កាន់​តែ​ច្បាស់! មើល​វីដេអូ​ស្ថានភាព​រូង​ភ្នំ ដែល​គេ​គិត​ថា​ក្មេង​ទាំង ១២នាក់ និង​គ្រូ មាន​ជីវិត​នៅ​​ឡើយ

គម្រប់ ៧​ថ្ងៃ​ហើយ ដែល​កីឡាករ​វ័យ​ក្មេង ១២​នាក់ និង​គ្រូ​បង្វឹក​ម្នាក់ បាន​បាត់​ខ្លួន​យ៉ាង​អាថ៌​កំបាំង​ក្នុង​រូង​ភ្នំ​នៃ​ខេត្ត​ឈៀង​រ៉ៃ របស់​ប្រទេស​ថៃ។ ក្រុម​ការងារ​ចម្រុះ​រាប់​ពាន់​នាក់ កំពុង​ស្វះ​ស្វែង​រក​គ្រប់​វិធី ដើម្បី​ជួយ​ក្មេង​ទាំង​អស់​នោះ​ចេញ​មក​វិញ ព្រោះ​ទាំង​​ក្រុម​គ្រួសារ និង​អាជ្ញាធរ​សុទ្ធតែ​គិត​ថា ពួក​គេ​ជាប់​គាំង​នៅ​ទីតាំង​ណា​មួយ​នៃ​រូង​ភ្នំ។ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់ អាជ្ញាធរ​បាន​ធ្វើ​ជា​វីដេអូ​គំរូ​មួយ បង្ហាញ​ពី​ស្ថានភាព​ក្នុង​រូង​ភ្នំ ហើយ​អ្នក​ទស្សនា​នឹង​បាន​យល់​ថា​ហេតុ​អ្វី​ពួក​គេ​ជាប់​គាំង​ក្នុង​នោះ។ (អូស​ទៅក្រោម​ផុត ដើម្បី​មើល​វីដេអូ)

បើ​តាម​វីដេអូ​ជិត ៨​នាទី ដែល​បង្ហោះ​ឡើង​ដោយ​សារព័ត៌មាន Thairath បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ស្ថានភាព​ក្នុង​រូង​ភ្នំ ហើយ​ប៉ាន់​ស្មាន​ពី​ទីតាំង​ដែល​ក្មេង​ទាំង​នោះ កំពុង​ជាប់​គាំង​ផង​ដែរ។ ក្នុង​រូង​ភ្នំ​នោះ ចែក​ចេញ​ជា ៣​ដំណាក់​ផ្សេង​គ្នា។ ដំណាក់​ទី១ គឺ​ជា​កន្លែង​ដែល​ក្មេង​តូច​ៗ​ទាំង​នោះ ទុក​កង់ និង​ស្បែក​ជើង​ចោល រួច​ដើរ​ទៅ​ផ្នែក​ខាង​ក្នុង ដែល​ភាគ​ច្រើន​ក្រាល​ដោយ​ខ្សាច់ និង​មាន​ទឹក​ខ្លះ។

គេ​បាន​ប៉ាន់​ស្មាន​ថា បន្ទាប់​ពី​ក្មេង​ទាំង​នោះ ភ្លេច​ខ្លួន​ដើរ​ចូល​ទៅ​ក្នុង​កាន់​តែ​ឆ្ងាយ ស្រាប់​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើ​ឲ្យ​ទឹក​ហូរ​ចូល​ទៅ​ក្នុង​បំពេញ​កន្លែង​នានា និង​បិទ​ផ្លូវ​ចេញ​មក​វិញ​តែ​ម្ដង។ ពេល​នោះ ពួក​គេ​ព្យាយាម​ដើរ​ទៅ​មុខ​ទៀត ឆ្លង​ផុត​ដំណាក់​ទី២ រួច​ក៏​ដើរ​ទៅ​ដល់​ដំណាក់​ទី៣ ដែល​ជា​កន្លែង​ទាល់​គ្មាន​ច្រក​ចេញ។

