Loading...

សេដ្ឋីសួរប្រពន្ធទាំង៤ អ្នកណាព្រមស្លាប់តាមខ្លួន តែចម្លើយប្រពន្ធទី១ ធ្វើឲ្យភ្ញាក់ខ្លួនព្រើត

មហាសេដ្ឋី​ខាង​ជំនួញ​ម្នាក់ មាន​ប្រពន្ធ​ចំនួន ៤​នាក់ ហើយ​ស្រលាញ់​ប្រពន្ធ​ទី ៤ ខ្លាំងជាងគេ ព្រោះ​នាង​វ័យក្មេង សម្រស់​ស្រស់ស្អាត​ក្នុងចំណោម​ប្រពន្ធ​ទាំង ៤​នាក់​។ សេដ្ឋី​តែងតែ​ផ្ដល់​មាស​ប្រាក់​យ៉ាងច្រើន​ដើម្បី​ឲ្យ​នាង​រស់នៅ​ស្រួល មាន​ផា​សុកភាព​។​

​ឯ​ប្រពន្ធ​ទី​៣ ក៏​សេដ្ឋី​គោរព​ស្រលាញ់​ខ្លាំង​ដែរ​។ គាត់​មាន​មោទនភាព​ចំពោះ​នាង​ក្រៃលែង ព្រោះ​នាង​ក៏​មាន​សម្រស់​ស្អាត ហើយ​តែងតែ​នាំ​នាង​ទៅ​បង្អួត​មិត្ត​ភ័ក្ដិ និង​អ្នករកស៊ី​ជាមួយ​។ ទោះបីជា គាត់​សប្បាយចិត្ត​នឹង​រស់នៅ​ជាមួយ​នាង ប៉ុន្តែ​គាត់​មានកូន​ចិត្ត​តូច​មួយ​ថា នាង​ប្រាកដជា​ចាក​ចេញពី​ខ្លួន​ទៅរក​បុរស​ផ្សេង​នៅ​ថ្ងៃ​ណា​មួយ​ជាមិនខាន​។​

​ចំណែក​ប្រពន្ធ​ទី ២ គាត់​ក៏​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ និង​ស្រលាញ់​នាង​ខ្លាំង​ដែរ​។ នាង​មាន​ការអត់ធ្មត់ និង​យល់ដឹង​ច្រើន​។ រាល់ពេល​សេដ្ឋី​ជួប​បញ្ហា និង​អារម្មណ៍មិនល្អ​នៅ​កន្លែងធ្វើការ គាត់​តែងតែ​ពិភាក្សា​ជាមួយ​នាង ឲ្យ​នាង​ផ្ដល់​ដំបូន្មាន និង​ប្រឹក្សា​ជាមួយ​គាត់​ជានិច្ច​។​

​ឯ​ប្រពន្ធ​ទី ១ ឬ​ប្រពន្ធដើម​វិញ មិនសូវ​ទទួល​ការស្រលាញ់ មើលថែ និង​ផ្ដល់​តម្លៃ​ប៉ុន្មាន​ទេ ព្រោះ​នាង​មាន​វ័យ​រាង​ជ្រេ​បន្តិច សម្រស់​មិនសូវ​ស្អាត និង​ទាក់ទាញ​ដូច​ប្រពន្ធក្រោយៗ​ឡើុយ​។ ប៉ុន្តែ​នាង​ជា​ប្រពន្ធ​តែ​ម្នាក់​គត់​ដែល​ធ្វើ​កិច្ចការ​ផ្ទះ​ច្រើនជាងគេ នឿយហត់​ស្ទើរ​រាល់ថ្ងៃ តែ​មាន​ក្ដីបារម្ភ​គិតគូ និង​ស្មោះត្រង់​ជាមួយ​ស្វាមី​ជាង​គេ​បំផុត​។​

