ម្ដាយ១៥ឆ្នាំ ទើបសម្រាលកូនរួច យកកូនទៅកប់ទាំងរស់ តែជួបហេតុមិននឹកស្មាន១

ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ និង​ខឹង​សម្បារ​ពី​មហាជន​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ចំពោះក្មេង​ស្រី​ជា​ម្ដាយ​ជនជាតិ​ប្រេស៊ីល​ម្នាក់ ដែល​​ទើប​សម្រាល​កូន​ហើយ​ភ្លាម​ៗ រួច​យក​ទៅ​កប់​ក្នុង​រណ្ដៅ​ដី​មួយ​ទំហំ​ប៉ុន​ភ្លៅ ​រហូត​មាន​ការ​ផ្អើល​ឆោឡោ​ពី​ប៉ូលិស។

​ក្រុម​ប៉ូលិស​បាន​នាំ​​គ្នាចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ​ក្រោយ​ទារិកា​នោះ​កប់​បាន ៨​ម៉ោង ​តែ​ជា​សំណាង​ល្អ​ប៉ូលិស​បាន​ជីក​កកាយ​យក​ទារក​នោះ​ចេញ​មក​វិញ ​ទើប​ឃើញ​ថា ទារក​មាន​ដង្ហើម​នៅ​ឡើយ។ ​សាច់​ញាតិ​ក្មេង​រងគ្រោះ​​បញ្ជាក់​ថា ​ទារិកា​នេះ​ត្រូវ​បាន​កប់​ដោយ​សារ ​ក្រុម​គ្រួសារ​ជឿ​ថា ​ក្មេង​នេះ​បាន​ស្លាប់​ពេល​សម្រាល។

​ប៉ូលិស​បាន​ជីក​កកាយ​តាម​រណ្ដៅ​កប់​​នៅ​ទី​ងងឹត​មួយ​មាន​តែ​ភ្លើង​ពិល និង​ប្រើ​ចប​​ចូក​ដី​ក្បែរ​ៗ​ដោយ​សង្ឃឹម​ថា នឹង​រក​ឃើញ​តែ​សព​ទារិកា ប៉ុន្តែ​បែរ​ជា​​ភ្ញាក់​ផ្អើល​​ព្រោះ​ឮ​សម្លេង​ង៉ូវៗ​ចេញ​ពី​កន្លែង​កប់។ ​ពេល​ឮភ្លាម​ ពួក​គេ​មិន​ហ៊ាន​ប្រើ​ចប់​​កាប់​ទេ ​គឺ​​​ប្រើ​ដៃទទេ​កាយ​ជាមួយ​ដី​ស្ងួត រហូត​ទាញ​ទារិកា​ចេញ​បាន​នៅ​ជម្រៅ ​៥០​សង់ទីម៉ែត្រ ​នៅ​​វេលា​ម៉ោង ១០​យប់​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

អាជ្ញាធរ​បាន​ទាញ​ចាប់​ទារិកា​​ចេញ​ពី​ក្នុង​ដី​ដោយ​មាន​ទាំង​ទង​ផ្ចិត ​និង​សភាព​ទារិកា​ព្យាយាម​ដក​ដង្ហើម​ទាំង​លំបាក​ បន្ទាប់​ពី​កប់​ក្នុង​ដី​អស់​រយៈ​ពេល​ជា​យូរ​ម៉ោង។ ​ក្រោយ​មក ​គេ​បាន​បញ្ជូន​ក្មេង​ទៅ​មន្ទីរពេទ្យ​ដោយ​បំពាក់​ខ្យល់​អុកស៊ីហ្សែន​យ៉ាង​ប្រញាប់​ប្រញាល់​បំផុត​លើ​រថយន្ត​សង្គ្រោះ​បន្ទាន់។ ​គ្រូពេទ្យ​បាន​តេស្ត និង​ស្កេន​មើល ឃើញ​សុខភាព​​ក្មេង​នៅ​ល្អ រួចផុត​ពី​គ្រោះ​ថ្នាក់​ហើយ។

​មន្ត្រី​សមត្ថកិច្ច​បាន​ក្រើន​រម្លឹក​អំពី​ឧបទ្ទវហេតុ បន្ទាប់​ពី​ទទួល​ដំណឹង​ពី​ប្រភព​អ្នក​ជិត​ខាង​ថា ​ការ​ស្លាប់​របស់​ទារក​​​ទើប​កើតទាំង​អស់​​ ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​និច្ច។ ​ពួក​គេ​បាន​ចុះ​ទៅ​ដល់​ផ្ទះ​កើត​ហេតុ​នៅ​ទីក្រុង Canarana ភាគ​កណ្ដាល​ប្រទេស ដើម្បី​ស៊ើប​អង្កេត​មើល​មូលហេតុ​​ពិត​ប្រាកដ​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់។

ទារិកា បាន​កើត​ប្រហែល​នៅ​ម៉ោង ២​រសៀល​ដោយ​ម្ដាយ​អាយុ​ទើប ១៥​ឆ្នាំ​ប៉ុណ្ណោះ​។ ​ម្ដាយ​វ័យ​ក្មេង​នេះ​បន្ថែម​ថា ​នាង​នៅ​តែ​ម្នាក់​ឯង​ពេល​ឈឺ​ពោះ​សម្រាល​កូន ហើយ​កូន​នេះ​កើត​ចេញ​លឿន​ពេក​ធ្វើ​ឲ្យ​វា​ធ្លាក់​ចុះ​ត្រូវ​នឹង​ឥដ្ឋ​បន្ទប់​ទឹក​ចំក្បាល​ដែល​ធ្លាក់​សំយុង​ចុះក្រោម។ ​គ្រូពេទ្យ​បាន​រក​ឃើញ ​ក្បាល​ទារិកា​មាន​ប្រេះ​នៅ​ពីរ​កន្លែង ​ទាម​ទារ​ឲ្យ​គ្រូ​ពេទ្យ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​នៅ​មន្ទីរ​ពេទ្យ Agua Boa Regional Hospital។

​ពេល​កើត​មក​ភ្លាម ​មិន​ឃើញ​ទារិកា​យំ ​ជីទួត​អាយុ ៥៧​ឆ្នាំ​ឈ្មោះ Amin ​ជឿ​ថា ​ចៅ​​នេះ​ស្លាប់​ហើយ​ព្រោះ​ធ្លាក់​ចំ​ឥដ្ឋ​បន្ទប់​ទឹកផង​ រួច​ហើយ​​ក្រុម​គ្រួសារ​បាន​ព្រម​ព្រៀង​គ្នា​យក​ទៅ​កប់​ដោយ​មាន​រុំ​ក្រណាត់​ខោអាវ​​នៅ​ក្រោយ​ផ្ទះ​តែ​ម្ដង៕ (ប្រែ​សម្រួល៖ បុត្រា) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Morningfresh.news ដោយ​គ្មាន​ការ​អនុញ្ញាត)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!