ពេល​នេះ ក្រុម​អ្នក​មុជ​ទឹក បាន​ព្យាយាម​ចូល​ទៅ​ដល់​ដំណាក់​ទី២ ដោយ​ប្រើ​បំពង់​ជំនួយ​អុកស៊ីហ្សែន ប៉ុន្តែ​ពួក​គេ​មិន​អាច​ចូល​ទៅ​ដល់​ដំណាក់​ទី៣ បាន​​ឡើយ នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ព្រោះ​តែ​ការ​រំខាន​ដោយ​ទឹក​ភ្លៀង និង​គ្មាន​អុកស៊ីហ្សែន​គ្រប់​គ្រាន់​ចូល​ទៅ​ដល់​នោះ។ បញ្ហា​នេះ បាន​នាំ​ឲ្យ​ពួក​គេ​ដក​ថយ​មួយ​ជំហាន មក​រក​វិធី​សាស្ត្រ​ថ្មី​ទៀត ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​កុម្ម៉ង់ដូ​ពិសេស SEAL របស់​សហរដ្ឋអាមេរិក។

បន្ថែម​ពី​លើ​នេះ រដ្ឋាភិបាល​អូស បាន​ជួយ​ឧបត្ថម្ភ​ឧបករណ៍​សំខាន់ៗ​មួយ​ចំនួន និង​បញ្ជូន​អ្នក​ជំនាញ​មក​ជួយ​ផង​ដែរ។ ក្រៅ​ពី​នេះ ប្រទេស​អាល្លឺម៉ង់ ​ឡាវ និង​អង់គ្លេស រួម​ទាំង​ប្រទេស​មួយ​ចំនួន​ទៀត បាន​ជួយ​ផ្ដល់​អ្នក​ជំនាញ​មុជ​ទឹក ដើម្បី​ជួយ​រុក​រក​អ្នក​បាត់​ខ្លួន​ទៀត​ផង។ ដោយសារ ៦​ថ្ងៃ គ្មាន​លទ្ធផល​ណា​មួយ​ជា​ដុំ​កំភួន អាជ្ញាធរ​បាន​សម្រេច​ចិត្ត ប្រើ​គ្រឿង​ចក្រ​ធំៗ ខួង​ទៅ​ទីតាំង​ដែល​ជា​ចំណុច​គួរ​ឲ្យ​សង្ស័យ​តែ​ម្ដង កាល​ពី​យប់​មិញ​នេះ។

គួរ​រំលឹក​ដែរ​ថា ក្មេង​អាយុ ១១ ទៅ ១៦​ឆ្នាំ ដែល​សុទ្ធតែ​ជា​កីឡាករ បាន​នាំ​គ្នា​ទៅ​លេង​រូង​ភ្នំ​ខាង​លើ ក្រោយ​ពេល​ហ្វឹក​ហាត់​កាល​ពី​ថ្ងៃ​សៅរ៍។ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង គ្រួសារ​ជន​រង​គ្រោះ បាន​នាំ​គ្នា​តាម​ស្វែង​រក ឃើញ​តែ​កង់ ស្បែកជើង និង​កាតាប​ស្ពាយ នៅ​មាត់​ច្រក​ចូល ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង។ ទោះ​បែប​នេះ​ក្ដី គ្រួសារ​ជន​រង​គ្រោះ នៅ​តែ​មាន​សង្ឃឹម​ថា កុមារ​ទាំង១២នាក់​ព្រម​ទាំង​គ្រូ នៅ​មាន​សុវត្ថិភាព​នៅ​ឡើយ គ្រាន់​តែ​រក​ច្រក​ចេញ​មិន​ទាន់​បាន។

គ្រូ​ទាយ និង​អ្នក​មាន​ជំនឿ ភាគ​ច្រើន​សុទ្ធតែ​គិត​ថា អ្នក​រក្សា​រូង​ភ្នំ​យក​ក្មេង​ទាំង​នោះ​ទៅ​លាក់ ព្រោះ​ពួក​គេ​ចូល​លេង​បំពាន ដោយ​គ្មាន​ការ​សុំ​អនុញ្ញាត​ជា​មុន។ ដូច​នេះ​ហើយ ទើប​មាន​ការ​ធ្វើ​ពិធី​បន្ត​បន្ទាប់​ ស្រប​ពេល​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ ក៏​ដុត​ដៃ​ដុត​ជើង ក្នុង​ការ​តាម​ស្វែង​រក​ក្មេង​ទាំង​នោះ។ ខណៈ​ពេល​នេះ ប្រជាជន​ទូទាំង​ប្រទេស​ថៃ កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​ចំពោះ​ដំណឹង​ក្មេង​ទាំង​នោះ៕ ​​​

ទស្សនាវីដេអូ ដែល​អាជ្ញាធរ​បាន​បង្កើត​ឡើង៖


ប្រែ​សម្រួល៖ ជិន ស៊ីវុត្ថា

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!