​ថ្ងៃមួយ សេដ្ឋី​បែរជា​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដែល​មិន​មាន​គ្រូពេទ្យ​ណា​អាច​ព្យាបាល​ឲ្យ​ជាសះស្បើយ​ឡើយ​។ គាត់​ដឹង​ថា ខ្លួន​មិន​អាច​រស់នៅ​យូរ​បន្ត​ទៀត​បាន​ទេ ធ្វើឲ្យ​គាត់​ចាប់ផ្ដើម​ភ័យ​ព្រួយយ៉ាង​ខ្លាំង ព្រោះ​ខ្លាច​ស្លាប់​ទៅ​មិន​មាន​អ្នក​តាម​បម្រើ​ដូច​នៅ​រស់​ទៀត​។ សេដ្ឋី​គិត​បន្តថា ”​ខ្ញុំ​មាន​ប្រពន្ធ​ដល់​ទៅ ៤​នាក់ ប៉ុន្តែ​ខ្ញុំ​ស្លាប់​ទៅ​ម្នាក់ឯង បើ​អីចឹង​មែន វា​ជា​រឿង​សោកស្ដាយ​បំផុត​ក្នុង​ជីវិត​ខ្ញុំ​”​។​

​គិត​ឃើញ​បែប​នេះ សេដ្ឋី​ក៏​ហៅ​ប្រពន្ធ​ទាំង​បួន​នាក់​ឲ្យមក​កាន់គ្រែ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​របស់​ខ្លួន​។ គាត់​បាន​ហៅ​ប្រពន្ធ​ទី ៤ មុនគេ រួច​និយាយ​ទៅកាន់​នាង​ថា “​អូន​ជា​នារី​ដែល​បង​ស្រលាញ់​ជាង​គេ​បំផុត​ក្នុង​មួយ​ជីវិត​បង ហើយ​បង​តែងតែ​ប្រគល់​អ្វីៗ​គ្រប់យ៉ាង​ដែល​អូន​ចង់បាន​។ តើ​អូន​នៅតែ​ស្ម័គ្រ​នឹង​បង​ទៀត​ទេ ពេល​បង​លាចាក​លោក​នេះ​ទៅ​?” នាង​ឆ្លើយ​ទាំង​ហួសចិត្ត​យ៉ាងខ្លី​ថា “​សូម​កុំ​ស្រមៃ​បែប​នេះ​អី​? អូន​នៅ​ក្មេង​សម្រស់​នៅបាន ប្រាកដជា​មាន​បុរស​ផ្សេង​ស្រលាញ់​អូន ហេតុ​អ្វី​ចង់​ឲ្យ​អូនស្លាប់​ជា​មួយបង​?” រួច​ក៏​ដើរចេញ​ពី​បន្ទប់​យ៉ាង​លឿន​។ ចម្លើយ​មួយ​ឃ្លា​នេះ ធ្វើឲ្យ​សេដ្ឋី​គ្រាំគ្រា​ចិត្តដូច​ត្រូវ​គេ​យក​កាំបិត​ចាក់​ចំ​ទ្រូង​។​

​សេដ្ឋី​ហៅ​ប្រពន្ធ​ទី ៣ ចូល រួច​និយាយថា “​បង​ស្រលាញ់​អូន​អស់ពី​ចិត្ត​ពី​ថ្លើម​។ បង​ជា​ស្វាមី​របស់​អូន បង​នៅរស់​មិន​បាន​យូរ​ទៀត​ទេ តើ​អូន​ព្រម​លះបង់​ជីវិត​ទៅ​ជាមួយ​បង​ទេ​”? គ្រាន់តែ​ឮ​សំណួរ​បែបនេះ នាង​ភ្ញាក់​ព្រើត ហើយ​តប​ទៅ​វិញ​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា “​មិន​អាច​ទេ​! មាន​រឿងរ៉ាវ​ជាច្រើន​ទៀត អូន​ត្រូវធ្វើ​ក្នុង​ជីវិត​នេះ​។ បើ​បង​ស្លាប់ទៅ អូន​មិន​រារែក​នឹង​រៀបការ​ជាមួយ​បុរស​ផ្សេងទៀត​ទេ​”​។ ចម្លើយ​ម្ដងនេះ បាន​ធ្វើឲ្យ​សេដ្ឋី​តូចចិត្ត​ស្រក់​ទឹកភ្នែក​ភ្លាម​ទាំង​អារម្មណ៍​អស់សង្ឃឹម​។​

