​ក្នុង​រូង​ភ្នំ ដើម្បី​ជួយ​ក្មេង​ទាំង​នោះ។

គួរ​បញ្ជាក់​ថា ពី​មុន​មក​ក៏​មាន​បុរស​ម្នាក់ បាន​អះ​អាង​ថា ធ្លាប់​បាត់​ខ្លួន​ក្នុង​រូង​ភ្នំ​ខាង​លើ​នេះ​ដែរ ប៉ុន្តែ​បង្ហាញ​ខ្លួន​នៅ ៣​ខែ​បន្ទាប់។ រឿងរ៉ាវ​នោះ បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៦ នៅ​ពេល​ដែល​បុរស​ម្នាក់ បាន​យក​កង់​ទៅ​ផ្ញើ​អ្នក​លក់​ជិត​នោះ រួច​ប្រាប់​ថា​ចូល​ទៅ​ល្អាង​ភ្នំ​រក​កន្លែង​សមាធិ។ ដោយសារ​បាត់​យូរ​ពេក អាជ្ញាធរ​ចាប់​ផ្ដើម​តាម​ស្វែង​រក ប៉ុន្តែ​គ្មាន​ដំណឹង​ឡើយ។ ស្រាប់​តែ​៣​ខែ​ក្រោយ បុរស​ដែល​បាត់​ខ្លួន​នោះ បាន​បង្ហាញ​ខ្លួន​យ៉ាង​ភ្ញាក់​ផ្អើល ទៅ​សុំ​គេ​ស្នាក់​នៅ​យ៉ាង​ចម្លែក​បំផុត។

តាម​ការ​រៀប​រាប់​ប្រាប់​ប៉ូលិស បុរស​នោះ បាន​និយាយ​ថា ពេល​ចូល​ទៅ​ក្នុង​រូង​ភ្នំ ស្រាប់​តែ​មាន​ទឹក​ជន់​ឡើង​បិទ​ផ្លូវ​បាត់ ហើយ​មិន​អាច​ចេញ​ក្រៅ​ទាន់​ពេល​វេលា ក៏​ជាប់​នៅ​ក្នុង​រូង​ភ្នំ​នោះ​តែ​ម្ដង។ ក្រោយ​មក គេ​បាន​ព្យាយាម​រក​ផ្លូវ​ចេញ​វិញ ៣​ខែ ទើប​អាច​ចេញ​ផុត។ ទោះ​បែប​នេះ​ក្ដី មិន​មាន​ព័ត៌មាន​បញ្ជាក់​ច្បាស់​ថា រឿង​រ៉ាវ​នោះ​កើត​ឡើង​ពិត ឬ​យ៉ាង​ណា​នោះ​ទេ។

រំលឹក​ដែរ​ថា ការ​បាត់​ក្មេង ១២​នាក់ រួម​ទាំង​គ្រូ​បង្វឹក បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ បើ​តាម​ការ​សន្និដ្ឋាន ពួក​គេ​បាន​នាំ​គ្នា ចូល​ទៅ​លេង​ក្នុង​រូង​ភ្នំ​ខាង​លើ​នេះ ក្រោយ​ពេល​ហ្វឹកហាត់​ចប់។ ប៉ុន្តែ​នៅ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង បណ្ដាល​ឲ្យ​ជន់​លិច​ទឹក ទើប​ចេញ​មក​វិញ​មិន​រួច ហើយ​ចេះ​តែ​ដើរ​ទៅ​មុខ​ទៀត​រក​ច្រក​ចេញ។ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​នៅ​តែ​មិន​ទាន់​អាច​កំណត់​ទី​តាំង​ក្មេង​ទាំង​នោះ​បាន។


សមត្ថកិច្ច បាន​រក​ឃើញ​កង់​បញ្ឈរ​ចោល​មាត់​ច្រក​ចូល ស្បែក​ជើង​កីឡា និង​កាតាប​ស្ពាយ ដែល​ពួក​គេ​ទុក​ចោល​មុន​ពេល​ហេតុ។ ក្រោយ​ពេល​ក្រុម​អ្នក​ស្រាវជ្រាវ ចូល​ទៅ​កាន់​តែ​ជ្រៅ​បន្តិច ស្រាប់​តែ​ប្រទះ​ឃើញ​ស្បែក​ជើង ដែល​ពួក​គេ​ដោះ​​ទុក​ធ្វើ​ជា​សញ្ញា​ព្រួញ បង្ហាញ​ថា​ពួក​គេ​កំពុង​ដើរ​ទៅ​មុខ ប៉ុន្តែ​មិន​អាច​រក​ទីតាំង​ចេញ​វិញ​បាន។ ពេល​នេះ ក្រុម​អ្នក​ស្រាវជ្រាវ មាន​ទាំង​អាមេរិក ជប៉ុន អូស្ត្រាលី ឡាវ អាល្លឺម៉ង់ អង់គ្លេស កំពុង​រួម​គ្នា​ជួយ​សង្គ្រោះ​ក្មេង​ទាំង​នោះ ដោយ​មាន​ការ​ខួង​ចោះ​រូង​ភ្នំ​ផង​ដែរ៕ ​

ប្រែ​សម្រួល៖ ជិន ស៊ីវុត្ថា
ប្រភព៖ Thairath

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!