​សេដ្ឋី​បាន​ហៅ​ប្រពន្ធ​ទី ២ ចូល រួច​និយាយថា “​បង​តែងតែ​សុំ​យោបល់ និង​ប្រឹក្សា​ពី​អូន​។ អូន​ជួយ​បង​គ្រប់ពេល ពេល​បង​ជួប​បញ្ហា ឥឡូវ​បង​ចង់​សុំ​ឲ្យ​អូន​ជួយ​បង​ជា​លើក​ចុងក្រោយ​។ តើ​អូន​ព្រម​នៅ​ជាមួយ​បង​ទេ ពេល​បង​លាចាក​លោក​នេះ​ទៅ​”? នាង​សម្លឹងមើល​សេដ្ឋី​ទាំង​ទឹកមុខ​ស្រងូតស្រងាត់ និង​ខឹង​តិចៗ ហើយ​ឆ្លើយ​យ៉ាង​ទន់ភ្លន់​ទៅ​វិញ​ថា “​អូន​សុំទោស​! ម្ដងនេះ​អូន​ពិតជា​មិន​អាច​ជួយ​បង​បាន​ទេ​”​។ នាង​ក្រោកឈរ រួច​ដើរ​ទម្ងន់​ជើង​ខ្លាំងៗ​ចេញពី​បន្ទប់​។ សេដ្ឋី​ចាប់ផ្ដើម​ហូរ​ទឹកភ្នែក​អស់សង្ឃឹម​មែនទែន ព្រោះ​ដឹង​ថា​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់ បាន​ចាកចេញ​ពី​ខ្លួន​ហើយ​។​

​សេដ្ឋី​បាន​ហៅ​ប្រពន្ធ​ទី ១ មកជួប​ចុងក្រោយ​គេ និង​សួរ​សំណួរ​ដដែល នាង​បាន​ឆ្លើយ​គួរឲ្យ​ភ្ញាក់ផ្អើល​ថា “​អូន​នឹង​នៅ​ជាមួយ​បង​ជា​និច្ច ទោះ​បង​ទៅដល់​ទី​ណាក៏ដោយ មិន​ថា ឋានសួគ៌ ឬ​ឋាននរក​”​។ រំពេច​នោះ សេដ្ឋី​រំជួល​ចិត្តខ្លាំង ហើយ​យក​ដៃ​ប្រពន្ធ​ដាក់​លើ​ទ្រូង​ស្រក់​ទឹកភ្នែក​ទាំង​ពីរ​នាក់​។ សេដ្ឋី​ចាប់ផ្ដើម​បង្ហាញ​អារម្មណ៍​ស្ដាយ​ក្រោយ និង​ខ្មាស​ខ្លួនឯង ចំពោះ​ប្រពន្ធ​ទី​១ ព្រោះ​មិន​បាន​ផ្ដល់​ក្ដី​ស្រលាញ់ ភាពកក់ក្ដៅ​ដូច​ប្រពន្ធក្រោយៗ​។ បើ​មាន​ជាតិ​ក្រោយ​ទៀត​មែន សេដ្ឋី​សុំ​យក​នាង​ជា​ប្រពន្ធ​តែ​ម្នាក់​គត់ និង​ផ្ដល់​សុភមង្គល​ឲ្យ​នាង​ពិតប្រាកដ​៕

​គំនិត​អប់រំ​៖ រឿង​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​។ យើង​គ្រប់គ្នា​សុទ្ធតែ​មាន​ប្រពន្ធ ៤ ដូចៗ​គ្នា តែ​សំដៅលើ​ន័យ​ផ្សេង​។ ប្រពន្ធ​ទី ៤ គឺជា​រាងកាយ​៖ យើង​បាន​ប្រឹងប្រែង និង​ចំណាយ​ប្រាក់កាស​ជាច្រើន​សម្រាប់​មើលថែ​រាងកាយ​ឲ្យ​ល្អ​។ យើង​តុបតែង​ជាមួយ​សំលៀកបំពាក់​ស្អាតៗ​ទាន់សម័យ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ប៉ុន្តែ​ទោះជា​ស្រលាញ់ ការពារ​ខ្លាំង​ប៉ុនណា ក៏​វា​មិន​អាច​នៅ​ឋិតថេរ​ជាមួយ​យើង​រហូត​ដែរ​។​

​ប្រពន្ធ​ទី ៣៖ សំដៅលើ​អំណាច ឋានៈ​ក្នុងសង្គម និង​ទ្រព្យសម្បត្តិ​។ យើង​ខិតខំ​ប្រឹងប្រែង​សឹង​មិន​ហ៊ាន​សម្រាក​ដើម្បី​រក​ទ្រព្យសម្បត្តិ និង​ឲ្យ​សង្គម​ជុំវិញ​ទទួលស្គាល់ ប៉ុន្តែ​ធាតុ​ទាំងនេះ នឹង​បាត់បង់​ទៅ​វិញ​ទាំងអស់ ពេល​យើង​ស្លាប់ទៅ​។​

​ប្រពន្ធ​ទី ២៖ តំណាង​ឲ្យ​គ្រួសារ និង​មិត្ត​ភ័ក្ដិ​។ នៅពេល​យើង​នៅរស់ មនុស្ស​ទាំងនេះ​បាន​ជួយ​ជ្រោមជ្រែង​ទំនុក​បម្រុង ឲ្យ​ពឹងពាក់ លើកទឹកចិត្ត​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​យើង​គ្រប់​គ្រា​ពេល​យើង​ត្រូវការ ប៉ុន្តែ​ពេល​យើង​ផុតរលត់​សង្ខារ​ទៅ ពួកគេ​មិន​អាច​អមដំណើរ​តាម​ជួយ​យើង​ទៀត​បាន​ទេ​។​

​ចំណែក​ប្រពន្ធ​ទី ១៖ ប្រៀប​ដូចជា​ដួងព្រលឹង ឬ​វិញ្ញាណ​។ យើង​តែងតែ​ព្រងើយកន្តើយ មិន​ដែល​មើលថែ​ផ្គាប់ចិត្ត​អ្វី​ទេ ប៉ុន្តែ​ពេល​យើង​ស្លាប់ទៅ​នៅ សល់​តែ​ព្រលឹង​នេះ​ប៉ុណ្ណោះ​។ បើ​តាម​ន័យ​សាសនា អ្វី​ដែល​យើង​អាច​យក​ទៅ​ជាមួយ និង​ជួយ​ដួងព្រលឹង​​វិញ្ញាណ​បាន​មាន​តែ​អំពើ​ល្អ ការ​សាងអំពើ​​ល្អ ការ​មិន​កាប់សម្លាប់ មាក់​ងាយ ឈ្នានីស សហាយស្មន់​ប្រពន្ធ​គេ​ប្ដី​គេ ឬ​ធ្វើឲ្យ​អ្នកដទៃ​អន្តរាយតាម​រូបភាព​ផ្សេងៗ​៕ (​ប្រែ​សម្រួល​៖​បុត្រា​, ហាម​លួច​ចម្លង​អត្ថបទ Morningfresh.news ដោយ​គ្មាន​ការអនុញ្ញាត​)​

Loading...